27 C
Phnom Penh

តុលាការ​បង្កក​ទ្រព្យសម្បត្តិ​អតីត​ប្រធាន​អង្គការ​សុវណ្ណ​កុមារ​ករណី​រំលោភ​សេពសន្ថវៈ​លើ​កុមារ

បទវិភាគ

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០២១ បាន​សម្រេច​បង្កក​អចលនទ្រព្យ និង​គណនី​ធនាគារ​របស់​អតីត​ប្រធាន​អង្គការ សុវណ្ណ​កុមារ បន្ទាប់ពី​រក​ឃើញ​ថា អតីត​ប្រធាន​អង្គការ​រូប​នេះ​បាន​រំលោភ​សេពសន្ថវៈ​លើ​កុមារ និង​ឆបោក។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុវណ្ណ​កុមារ ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន ឱ្យ​ដឹង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​បង្កក​អចលនទ្រព្យ និង​គណនី​ធនាគារ​របស់​លោក សុធា អរុណ ដែល​ជា​អតីត​ប្រធាន​អង្គការ​សុវណ្ណ​កុមារ បន្ទាប់ពី​ចុះ​ស៊ើប​អង្កេត​ដោយ​រក​ឃើញ​ថា ភស្តុតាង​អំឡុង​ពេល​លោក​គ្រប់គ្រង​រយៈពេល​ជាង ១៦​ឆ្នាំ​កន្លង​មក​នេះ បាន​ធ្វើ​ទារុណកម្ម ការ​រំលោភ​បំពាន​សេពសន្ថវៈ ការ​លួច​បន្លំ អំពើ​ពុករលួយ និង​ការ​កេងប្រវ័ញ្ច​នៅ​មណ្ឌល​កុមារ​កំព្រា​ជាដើម។

ទ្រព្យសម្បត្តិ​ដែល​តុលាការ​បង្កក​នោះ​រួមមាន៖

  • គណនី​ធនាគារ​អេស៊ីលីដា
  • គណនី​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (JTRUST Royal Bank) និង
  • គណនី​ធនាគារ កាណាឌីយ៉ា (Canadia Bank)

ខណៈ​ទ្រព្យសម្បត្តិ​ផ្សេងៗ ដូចជា ដី​ជាច្រើន​ឡូត៍ និង​វីឡា​រាប់​លាន​ដុល្លារ​របស់​លោក​ដែល​មាន​បន្ទប់​ខារ៉ាអូខេ និង​អាងហែលទឹក ដែល​លុយ​យក​មក​សាងសង់​ជា​មូលនិធិ​លួច​ពី​អង្គការ​សុវណ្ណ​កុមារ។

លើស​ពី​នេះ​ទៀត អចលនទ្រព្យ និង​គណនី​ធនាគារ​របស់​លោកស្រី ពៅ ស្រីមុំ (ភរិយា​របស់​លោក សុធា អរុណ) និង​លោកស្រី ជាតិ ច័ន្ទ មរកត (បក្សពួក​របស់​លោក សុធា អរុណ និង​ជា​អតីត​គណនេយ្យករ​នៅ​អង្គការ​សុវណ្ណ​កុមារ អ៊ិលអ៊ិលស៊ី) ក៏​ត្រូវ​បាន​បង្កក​ផង​ដែរ។

លើស​ពី​នេះ​ទៀត អចលនទ្រព្យ និង​គណនី​ធនាគារ​របស់​ភរិយា​របស់​លោក សុធា អរុណ និង​បក្សពួក​ដែល​ជាប់ចោទ​នឹង​កេងប្រវ័ញ្ច ការរំលោភ​សេពសន្ថវៈ​លើ​កុមារ និង​ការ​ប្រើ​ទារុណកម្ម នោះ​ក៏​ត្រូវ​បាន​បង្កក​ដែរ។

លើកឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន អ្នកស្រី ខារ៉ា ហេត (Kara Heide) ដែល​ជា​តំណាង​មួយ​រូប​របស់​ក្រុម​គ្រួសារ ចន សុន បាន​សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ។

ប៉ុន្តែ​អ្នកស្រី​យល់​ថា ចំណាត់ការ​របស់​តុលាការ​ចំពោះ​ការចោទប្រកាន់​ប្រឆាំង​នឹង​លោក សុធា អរុណ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​យ៉ាង​ព្រៃផ្សៃ​មក​លើ​កុមារ និង​សកម្មភាព​ដ៏​សាហាវ​ឃោរឃៅ​របស់​លោក សុធា អរុណ និង​បក្សពួក ហាក់ដូចជា​មាន​ការ​ពន្យារពេល​យូរ បើ​ទោះបីជា​មាន​ភស្តុតាង​អំពី​ការ​បង្អត់​អាហារ និង​ការ​ចាប់​ឃុំឃាំង​យុវជន​ពីរ​រូប​នៅ​អង្គការ​សុវណ្ណ​កុមារ ក្នុង​ឆ្នាំ​២០១៧ ដោយ​ខុសច្បាប់​ក៏ដោយ។

អ្នកស្រី​បន្ត​ថា ចាប់តាំង​ពី​អ្នកស្រី ចន សុន ចាប់ផ្តើម​កម្មវិធី​នេះ​មក ភស្តុតាង​បង្ហាញ​ថា លោក សុធា អរុណ បាន​លួច​បង្វិល​ថវិកា​ឧបត្ថម្ភ​ដោយ​ខុសច្បាប់​ដែល​ជា​ថវិកា​ឧបត្ថម្ភ​សម្រាប់​កុមារ​កំព្រា និង​កុមារ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល ហើយ​លោក​ក៏​បាន​ដំណើរការ​មណ្ឌល​កុមារ​កំព្រា​យ៉ាង​តិច​ពីរ​កន្លែង​ផ្សេង​ទៀត​នៅ​កម្ពុជា ដោយ​មួយ​ក្នុង​ចំណោម​នោះ គឺ​មណ្ឌល​កុមារ​កំព្រា​នៅ​ខេត្ត​ព្រៃវែង ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ការស៊ើបអង្កេត​កាលពី​មួយ​ឆ្នាំ​កន្លង។

អ្នកស្រី​បញ្ជាក់​ថា លោក សុធា អរុណ និង​បក្សពួក បាន​បង្ក និង​បន្សល់​ទុក​នូវ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ដែល​នៅតែ​ដិតដាម​ក្នុង​ចិត្ត​អង្គការ​សុវណ្ណ​កុមារ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ មេធាវី​ការពារ​ក្ដី​អង្គការ​សុវណ្ណ​កុមារ លោក Bradley James Gordon បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា រូប​លោក​បាន​ផ្ញើ​លិខិត​មួយ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​សុំ​ឱ្យ​ជួយ​ផ្ដល់​យុត្តិធម៌ និង​សិទ្ធិ​ស្រប​ច្បាប់​សម្រាប់​អង្គការ និង​ខ្លួន​លោក​ផ្ទាល់។

ក្រៅពី​ផ្ញើ​ទៅ​លោក ហ៊ុន សែន នោះ លោក Bradley James Gordo ក៏​បាន​ផ្ញើ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទីភ្នាក់ងារ​អភិវឌ្ឍន៍ USAID អង្គការ Save The Children និង​អង្គការ​យូនីសេហ្វ ដោយ​រៀបរាប់​អំពី​កំហុស​លោក សុធា អរុណ និង​បក្ខពួក​ក្នុង​ការ​គ្រប់គ្រង​អង្គការ​សុវណ្ណ​កុមារ ដែល​នាំ​ឱ្យ​មាន​ការ​កេងប្រវ័ញ្ច​ផលប្រយោជន៍​របស់​អង្គការ និង​ការ​រំលោភបំពាន​សិទ្ធិ​កុមារ រហូត​ដល់​ទៅ​មាន​ការ​រំលោភបំពាន​សេពសន្ថវៈ។

ជាង​នេះ​ទៅ​ទៀត លោក សុធា អរុណ ក៏​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​ថវិកា​ម្ចាស់​ជំនួយ ១,៤​លាន​ដុល្លារ។

ក្រៅ​ពី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហើយ លោក​ក៏​ត្រូវ​បាន​កុមារ​នៅ​ក្នុង​អង្គការ​សុវណ្ណ​កុមារ អះអាង​ថា បាន​រំលោភបំពាន​ផ្លូវ​ភេទ​លើ​កុមារ និង​បណ្តោយ​ឱ្យ​មាន​អំពើ​ហិង្សា​លើ​កុមារ​ជាដើម​កាលពី​ចុង​ឆ្នាំ​២០១៩។

អង្គការ​សុវណ្ណ​កុមារ គឺជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​មួយ​នៅ​កម្ពុជា ដែល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៣ ដោយ​អ្នកស្រី Elisabeth Rose Johson ប៉ុន្តែ​អ្នកស្រី​បាន​ទទួល​មរណភាព​កាលពី​ឆ្នាំ​២០១៧។

ក្រោយ​ពី​អ្នកស្រី Elisabeth Rose Johson ទទួល​មរណភាព​មក លោក សុធា អរុណ ដែល​ជា​បុគ្គលិក​របស់​អង្គការ​នេះ ត្រូវ​បាន​គេ​តែងតាំង​ជា​នាយក​ប្រតិបត្តិ។ អង្គការ​សុវណ្ណ​កុមារ មាន​ចក្ខុវិស័យ និង​ភារកិច្ច​តួនាទី​បេសកកម្ម ដើម្បី​ថែរក្សា ចិញ្ចឹម​កុមារ​ទុគ៌ត និង​កុមារ​កំព្រា​ជាដើម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស