មន្ត្រី​បក្ស​ប្រឆាំង​ថា​កោះត្រល់​របស់​ខ្មែរ​ដែល​វៀតណាម​ត្រួតត្រា​អាច​រក​ចំណូល​ចូល​ជាតិ​គេ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ

0
8

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ខ្មែរ​ពិតជា​ឈឺ​ចិត្ត​ណាស់ ព្រោះ​កោះត្រល់​ដែល​ជា​របស់​ដូនតា​ខ្មែរ​ត្រូវ​បាន​វៀតណាម​ត្រួតត្រា ថែមទាំង​អាច​រក​ចំណូល​ចូល​ក្នុង​សេដ្ឋកិច្ច​ជាតិ​របស់​គេ​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ខ្មែរ​ម្ចាស់​ទឹកដី​បាន​ត្រឹម​ឈរ​មើល​គេ​រកស៊ី​លើ​ទឹកដី​ខ្លួនឯង​ប៉ុណ្ណោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា នេះ​ថា រដ្ឋាភិបាល​ក្រុង​ហាណូយ បាន​យក​កោះត្រល់​ដែល​ពួកគេ​រំលោភ​យក​ពលរដ្ឋ​ខ្មែរ​ទៅ​ប្រកួត​រក​ចំណូល​សេដ្ឋកិច្ច​ឲ្យ​ជាតិ​គេ​ជាមួយ​នឹង​កោះភូកេត ប្រទេស​ថៃ និង​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី បាន​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោក​អះអាង​ថា កោះត្រល់​ដែនដី​ខ្មែរ​ក្បែរ​ខេត្ត​កំពត ចម្ងាយ​មិន​ដល់ ២០​គីឡូម៉ែត្រ​ផង​នោះ ត្រូវ​យួន​ឈ្លានពាន​យក​ទៅ​គ្រប់គ្រង​ធ្វើ​ជា​កម្មសិទ្ធិ និង​ប្រើប្រាស់​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទូទាំង​ពិភពលោក បាន​ចំណូល​សេដ្ឋកិច្ច​ជាតិ​របស់​គេ​រាប់​ពាន់​លាន​តាមរយៈ​វិស័យ​ទេសចរណ៍​នៃ​កោះ​មួយ​នេះ។

ការ​លើកឡើង​របស់​លោក មាជ សុវណ្ណារ៉ា គឺ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​កោះត្រល់​របស់​ខ្មែរ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​ត្រូវ​បាន​គេហទំព័រ​បរទេស​ចុះផ្សាយ​ពី​ការ​ទាក់ទាញ​ទេសចរ​ឲ្យ​ចូល​កម្សាន្ត និង​ប្រមូល​លុយ​ពី​វិស័យ​នេះ​រហូត​ដល់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

គេហទំព័រ​បរទេស​មួយ​ដែល​មាន​ឈ្មោះ​ថា NIKKEI ASIAN REVIEW បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​ដាក់​ចំណងជើង​ថា «ឋានសួគ៌​ចុងក្រោយ​របស់​ប្រទេស​វៀតណាម» មាន​គម្រោង​ប្រកួត​ជាមួយ​កោះភូកេត​របស់​ថៃ និង​កោះបាលី​របស់​ប្រទេស​ឥណ្ឌូណេស៊ី។

ប្រភព​ដដែល​អះអាង​ថា អ្នកជំនាញ​អភិវឌ្ឍន៍​នៅ​លើ​កោះភូគុក ឬ​កោះត្រល់ ដែល​ជា​កោះ​ដ៏​ពិសេស​មួយ​នៅ​ឈូងសមុទ្រ​ថៃ ក្នុង​តំបន់​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឋានសួគ៌​ចុងក្រោយ​នៃ​ប្រទេស​វៀតណាម មាន​ការ​រចនា​លើ​ការ​អភិវឌ្ឍ​ប្រែក្លាយ​ទៅជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អនុប្រធាន​គណៈកម្មាធិការ​កោះភូគុក ឬ​កោះត្រល់ លោក Doan Van Tien អះអាង​ថា បើ​ទោះបីជា​កោះភូគុក មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កោះ​របស់​ប្រទេស​វៀតណាម ដូចជា​កោះភូកេត ត្រូវ​គេ​ស្គាល់​ថា​ជា​របស់​ប្រទេស​ថៃ និង​កោះបាលី​ដែល​ជា​របស់​ប្រទេស​ឥណ្ឌូណេស៊ី ក៏ដោយ ប៉ុន្តែ​លោក​មាន​បំណង​ជំរុញ​ឲ្យ​កោះត្រល់​ប្រកួតប្រជែង​ជាមួយ​កោះ​ទាំងពីរ​ខាងលើ ខណៈ​ការ​វិនិយោគ​សាជីវកម្ម​ដែល​បាន​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​បាន​កើន​ឡើង​ដល់ ១៦​ពាន់​លាន​ដុល្លារ​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កាលពី​ឆ្នាំ​២០១៩ មុន​ពេល​ដែល​វីរុស Covid-19 បាន​ផ្ទុះឡើង​ទូទាំង​ពិភពលោក ចំនួន​អ្នក​ទេសចរ​ទៅ​កោះត្រល់​បាន​កើន​ឡើង ២៧% ច្រើនជាង​ពី​ឆ្នាំ​មុន ដែល​មាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ៥​លាន​នាក់។ ដោយឡែក​នៅ​ឆ្នាំ​២០២១ នេះ កោះ​ឋានសួគ៌​មួយ​នេះ​រំពឹង​ថា​នឹង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជា​ថ្មី​ទៀត​ប្រមាណ​ជា ៣​លាន​នាក់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អនុប្រធាន​ក្រុមហ៊ុន Vingroup ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​ធំ​ជាងគេ​របស់​ប្រទេស​វៀតណាម កាលពី​ខែ​មេសា ឆ្នាំ​២០២១ នេះ បាន​អះអាង​ថា កោះ​នេះ​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​របស់​ខ្លួន​ដើម្បី​ក្លាយ​ជា​គោលដៅ​រមណីយដ្ឋាន​ក្នុង​តំបន់​ដ៏​លេចធ្លោ​មួយ​របស់​ពិភពលោក ដែល​នឹង​ក្លាយ​ជា​ទីក្រុង​ដែល​មិន​ចេះ​ដេក ផ្តល់​ជូន​នូវ​ភាព​សប្បាយ​រីករាយ​ទាំងយប់​ទាំង​ថ្ងៃ គឺ ៣៦៥​ថ្ងៃ​ក្នុង​មួយ​ឆ្នាំ​តែ​ម្តង។

ទាក់ទិន​នឹង​បញ្ហា​នេះ ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ SMD កាលពី​ខែ​មិថុនា ឆ្នាំ​២០២០ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា​ជាតិ​កម្ពុជា ទាមទារ​ឲ្យ​វៀតណាម បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម ពាណិជ្ជកម្ម​លើ​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ​ជាបន្ទាន់ និង​ងាក​ទៅ​ដោះស្រាយ​បញ្ជាក់​កម្មសិទ្ធិ​លើ​កោះ​ទាំងនេះ​តាម​យន្តការ​អន្តជាតិ ដើម្បីឲ្យ​ជាក់ច្បាស់​ថា តើ​វៀតណាម ឬ​កម្ពុជា ដែល​ជា​ម្ចាស់​ដែនដី​លើ​កោះ​ទាំងនេះ។

ក្រុម​ចលនា​និស្សិត​ទាំងនោះ​បញ្ជាក់​ថា ឯកសារ​ភស្តុតាង​ច្រើន​ណាស់​ដែល​បញ្ជាក់​ថា កោះត្រល់ ឬ​កោះភូគុក និង​ចង្កោម​កោះក្រចកសេះ​ជា​របស់​កម្ពុជា ដូច្នេះ​កម្ពុជា នឹង​ឈ្នះ​លើ​ការ​ទាមទារ​នេះ បើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចេញ​មុខ​លើ​បញ្ហា​នេះ។

អនុសញ្ញា​អង្គការ​សហប្រជាជាតិ (UN) ស្តី​អំពី​ច្បាប់​សមុទ្រ ឆ្នាំ​១៩៨២ ចែង​ថា រាល់​រដ្ឋ​ទាំងអស់​មាន​សិទ្ធិ​បង្កើត​ប្រវែង​នៃ​ដែនសមុទ្រ​របស់​ខ្លួន គឺ​មាន​ចម្ងាយ​មិន​លើស​ពី ១២​ម៉ាយល៍ ដែល​ស្មើ​នឹង​ជាង ២២​គីឡូម៉ែត្រ​នោះ​ទេ។

យោង​តាម​ច្បាប់​អន្តរជាតិ​នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា កោះត្រល់ គឺជា​របស់​ខ្មែរ ព្រោះ​ថា​កោះ​នេះ​មាន​រយៈ​ចម្ងាយ​ត្រឹមតែ ១៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ខេត្ត​កំពត នៃ​ប្រទេស​កម្ពុជា ហើយ​មាន​រយៈ​ចម្ងាយ​ដល់​ទៅ ៤៥​គីឡូម៉ែត្រ​ឯណោះ​ពី​តំបន់​ហាទៀង នៃ​ខេត្ត​កៀនយ៉ាង ប្រទេស​វៀតណាម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.