27 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​លើកលែង​ការ​ចោទ​ប្រកាន់​លោក កឹម សុខា និង​យុវជន​ការពារ​បរិស្ថាន

បទវិភាគ

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​ចំពោះ​សកម្មជន​បរិស្ថាន​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាប់​ឃុំ​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ព្រោះ​ថា​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ដូច​ការចោទប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​នោះ​ទេ។

នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វ៊ីល រ៉ូប៊ើតសុន នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១ នេះ បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស លោក ដូមីនិក រ៉ាអាប់ ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ ព្រមទាំង​សកម្មជន​នយោបាយ និង​សង្គម​ដែល​រដ្ឋាភិបាល​កម្ពុជា ឃុំ​ខ្លួន​ប្រមាណ​ជា ៧០​នាក់​ផ្សេងទៀត​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។

លោក​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​រូប​នេះ យក​គោលការណ៍​សិទ្ធិមនុស្ស​ជា​អាទិភាព​ក្នុង​កិច្ចពិភាក្សា​នោះ ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​គោលការណ៍​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​សិទ្ធិ​ការងារ​ស្រប​តាម​ច្បាប់​ស្តង់ដារ​អន្តរជាតិ ILO មុន​នឹង​អង់គ្លេស​ផ្តល់​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​កម្ពុជា នៅ​ពេល​អនាគត។

បន្ថែម​ពី​នេះ លោក ហ្វ៊ីល រ៉ូប៊ើតសុន ស្នើ​ឲ្យ​លោក ដូមីនិក រ៉ាអាប់ គួរ​ឆ្លៀត​ពេល​តាម​កាលវិភាគ​របស់​ខ្លួន​ជួប​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ដូចជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ជាដើម ដែល​រង​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ពិតប្រាកដ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា និង​ជួប​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នានា និង​អ្នកកាសែត​ដែល​អាជ្ញាធរ​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​សព្វថ្ងៃ​នេះ។

កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ឃុំ​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៣​រូប ក្នុង​នោះ​រួម​មាន​លោក លី ចាន់ដារ៉ាវុទ្ធ កញ្ញា ស៊ុន រដ្ឋា និង​លោក យឹម លាងហ៊ី នៅ​ពន្ធនាគារ​ព្រៃស​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់។

ដោយ​សំអាង​ថា ពួកគេ​មាន​ភស្តុតាង​ជា​វីដេអូ​អំពី​ការប្រជុំ​របស់​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ទាំងនោះ​ថា ពួកគេ​បាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​ប្រើប្រាស់​ហិរញ្ញប្បទាន​ភេរវកម្ម​ដើម្បី​ធ្វើ​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។

មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា បទ​រួម​គំនិត​ក្បត់ គឺជា​អំពើ​រួម​គំនិត​ដែល​បង្កើត​ឡើង​ដើម្បី​ប្រព្រឹត្ត​ឧបឃាត ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ១០​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​រហូត​ដល់ ១០​លាន​រៀល​ឯណោះ។

កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ អង្គការ​សមាគម​ជិត ៨០​ស្ថាប័ន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​ចំពោះ​សកម្មជន​មាតា​ធម្មជាតិ និង​ដោះលែង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

អង្គការ​សមាគម​ទាំងនោះ​រិះគន់​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនោះ ធ្វើឡើង​ដោយ​មិន​សម​ហេតុផល និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ប៉ុន្តែ​បែរជា​បង្ហាញ​យ៉ាង​ច្បាស់​ថា អាជ្ញាធរ​កម្ពុជា បាន​ប្រើ​បទ​ចោទ​មិន​ត្រឹមត្រូវ​ដើម្បី​ចាប់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នក​ការពារ​បរិស្ថាន​វ័យក្មេង​ដាក់​ពន្ធនាគារ​ក្នុង​ចេតនា​បំបិទ​សំឡេង​រិះគន់​លើ​រដ្ឋាភិបាល​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្មេងស្រី​ការពារ​បរិស្ថាន​ដែល​ល្បីល្បាញ​លើ​ពិភពលោក​ឈ្មោះ Greta Thunberg បាន​សរសេរ​លើ​បណ្ដាញ Tweeter របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ជុំវិញ​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន កញ្ញា ស៊ុន រដ្ឋា និង​សកម្មជន​ផ្សេងទៀត​ថា អ្នក​ការពារ​បរិស្ថាន​ទូទាំង​ពិភពលោក​កំពុង​រង​ការ​គំរាមកំហែង​ចាប់​ខ្លួន និង​សម្លាប់។ យើង​មាន​សិទ្ធិ​ត្រូវតែ​បញ្ចេញ​សំឡេង​ដើម្បី​និយាយ​ប្រឆាំង​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ទាំងនេះ ព្រោះ​ថា​ការរំលោភ​សិទ្ធិ​ទាំងនេះ​ជា​ទង្វើ​គួរ​ឱ្យ​ស្អប់​ខ្ពើម​ជាទីបំផុត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស