27 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​បរិស្ថាន​ទាំងឡាយ​ដើម្បី​រួមចំណែក​លើក​ស្ទួយ​ប្រជាធិបតេយ្យ​របស់​ប្រទេស

បទវិភាគ

អ្នក​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ស្នើ​រដ្ឋាភិបាល និង​អាជ្ញាធរ​ទម្លាក់​ចោល​បទចោទ និង​ដោះលែង​យុវជន និង​សកម្មជន​ដែល​មាន​មនសិការ​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​ធានា​ដល់​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ពលរដ្ឋ​គ្រប់រូប​ដោយ​គ្មាន​ការរើសអើង។

អ្នកស្រី ចក់ សុភាព ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើង​ក្នុង​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ ថា អ្នក​សារព័ត៌មាន​តែងតែ​បាន​ចោទ​ជា​សំណួរ​ដល់​អ្នកស្រី​ពី​ការ​យល់ឃើញ​របស់​អ្នកស្រី​ក្នុង​នាម​ជា​មន្ត្រី​សិទ្ធិមនុស្ស​ពី​បញ្ហា ឬ​សំណុំរឿង​មួយ​ចំនួន​នៅ​តុលាការ ទាំង​សំណុំរឿង​សកម្មជន​នយោបាយ និង​សកម្មជន​បរិស្ថាន​ជាដើម។

អ្នកស្រី​បាន​ថ្លែង​ថា ការសង្កេត​ជាទូទៅ​អាច​បរិយាយ​បាន តែ​រឿង​ដែល​អ្នកស្រី​តែង​គូស​បញ្ជាក់ និង​ដាក់​ជា​ចំណោទ​ទៅវិញ​ថា តើ​សកម្មជន​ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់​ជាតិ​ក្តី រួម​គំនិត​ក្បត់​ក្តី តើ​គាត់​ក្បត់​ជាតិ​រឿង​អ្វី? តើ​កម្ពុជា​ពិតជា​ប្រទេស​មួយ​ដែល​សម្បូរ​ពលរដ្ឋ​ដែល​ក្បត់​ជាតិ​តាំងពី​ស្រុក​មាន​សង្គ្រាម​រហូត​ដល់​ប្រទេស​ដែល​ដាក់​ស្លាក​ស្ទើរ​គ្រប់​កន្លែង​ថា “អរគុណ​សន្តិភាព“ ឬ​យ៉ាងណា?

ជន​ដែល​ក្បត់​ប្រយោជន៍​សាធារណៈ គួរ​ជា​ជន​ដែល​បំផ្លាញ​ធនធាន​ជាតិ ធនធាន​ធម្មជាតិ និង​យក​ផល​ប្រយោជន៍​ជាតិ​ធ្វើ​ជា​ប្រយោជន៍​បក្សពួក និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ទៅវិញ​ទេ។

អ្នកស្រី​បញ្ជាក់​ទៀត​ថា កម្ពុជា​គួរ​ទទួល​យក​ការចូលរួម​របស់​យុវជន និង​ពលរដ្ឋ​គ្រប់រូប គ្រប់​និន្នាការ​នយោបាយ និង​ទស្សនៈ​យោបល់ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ ដែល​លើក​ទឹកចិត្ត និង​ធានា​ដល់​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​សង្គម នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​ជាដើម។

ការ​ផាត់ចេញ ចោទប្រកាន់ ឬ​ចាប់ខ្លួន​យុវជន​សកម្មជន​មួយ​ចំនួន​កន្លងមក និង​ការ​ចាប់ខ្លួន​ចុងក្រោយ​លើ​យុវជន​វ័យក្មេង ៣​រូប​ថែមទៀត ជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​ពី​ការ​មិន​ទទួល​យក​មតិ​ចម្រុះ និង​ការ​ដើរ​ផ្ទុយពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២១ បាន​សម្រេច​ចោទប្រកាន់​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវិតសុន និង​យុវជន​បរិស្ថាន ៣​រូប​ទៀត ក្នុង​នោះ​រួម​មាន លោក លី ចន្ទ្រាតារ៉ាវុធ កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់។

សារព័ត៌មាន​ថ្មីៗ​បាន​ស្រង់​សម្ដី​លោក សំ គង់ មេធាវី​របស់​សកម្មជន​ទាំង ៣​រូប បញ្ជាក់​ថា៖ «ក្រោយពី​មាន​ការ​ដេញដោល​ពេល​មួយ​ថ្ងៃ​នេះ គឺ​ចៅក្រម​លោក ព្រំ វណ្ណៈ បាន​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដែល​បាន​បញ្ជូន​ពួកគេ​ទៅ​មណ្ឌល​អប់រំ​កែប្រែ​១ មណ្ឌល​អប់រំ​កែប្រែ​២ ទៅ​ពន្ធនាគារ​ព្រៃស​រួចហើយ»។ មេធាវី​រូប​នេះ​ថា ចៅក្រម​ស៊ើបសួរ​បាន​សាកសួរ​សកម្មភាព​ការពារ​របស់​ក្រុម​យុវជន​ទាំង ៣​រូប ចាប់​តាំង​ពី​ឆ្នាំ​២០១២ រហូត​ដល់​ឆ្នាំ​២០២១ នេះ។

អ្នកស្រី ចក់ សុភាព អះអាង​ថា ប្រការ​ដែល​មាន​អ្នក​ស្នេហា​ជាតិ ស្រឡាញ់​បរិស្ថាន ខ្វាយខ្វល់​ពី​ធនធាន​ធម្មជាតិ​ត្រូវ​បាន​ចាប់ ចោទ និង​លាប​ពណ៌ នោះ​ហើយ​មហន្តរាយ​របស់​ជាតិ​កំពុងតែ​ខិត​ជិត​ចូល​មក​ដល់។ អ្នកស្រី​អះអាង​ថា មិន​គួរ​មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​រួម​គំនិត​ក្បត់​ដោយសារតែ​ការ​ស្នេហា​ជាតិ មាន​មនសិការ​ចំពោះ​ជាតិ ខណៈ​ដែល​កម្ពុជា​ដាក់​ស្លាក​ថា​ជា​ប្រទេស​មាន​សន្តិភាព​នោះ​ឡើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស