25 C
Phnom Penh

អ្នក​ឃ្លាំមើល​សង្គម​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​បំណង​គេច​ពី​ការប្រជុំ​អាស៊ី-អឺរ៉ុប​ដោយ​ចំមុខ​ជាមួយ​តំណាង​ប្រទេស​លោកសេរី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​នយោបាយ​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​លើកឡើង​ថា ការប្រជុំ​អាស៊ី-អឺរ៉ុប​តាម​ប្រព័ន្ធ​វីដេអូ គឺ​ពិតជា​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​ចំពោះ​ការ​ប្រឈម​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង​ពី​ការ​សួរ​ដេញដោល​អំពី​ការ​ធ្លាក់ចុះ​នូវ​ការគោរព​សិទ្ធិមនុស្ស និង​ការ​ជាន់​ឈ្លី​លទ្ធិប្រជាធិបតេយ្យ​ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​នេះ។

ការ​លើកឡើង​នេះ ធ្វើឡើង​ហាក់​រិះគន់​ចំៗ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​បំណង​គេចវេស​ពី​ការប្រជុំ​ដោយ​ចំមុខ​ជាមួយ​តំណាង​ប្រទេស​លោកសេរី​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ថា ពិភពលោក​នឹង​គ្មាន​ហេតុផល​ណា​ដែល​អាច​ជំរុញ​ឲ្យ​កម្ពុជា​ត្រូវ​បើក​កិច្ចប្រជុំ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​បំណង​គេចវេស​ពី​ការប្រជុំ​ដោយ​ចំមុខ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​តាមរយៈ​នៃ​ការ​បំប៉ោង​សភាពការណ៍ Covid-19 នេះ​អស់​រយៈពេល​រាប់​ខែ​មក​ហើយ។

លោក​អះអាង​ថា បើ​ទោះបីជា​មិន​មាន​វិបត្តិ Covid-19 កើតឡើង​ធ្ងន់ធ្ងរ​ក៏ដោយ ក៏​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​រុញ​ស្ថានភាព Covid-19 នេះ​ឲ្យ​មើល​ទៅ​ឃើញ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត ដើម្បី​ចៀស​នូវ​ការរិះគន់​ចំមុខ​ពី​សំណាក់​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ និង​ការ​ជំរុញ​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ជាដើម។

លោក ម៉ែន ណាត បញ្ជាក់​ថា បើ​រដ្ឋាភិបាល​កម្ពុជា​អាច​ងាក​ទៅ​គោរព​គោលការណ៍​សិទ្ធិមនុស្ស ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ និង​មាន​ការ​ដោះលែង​អ្នកទោស​មនសិការ​ដែល​អាជ្ញាធរ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​នា​ពេល​កន្លង​មក នោះ​កម្ពុជា​នឹង​ទទួល​បាន​ការ​កោតសរសើរ និង​លើក​ទឹកចិត្ត​ពី​តំណាង​ប្រទេស​លោកសេរី​ដែល​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប នៅ​ពេល​នោះ​ជាមិនខាន ហើយ​កម្ពុជា​ក៏​នឹង​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន​ពី​កិច្ចប្រជុំ​នោះ​ផង​ដែរ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 នៅ​ជុំវិញ​ពិភពលោក ក៏ដូចជា​នៅ​កម្ពុជា​ផង​ដែរ​នោះ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ នៅ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​ វីដេអូ​ជំនួស​វិញ។

ក្រុម​អ្នកឃ្លាំមើល​រិះគន់​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម​គេច​ពី​សហគមន៍​អន្តរជាតិ​ដែល​តែង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន និង​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដូច្នេះ​ដើម្បី​គេច​ចេញ​ពី​បញ្ហា​នេះ មាន​តែ​យក Covid-19 ធ្វើ​ជា​លេស​ប៉ុណ្ណោះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស