27 C
Phnom Penh

ពលរដ្ឋ​សំណូមពរ​លោក ហ៊ុន សែន ជួយ​ការពារ​ដី​ទី​សក្ការៈ​ទួលអង្គ​លោកតា​ដែល​ត្រូវ​ចៅសង្កាត់​គោករកា​ឃុបឃិត​លក់​ស្ងាត់ៗ

បទវិភាគ

ពលរដ្ឋ​ដែល​មាន​វ័យ​ចំណាស់ បាន​បង្ហាញ​ការ​សោកស្តាយ ក្រោយ​ពួកគាត់​ទទួល​ព័ត៌មាន​មក​ថា ទីតាំង​ដី​ត្រពាំងអង្គ ឬ​ហៅថា​ទួល​អង្គលោកតា មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៤២៥៧​ម៉ែត្រ​ការ៉េ ដែល​ជា​ទីទួល​បុរាណ​មាន​ស្រះ​ទឹក​ព័ទ្ធ​ជុំវិញ​សម្រាប់​គោរព​បូជា​ជំនឿ​សាសនា​តាំងពី​ដូនតា​រៀង​មក ត្រូវ​គេ​រត់ការ​លក់​ឲ្យ​ឈ្មួញ​ស្ងាត់ៗ​ក្រោម​រូបភាព​អ្នក​ភូមិ​ស្នើសុំ​លក់​ទៅ​ឲ្យ​ឈ្មួញ ដើម្បី​យក​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​ចែក​គ្នា​ចាយ។

ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ដែល​គេ​ឃុបឃិត​គ្នា​លក់​នេះ ត្រពាំង​ទួលអង្គ ឬ​ទួល​បុរាណ​ខាងលើ​នេះ មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​បែកបក សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​លួច​រត់ការ​លក់​ស្ងាត់ៗ​ទៅ​ឲ្យ​ឈ្មួញ​ដី ដែល​ត្រូវជា​បក្ខពួក​លោក សន ស៊ិន ចៅសង្កាត់​គោករកា តែម្តង។

ពលរដ្ឋ​ដែល​ធ្លាប់​រៀបចំ​ពិធី​ប្រពៃណី​ជំនឿ​សាសនា​នៅ​ទួល​បុរាណ​នោះ បាន​សំណូមពរ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ហ៊ុន សែន ជួយ​ការពារ​ត្រពាំង​ទួលអង្គ​លោកតា មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​គោករកា ឲ្យ​បាន​គង់វង្ស ត្បិត​ទីតាំង​សម្រាប់​ពិធី​សាសនា​បន្ត​ពី​ដូនតា​ខាងលើ​នេះ ត្រូវ​បាន​ឈ្មួញ​ដឹក​ដី​ចាក់​លុប​ស្រះ​ទឹក​បុរាណ​មួយ​នេះ​ជិត​រលាយ​ហិនហោច​អស់​ទៅ​ហើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​បែកបក បាន​ស្នើ​ដល់​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជាពិសេស​លោក ហ៊ុន សែន បញ្ជូន​មន្ត្រី​ឲ្យ​ចុះ​ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​អនុវត្ត​ការងារ​របស់​លោក សន ស៊ិន ចៅសង្កាត់​គោករកា ថា​តើ​មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ខ្លះ​ជាមួយ​ឈ្មួញ​ក្នុង​សកម្មភាព​រត់ការ​លក់​ដី​បរិវេណ​ត្រពាំង​ទួលអង្គ ឬ​ទួលអង្គ​លោកតា ដែល​ជា​ទី​សក្ការៈ​បុរាណ ទៅ​ឲ្យ​ឈ្មួញ​ដែល​ត្រូវជា​បក្ខពួក​ខ្លួន​ស្ងាត់ៗ​បែប​នេះ។

ប្រភព​បន្ត​ថា ដើមឡើយ​ដី​ត្រពាំងអង្គ​នេះ​ជា​ដី​រួម​របស់​ពលរដ្ឋ​ភូមិ​បែកបក សម្រាប់​គោរព​បូជា​តាម​ជំនឿ​តាំងពី​ដូនតា​រៀង​មក ប៉ុន្តែ​បច្ចុប្បន្ន ទីតាំង​ដី​នេះ​គឺ​មាន​អ្នក​រត់ការ​លក់​ទៅ​ឱ្យ​ឈ្មួញ ដោយ​មាន​ការ​ឃុបឃិត​ពី​លោក សន ស៊ិន ចៅសង្កាត់​គោករកា ជា​អ្នក​បើក​ដៃ។ បច្ចុប្បន្ន ឈ្មួញ​កំពុង​ដឹក​ដី​ចាក់​បំពេញ​ស្រះ ដើម្បី​បំបិទ​ភស្តុតាង​រួចរាល់​ហើយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១។

ទាក់ទិន​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែកព្នៅ និង​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ឃុបឃិត​លក់​ដី​ស្រះ​ទួលអង្គ​មាន​ទីតាំង​នៅ​សង្កាត់​គោករកា បានទេ។

ប្រភព​បន្ត​ថា ទីតាំង​ដី​ខាងលើ​ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​មួយ​ម៉ែត្រ​ការ៉េ​ថ្លៃ ២០០​ដុល្លារ​អាមេរិក ប៉ុន្តែ​តម្លៃ​ហាងឆេង​ជាក់ស្តែង គឺ​មិនមែន​មាន​តម្លៃ​ត្រឹម ២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​នោះ​ទេ គឺ​រាប់​ពាន់​ដុល្លារ​ឯណោះ។ ក្នុង​នោះ លុយ​ដែល​ទទួល​បាន​ពី​ការ​លក់ដូរ​ទួល​បុរាណ ឬ​ដី​ត្រពាំង​ទួលអង្គ​ខាងលើ​នេះ គឺ​គេ​បែងចែក​ជា ៣​ចំណែក រួម​មាន៖

  • ទី​១ អាជ្ញាធរ​សង្កាត់​គោករកា យក​ចំនួន ៣០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដោយ​លើក​ហេតុផល​ថា សេវា​រត់ការ។
  • ទី​២ សម្រាប់​ក្រុម​អ្នក​តំណាង​ប្រជាពលរដ្ឋ​ជាង ១០​នាក់ យក​កម្រៃ​ជើងសារ​ចំនួន ២០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។
  • សល់ ១៥០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ គឺ​សម្រាប់​ផ្តល់​ជូន​ទៅ​ឲ្យ​អ្នក​ភូមិ​ចែក​គ្នា។

លោក សន ស៊ិន ចៅសង្កាត់​គោករកា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ឈ្មោះ «កម្ពុជា​ថ្ងៃ​នេះ» ដកស្រង់​សម្ដី​មក​ចុះផ្សាយ​ថា ពិតជា​មាន​ការ​លក់​ដី​ត្រពាំង​ទួលអង្គ ឬ​ទួលអង្គ​លោកតា មាន​ទីតាំង​នៅ​ភូមិ​បែកបក មាន​ទំហំ​ផ្ទៃដី​សរុប​ជាង ៤​ពាន់​ម៉ែត្រ​ការ៉េ​ពិតប្រាកដ​មែន។ ប៉ុន្តែ​ការ​លក់ដូរ​នេះ គឺ​ដោយ​មាន​ការ​ស្រុះស្រួល​គ្នា​រវាង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ទើប​រូប​លោក​ក្នុង​នាម​អាជ្ញាធរ ក៏​បាន​ចុះហត្ថលេខា ឬ​លៃលក​ជួយ​រត់ការ​លក់ដូរ​ដី​សហគមន៍​នេះ​ជូន​ប្រជាពលរដ្ឋ​ទៅតាម​ការ​ស្នើសុំ​របស់​ពួកគាត់។

លោក​ចៅសង្កាត់​បន្ត​ថា ចំពោះ​ការ​លក់​ដី​ទី​ទួល​ជា​ទី​សក្ការៈ​គោរព​បូជា ឬ​ដី​ត្រពាំង​ទួលអង្គ​នេះ គឺ​រូប​លោក​មិន​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដី​នោះ​ទេ តែ​ផ្ទុយទៅវិញ គឺជា​ការ​សម្រេច​ចិត្ត​រួម​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​បែកបក។

លោក​ចៅសង្កាត់​គោករកា បន្ត​ថា ចំពោះ​ការ​លក់ដូរ​ទីតាំង​ដី​ត្រពាំង​ទួលអង្គ​ក្នុង​មូលដ្ឋាន​នេះ គឺ​ធ្វើឡើង​ដោយ​មាន​ការ​ឯកភាព​គ្នា​រវាង​ពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​យក​លុយ​ពី​ការ​លក់​ដី​បរិវេណ​នេះ​សម្រាប់​ចំណាយ​ទៅលើ​ការងារ​អភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវ ឬ​លូ​បង្ហូរ​ទឹក​ក្នុង​មូលដ្ឋាន​នេះ ទុក​សម្រាប់​ជា​ប្រយោជន៍​រួម​របស់​ពលរដ្ឋ ព្រោះ​លុយ​ដែល​ថ្នាក់លើ​ទម្លាក់​មក​មាន​ការ​យឺតយ៉ាវ​ពេក។

យ៉ាងនេះ​ក្តី ប្រភព​ពី​ពលរដ្ឋ​បាន​អះអាង​ថា លុយ​ដែល​ទទួល​បាន​ពី​ការ​លក់​ដី​ទួល​បុរាណ​ខាងលើ​នេះ ដើម្បី​ចែក​លុយ​គ្នា​ចាយ ព្រោះ​ដី​នៅ​តំបន់​នោះ​កំពុង​មាន​ហាងឆេង​ខ្លាំង​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​គោករកា។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​ថ្នាក់​ភូមិ និង​សង្កាត់ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ការ​លក់​ទី​ទួល​គោរព​បូជា​នៅ​មូលដ្ឋាន​នេះ ជា​ថ្នូរ​ទទួល​បាន​ប្រាក់​កម្រៃ​ជើងសារ​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​ចែក​គ្នា​ចាយ​តែប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស