26 C
Phnom Penh

សង្គម​ស៊ីវិល​ថា​អនាគត​ប្រទេស​ជាតិ​គឺ​ត្រូវ​ពឹងផ្អែក​លើ​យុវជន​ដែល​មាន​ភាព​ស្អាតស្អំ​និង​មាន​សមត្ថភាព​ទាំងស្រុង

បទវិភាគ

អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា អនាគត​ប្រទេស​ជាតិ គឺ​ត្រូវ​ពឹងផ្អែក​លើ​យុវជន​ដែល​មាន​ជំហរ​រឹងមាំ ស្អាតស្អំ ច្បាស់លាស់ និង​មាន​សមត្ថភាព​ទាំងស្រុង ព្រោះ​ថា​សង្គម​ជាតិ​មួយ​សម្បូរ​ទៅ​ដោយ​យុវជន​ដែល​មាន​ឧត្តមភាព​បែប​នេះ ប្រជាជន​នៃ​ប្រទេស​នោះ គឺ​មាន​ភាព​សុខសាន្ត និង​ភាព​រុងរឿង​ទៅ​មុខ​ជានិច្ច។

អង្គការ​ខុនរ៉ាត អាឌិនណៅអ៊ែ បាន​ចេញ​របាយការណ៍​សម្រាប់​ឆ្នាំ​២០២១ របស់​ខ្លួន ដែល​មាន​កម្រាស់​ជិត ៦០​ទំព័រ ស្ដីពី​យុវជន​អ្នក​ដឹកនាំ និង​បុគ្គល​មាន​ឥទ្ធិពល​វ័យក្មេង​នៅ​កម្ពុជា ថា​ក្នុង​ប្រទេស​ដែល​រដ្ឋាភិបាល​រឹតត្បិត​សេរីភាព​យុវជន​ពី​ការចូលរួម​កសាង​សង្គម​ជាតិ ដូចជា​ការចូលរួម​ក្នុង​វិស័យ​នយោបាយ និង​បញ្ហា​សង្គម​ផ្សេងៗ​ទៀត គឺជា​ការ​បង្ក​ហានិភ័យ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​យុវជន​នានា ដូចជា​យុវជន​ការពារ​បរិស្ថាន យុវជន​ការពារ​ព្រៃឈើ យុវជន​ការពារ​សិទ្ធិមនុស្ស និង​យុវជន​ដែល​ចូលរួម​ក្នុង​កិច្ចការ​សង្គម​លើ​ការ​តស៊ូ​មតិ​ជាដើម។

ប្រភព​ដដែល​អះអាង​ថា ដើម្បី​ដឹកនាំ​សង្គម​ជាតិ​មួយ​ឲ្យ​ស្រប​ទៅ​នឹង​គោលការណ៍​គោរព​សិទ្ធិមនុស្ស គោលការណ៍​លទ្ធិប្រជាធិបតេយ្យ គឺ​ពិតជា​មិន​អាច​ខ្វះ​ការចូលរួម​ពី​យុវជន​ដែល​ស្អាតស្អំ និង​មាន​សមត្ថភាព​នៃ​ប្រទេស​ជាតិ​នោះ​បាន​ទេ ព្រោះ​ថា​មាន​តែ​មនុស្ស​ស្អាតស្អំ​ប៉ុណ្ណោះ​ទើប​អាច​ដឹកនាំ​ប្រទេស​ជាតិ​ទៅ​រក​សង្គម​ស្អាតស្អំ និង​សង្គម​ជាតិ​មួយ​ដែល​មាន​ការ​រីក​ចម្រើន​ពិតប្រាកដ។

អង្គការ​ខុនរ៉ាត បញ្ជាក់​ថា ក្នុង​បរិបទ​នយោបាយ​នៅ​កម្ពុជា យុវជន​ដែល​មាន​ឧត្តមគតិ​លះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដើម្បី​ការពារ​សង្គម​ជាតិ​របស់​ពួកគេ ដូចជា​ការចូលរួម​ការពារ​បរិស្ថាន ឬ​ព្រៃឈើ​របស់​ខ្មែរ​ដែល​មាន​តម្លៃ​មហាសាល​ជាដើម ហាក់​មិន​ត្រូវ​បាន​ការ​លើក​ទឹកចិត្ត ឬ​ផ្តល់​កិត្តិយស​ណាមួយ​ជូន​ពួកគេ​នោះ​ទេ តែ​ផ្ទុយទៅវិញ​មាន​តែ​ការ​គំរាមកំហែង និង​ការ​ចាប់ខ្លួន​តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាព​ជាក់ស្តែង​របស់​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​ដែល​អាជ្ញាធរ​តែង​ចាប់ខ្លួន និង​គំរាមកំហែង​ដល់​យុវជន​ដែល​បាន​ចូលរួម​កិច្ចការពារ​សង្គម​តាមរយៈ​នៃ​ការ​ចូលរួម​ការពារ​បរិស្ថាន ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ដទៃ​ទៀត​ដែល​កំពុង​រង​ការ​កាប់​បំផ្លិចបំផ្លាញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ជាតិ​មួយ​ដែល​មាន​យុវជន​ពោរពេញ​ដោយ​ឧត្តមគតិ មនសិការ គឺ​ពិបាក​រក​ណាស់​ទៅ​ហើយ តែ​អ្វី​ដែល​កាន់តែ​ពិបាក​ថែម​ទៀត​នោះ គឺ​សកម្មភាព​គាំពារ​សង្គម​របស់​ពួកគេ​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ​ទៅវិញ។

គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២១ នេះ យុវជន​ដែល​ឈឺឆ្អាល​នឹង​សង្គម​ទាក់ទង​នឹង​ការចូលរួម​ការពារ​បរិស្ថាន ការពារ​ព្រៃឈើ ការពារ​ព្រំដែន និង​ការពារ​សិទ្ធិមនុស្ស ជាដើម ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាប់​ឃុំ​ខ្លួន​ជាង ១០​នាក់​ហើយ នេះ​មិន​ទាន់​គិត​ដល់​យុវជន​ដែល​ជា​សកម្មជន​នយោបាយ និង​យុវជន​ដែល​បម្រើ​ការងារ​សង្គម​ក្នុង​វិស័យ​ផ្សេង​ទៀត​នៅឡើយ​ទេ។

យុទ្ធនាការ​ដាំ​កូនឈើ​នៅ​តំបន់​ព្រៃឡង់​ក្នុង​ឱកាស​កម្មវិធី​ដាំ​កូនឈើ​ថ្ងៃទី​២៣ ដល់ ២៥ ខែ​កញ្ញា ឆ្នាំ​២០១៨។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ចុង​ឆ្នាំ​២០២០ លោក ហ៊ុន សែន ធ្លាប់​គំរាម​ថា អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​របស់​លោក គឺ​មិន​រួច​ខ្លួន​ជាដាច់ខាត និង​មិន​មាន​ករណី​លើកលែង​នោះ​ទេ។ បញ្ហា​នេះ លោក​សារភាព​ថា យុវជន និង​សកម្មជន​ដទៃ​ទៀត​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​នា​ពេល​កន្លងមក គឺ​ធ្វើ​ឡើង​ក្រោម​បញ្ជា​របស់​លោក​ផ្ទាល់​តែម្តង។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា នេះ​ថា ដើម្បី​ក្លាយ​ជា​យុវជន​ដែល​រឹងមាំ ស្អាតស្អំ ច្បាស់លាស់ និង​មាន​សមត្ថភាព​សម​ជា​ធនធាន​មនុស្ស​ពិតប្រាកដ​របស់​ប្រទេស​ជាតិ គឺ​ត្រូវតែ​ជា​មនុស្ស​ដែល​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួនឯង​កំពុង​ធ្វើ មិន​ងាករេ​ពី​គោលដៅ​ដើម្បី​សង្គម​ជាតិ មិន​ប្រព្រឹត្ត​នូវ​ទង្វើ​ដែល​មិន​ល្អ និង​កសាង​សមត្ថភាព​ផ្ទាល់ខ្លួន​ឲ្យ​បាន​ខ្ពង់ខ្ពស់​ផង​ដែរ។

ប្រធាន​ក្រុម​អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា យុវជន​ដែល​ជា​ធនធាន​មនុស្ស​ពិតប្រាកដ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ហាក់​មាន​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល នៅ​ពេល​ដែល​ពួកគេ​ចូលរួម​កិច្ចការ​សង្គម​ក្នុង​វិស័យ​នយោបាយ និង​ការ​តស៊ូ​មតិ​ដើម្បី​យុត្តិធម៌​សង្គម​ជាដើម។ បញ្ហា​នេះ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​បន្ត​រឹតត្បិត​សេរីភាព​ពួកគេ​បន្ត​ទៀត នោះ​ឧបសគ្គ​ទាំងឡាយ​ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ជាតិ នឹង​មិន​ត្រូវ​បាន​លើក​យក​មក​ដោះស្រាយ​នោះ​ទេ ហើយ​ការ​អភិវឌ្ឍ និង​ភាព​រីកចម្រើន​នៅ​កម្ពុជា ក៏​មាន​ភាព​យឺតយ៉ាវ​ផង​ដែរ។

ក្រុម​សកម្មជន​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា បច្ចុប្បន្ន​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ​កំពុង​ឃុំ​ខ្លួន​យុវជន​ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ​ប្រមាណ​ជាង ៥០​នាក់​ហើយ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស