34 C
Phnom Penh

កូនស្រី​បង្កើត​របស់ «យាយ​ភូ» ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

បទវិភាគ

កូនស្រី​បង្កើត​របស់​អ្នកស្រី ជឹង សុភាព ហៅ «យាយ​ភូ» ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ វីតាល់ ហើយ​ក៏​ជា​អគ្គនាយិកា​ក្រុមហ៊ុន​ផលិត មី​ជាតិ ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»។

អ្នកស្រី ជឹង សុគន្ធាវី ជា​កូនស្រី​បង្កើត​របស់​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា គឺ​អ្នកស្រី ជឹង សុភាព ហៅ «យាយ​ភូ»។

ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ការ​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» ដល់​អ្នកស្រី ជឹង សុគន្ធាវី ធ្វើឡើង​តាម​សំណើ​របស់​លោក ហ៊ុន សែន ខណៈ​អ្នកស្រី​ធ្លាប់​ត្រូវ​បាន​ផ្តល់​គោរមងារ​ជា​ឧកញ៉ា​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។

អ្នកស្រី ជឹង សុគន្ធាវី ដែល​ជា​ភរិយា​របស់​ឧត្តមសេនីយ៍​យោធា ឡាវ វ៉ាន់ ត្រូវ​ជា​កូនប្រុស​បង្កើត​ប្រពន្ធ​មុន​របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា មុន​ពេល​លោក​បាន​ក្លាយ​ជា​ស្វាមី​លោកស្រី ជឹង សុភាព។

លោក ឡាវ វ៉ាន់ ក៏​ធ្លាប់​បាន​ទទួល​ការ​តែងតាំង​ងារ​ជា​ឧកញ៉ា កាលពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ដែរ។

ប៉ុន្តែ​ឧកញ៉ា ឡាវ វ៉ាន់ ក៏​ត្រូវ​បាន​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​វិញ ដោយ​រក្សា​ទុក​ក្របខណ្ឌ​ជា​នាយ​ទាហាន​ថ្នាក់​ឧត្តមសេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​របស់​ក្រសួង​ការពារ​ជាតិ (ឋានន្តរសក្តិ​ឧត្តមសេនីយ៍ទោ) ដោយ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៩។

បច្ចុប្បន្ន លោក​ឧត្តមសេនីយ៍​យោធា ឡាវ វ៉ាន់ មាន​មុខតំណែង​ក្នុង​ក្របខណ្ឌ​កងយោធពល​ខេមរភូមិន្ទ​ក្រសួង​ការពារ​ជាតិ គឺជា​មេបញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០។

ការ​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា​របស់​លោក ឡាវ វ៉ាន់ បាន​ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​២០១៩ បាន​បញ្ជា​ឱ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​មាន​ងារ​ជា «ឧកញ៉ា» ត្រូវ​ធ្វើ​ការ​ជ្រើសរើស​ជាបន្ទាន់ ថា​តើ​ត្រូវ​ជ្រើស​យក​ងារ​ជា «ឧកញ៉ា» ឬ​យក​តួនាទី​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ​តទៅទៀត។

ចំណែក​ម្តាយ​របស់​អ្នកស្រី ជឹង សុគន្ធាវី គឺ​លោកស្រី ជឹង សុភាព ហៅ «យាយ​ភូ» ត្រូវ​បាន​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​កាលពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ខណៈ​លោក ឡាវ ម៉េងឃីន ទទួល​បាន​ការតែងតាំង​ងារ​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា ឆ្នាំ​១៩៩៥។

បើ​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​បាន​សម្រេច​ថា សប្បុរសជន​ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា​ក្ដី ជា​សម្ភារ​ក្ដី ប្រសិនបើ​មាន​តម្លៃ​លើស​ពី ១០​ម៉ឺន​ដុល្លារ រដ្ឋ​នឹង​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ខណៈ​សប្បុរសជន​ដែល​ផ្ដល់​អំណោយ​ជូន​រដ្ឋ​តម្លៃ​លើស​ពី ៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ រដ្ឋាភិបាល​នឹង​ស្នើ​ថ្វាយ​សុំ​ព្រះមហាក្សត្រ​ព្រះរាជទាន​គោរមងារ​ជា «ឧកញ៉ា»៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.