34 C
Phnom Penh

អ្នកវិភាគ៖ ការបោះឆ្នោត​សេរី​ត្រឹមត្រូវ​និង​យុត្តិធម៌ ទាល់តែ​មន្ត្រី​រាជការ​មិន​ចូល​សមាជិក​បក្ស​នយោបាយ

Must read

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​បាន​លើកឡើង​ថា ទាល់តែ​មន្ត្រី​រាជការ​ស៊ីវិល យោធា នគរបាល និង​មន្ត្រី​តុលាការ​មិន​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ និង​មិន​ធ្វើ​សកម្មភាព​នយោបាយ ទើប​ដំណើរការ​រៀបចំ​ការបោះឆ្នោត និង​ការបោះឆ្នោត​អាច​ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទៅ​បាន។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា ដំណើរការ​ប្រជាធិបតេយ្យ​មិន​អាច​អព្យាក្រឹត ឥត​លម្អៀង យុត្តិធម៌ និង​ស្មើភាព​គ្នា​ទៅ​កើត​ទេ បើ​មន្ត្រី​រាជការ​មួយ​នគរ​ដែល​រាស្ត្រ​ផ្តល់​បៀវត្ស​ចិញ្ចឹម និង​មាន​អំណាច​លើ​រាស្ត្រ ជា​សមាជិក​បក្ស និង​ធ្វើ​សកម្មភាព​បម្រើ​តែ​បក្ស​របស់​ពួកគេ​ទៅវិញ​នោះ។

លោក​អះអាង​ថា មន្ត្រី​រាជការ​សាធារណៈ​មានន័យ​ថា បុគ្គល​ដែល​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ ឬ​ស្ថាប័ន​តុលាការ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​លិខិត​បទដ្ឋាន​គតិយុត្តិ មិនមែន​ជា​ការ​ផ្តល់​ឋានៈ ឬ​តួនាទី​ដោយ​អ្នក​នយោបាយ​ណាមួយ​នោះ​ឡើយ ហើយ​ពួកគេ​មាន​កាតព្វកិច្ច​ថែរក្សា​សណ្ដាប់ធ្នាប់​រដ្ឋបាល​សាធារណៈ និង​រក្សា​ប្រយោជន៍​របស់​ពលរដ្ឋ​ម្ចាស់​ប្រទេស​ទូទៅ​ដោយ​មិន​ចំពោះ​នោះ​ឡើយ។

បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា ប្រទេស​ជាច្រើន​លើ​សកលលោក​បាន​អនុវត្ត​ច្បាប់​ហាមឃាត់​មន្ត្រី​រាជការ​របស់​រដ្ឋ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​នេះ ព្រោះ​ថា​នៅពេល​ដែល​ប្រជាធិបតេយ្យ​មាន​តែ​សម្បក​ក្រៅ ហើយ​មិន​មាន​ដំណើរការ​សកម្មភាព​តាម​គន្លង​រដ្ឋធម្មនុញ្ញ​នោះ អំណាច​របស់​រដ្ឋ​មិន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បម្រើ​ពលរដ្ឋ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវការ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ពេល​ខាងមុខ​នេះ។

កាលពី​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការប្រកាស​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​អាណត្តិ​ទី​៥ ដែល​ត្រូវ​កំណត់​យក​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ឆ្នាំ​២០១៨ មុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច បាន​ប្រើ​អំណាច​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ដើម្បី​បង្ខំ​ឲ្យ​មន្ត្រី​រាជការ​ស៊ីវិល​ចូលរួម​ជា​សមាជិក​បក្ស​នយោបាយ​របស់​ខ្លួន។

របាយការណ៍​ដដែល​បញ្ជាក់​ថា រយៈពេល​នៃ​ការ​កាន់​អំណាច​ជាង​បី​ទសវត្សរ៍​របស់​លោក ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា គឺ​ពឹង​ទៅលើ​កម្លាំង​មន្ត្រី​រាជការ​ទាំង​ស៊ីវិល និង​យោធា​ជា​ចម្បង​ក្នុង​ការ​គាបសង្កត់ និង​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជានិច្ច ក្នុង​នោះ​គណបក្ស​កាន់​អំណាច​តែងតែ​អះអាង​ថា ពួកគេ​មាន​សមាជិក​បក្ស​ដល់​ទៅ​ជាង ៥​លាន​នាក់​ឯណោះ ដើម្បី​ប្រកួតប្រជែង​យក​ឈ្នះ​ការ​បោះឆ្នោត​ម្តងៗ។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​បង្ហាញ​បញ្ជី​រាយនាម​មន្ត្រី​បក្ស​នយោបាយ​របស់​ខ្លួន​ជាច្រើន​ដែល​កំពុងតែ​កាន់​តួនាទី​កំពូលៗ​ក្នុង​ស្ថាប័ន​រដ្ឋ​ផង និង​មាន​តួនាទី​ជា​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ផង​ដែរ ក្នុង​នោះ​រួម​មាន​លោក ហេង សំរិន កំពុង​កាន់​តួនាទី​ប្រធាន​រដ្ឋសភា​ជាតិ​ផង និង​សមាជិក​អចិន្ត្រៃយ៍​បក្ស​កាន់​អំណាច​ផង។

បន្ថែម​ពី​នេះ​មាន​លោក សាយ ឈុំ កំពុងតែ​កាន់កាប់​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​ផង និង​ជា​អគ្គលេខាធិការ​បក្ស​កាន់​អំណាច​ផង ចំណែក​លោក ឌិត មុន្ទី គឺ​មាន​តួនាទី​ជា​ប្រធាន​តុលាការ​កំពូល​ផង និង​ជា​សមាជិក​អចិន្ត្រៃយ៍​បក្ស​កាន់​អំណាច​ផង​ដែរ។

លើស​ពី​នេះ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន ជាដើម និង​ឈ្មោះ​រដ្ឋមន្ត្រី​តាម​ក្រសួង​ស្ថាប័ន នាយកដ្ឋាន និង​អង្គភាព​របស់​រដ្ឋ​ជាច្រើន​ទៀត​ដែល​សុទ្ធសឹងតែ​ជា​សមាជិក​ជាន់ខ្ពស់​របស់​បក្ស​កាន់​អំណាច ដែល​មាន​តួនាទី​គាបសង្កត់ និង​អូសទាញ​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​អង្គភាព​នីមួយៗ​ឲ្យ​ចូល​ជា​សមាជិក​បក្ស​របស់​ខ្លួន។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា ដើម្បី​អនាគត​អំណាច​ក្នុង​ការ​ដឹកនាំ​រដ្ឋ​ទៅ​ថ្ងៃ​ទៅមុខ លោក ហ៊ុន សែន បាន​ពង្រាយ​សមាជិក​បក្ស​របស់​ខ្លួន​ឲ្យ​ចូល​គ្រប់គ្រង​តាម​ស្ថាប័ន​អំណាច​ធំៗ​ទាំង​៣ អស់​បាត់​ទៅ​ហើយ ក្នុង​នោះ​គឺ​ស្ថាប័ន​នីតិប្បញ្ញត្តិ លោក ហេង សំរិន ជា​អ្នកគ្រប់គ្រង ស្ថាប័ន​នីតិប្រតិបត្តិ លោក ហ៊ុន សែន ជា​អ្នក​គ្រប់គ្រង និង​ស្ថាប័ន​តុលាការ លោក ឌិត មុន្ទី ជា​អ្នក​គ្រប់គ្រង ខណៈ​ពួកគេ​សុទ្ធសឹងតែ​ជា​សមាជិក​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​ទាំងអស់៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

Latest article

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.