27 C
Phnom Penh

របៀបវារៈ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អាមេរិក​អំពី​សមុទ្រ​ចិន​ខាងត្បូង ភូមា និង​បញ្ហា​ជំងឺ​កូវីដ

បទវិភាគ

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​អាមេរិក កំណត់​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​១៤ កក្កដា នេះ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាមរយៈ video conference។ នេះ​បើ​តាម​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១២ កក្កដា ហើយ​ស្រង់​មក​ចុះផ្សាយ​ដោយ​សារព័ត៌មាន South China Morning Post។

កិច្ចប្រជុំ​នេះ គឺ​ជា​លើកដំបូង​ចាប់តាំង​ពី​លោក ចូ បៃដិន ចូល​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១។ កិច្ចប្រជុំ​នេះ គ្រោង​ធ្វើឡើង​កាលពី​ខែ​ឧសភា ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ដោយសារតែ​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Antony Blinken ជាប់​ធ្វើ​ដំណើរ​ទៅ​មជ្ឈិមបូព៌ា ហើយ​មិន​អាច​ភ្ជាប់​ការប្រជុំ​បាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ខណៈ​លោក​កំពុង​ស្ថិត​នៅ​លើ​យន្តហោះ។

កិច្ចប្រជុំ​នៅ​ថ្ងៃ​ពុធ ក្នុង​សប្ដាហ៍​នេះ នឹង​ប្រើ​ពេល ៩០​នាទី ដោយ​មាន​ការចូលរួម​របស់​លោក​រដ្ឋមន្ត្រី Antony Blinken និង​សមភាគី​សមាគម​អាស៊ាន ១០​ប្រទេស ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ការបរទេស​ភូមា ដែល​ពួក​យោធា​លើក​បន្តុប​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​អាស៊ាន​ម្នាក់​បាន​និយាយ​ថា កិច្ចប្រជុំ​នេះ​ផ្ដោត​លើ​ការ​ពង្រឹង​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សមាគម​អាស៊ាន និង​សហរដ្ឋ​អាមេរិក ក្រោយ​រដ្ឋការ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ តែ​កិច្ចប្រជុំ​នេះ​អាច​ផ្ដោត​លើ​របៀបវារៈ​ធំ​៣ គឺ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ប្រទេស​ភូមា និង​បញ្ហា​ជំងឺ​កូវីដ-១៩។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា អាច​នឹង​មិន​លើកឡើង​ទេ តែ​គ្រាន់តែ​ការ​សម្ដែង​ការ​ព្រួយ​បារម្ភ។ តែ​បែប​នេះ​ក្ដី សេចក្ដី​ថ្លែងការណ៍​រួម​ក្រោយ​បិទ​បញ្ចប់​កិច្ចប្រជុំ នឹង​ធ្វើ​រួមគ្នា​ដោយ​ប្រទេស​ឡាវ និង​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រួម។

ឡាវ ដែល​ជា​អ្នក​សម្របសម្រួល​នៃ​កិច្ចប្រជុំ បាន​បង្ហាញ​ជំហរ​របស់​ខ្លួន​ដោយ​ចង់​យក​បញ្ហា​សន្តិសុខ​តំបន់​ទៅ​ប្រជុំ​នៅ​ខែ​ក្រោយ​ទៀត ប៉ុន្តែ​ប្រទេស​សិង្ហបុរី ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី ជំទាស់។

អាស៊ាន បាន​បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន​ជាមួយ​សមភាគី​ចិន កាលពី​ថ្ងៃ​ទី​៧ មិថុនា នៅ​ក្នុង​ខេត្ត​ជុងគីង ប្រទេស​ចិន ហើយ​បាន​បើក​កិច្ចប្រជុំ​ជាមួយ​រុស្ស៊ី នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា។

ជា​ការ​កត់សម្គាល់​មួយ​ដែល​ប្រទេស​ឡាវ ក្នុង​នាម​អ្នក​សម្របសម្រួល​កិច្ចប្រជុំ​នេះ ដែល​ព្យាយាម​សុំ​លើក​ពេល​និយាយ​អំពី​បញ្ហា​សន្តិសុខ​តំបន់ ក្នុង​នោះ​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺ​កើតឡើង​ចំ​ពេល​ដែល​មាន​ភាព​តានតឹង​រវាង​ចិន និង​ហ្វីលីពីន និង​រវាង​ចិន និង​វៀតណាម ជាពិសេស​រវាង​អាមេរិក និង​ចិន កំពុង​កើន​ឡើង។

ជំហរ​របស់​ប្រទេស​ឡាវ ជា​កូនបំណុល​ចិន​ពាន់​លាន​ដុល្លារ កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន ក៏​កើតឡើង​បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន បាន​ព្រមាន​ប្រទេស​ចិន​ជាថ្មី​ម្តង​ទៀត​ថា ការវាយប្រហារ​ណាមួយ​លើ​កងទ័ព​ហ្វីលីពីន​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​នោះ នឹង​អាច​នាំ​ឲ្យ​អាមេរិក​ប្រើ​សន្ធិសញ្ញា​ការពារ​គ្នា​ទៅវិញ​ទៅមក​រវាង​អាមេរិក និង​ហ្វីលីពីន ឆ្នាំ​១៩៥១ គឺ​ការពារ​ហ្វីលីពីន ពី​ការ​ប្រឆាំង​របស់​ចិន។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Antony Blinken បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ធ្វើឡើង​ចំ​ខួប ៥​ឆ្នាំ​នៃ​សាលក្រម​របស់​តុលាការ​មជ្ឈត្តការ​អន្តរជាតិ ដែល​បាន​បដិសេធ​ការ​ទាមទារ​កាន់កាប់​របស់​ចិន​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​ក្រុង​ប៉េកាំង​អះអាង​ថា​ខ្លួន​គេ​មាន​កម្មសិទ្ធិ​លើសលុប​នៅ​ក្នុង​លំហសមុទ្រ​លាតសន្ធឹង​ជាង ៣​លាន​គីឡូម៉ែត្រ​ក្រឡា និង​មាន ២៥០​កោះ។

ប្រទេស​ចិន ដែល​បាន​ទាមទារ​ដែនទឹក​លើសលុប​នេះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ទទួល​រង​នូវ​ការ​តវ៉ា​ពី​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​កោះ​តៃវ៉ាន់។ តែ​បែប​នេះ​ក្ដី ចិន​បាន​បញ្ជាក់​ជា​ថ្មី​ទៀត​ថា ចិន​មិន​ទទួលស្គាល់​សាលក្រម​របស់​តុលាការ​អន្តរជាតិ​នោះ​ដាច់ខាត។

សម្រាប់​លោក Blinken ដែល​គេ​រំពឹង​ថា​លោក​នឹង​លើកឡើង​អំពី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​សូម​បញ្ជាក់​ជា​ថ្មី​នូវ​នយោបាយ​របស់​ខ្លួន​ចំពោះ​ការ​ទាមទារ​របស់​ចិន នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង គឺ​អាមេរិក​ប្រកាន់​ជំហរ​មួយ​សំដៅ​ការពារ​សេរីភាព​នាវាចរណ៍​អន្តរជាតិ និង​ជួយ​ការពារ​ដែនទឹក​ប្រទេស​ក្នុង​តំបន់។

លោក​បញ្ជាក់​ថា រដ្ឋការ​របស់​លោក បៃដិន បាន​ប្រកាស​គាំទ្រ​យុទ្ធសាស្ត្រ​របស់​រដ្ឋការ​អតីត​ប្រធានាធិបតី Donald Trump ប្រឆាំង​ការ​វាតទី​របស់​ចិន។

ប្រមុខ​ការទូត​អាមេរិក​រូប​នេះ​បាន​ចោទ​ប្រទេស​ចិន​ថា​បាន​បង្ខិតបង្ខំ និង​បំភិតបំភ័យ​បណ្តា​រដ្ឋ​នៅ​ជាប់​ឆ្នេរសមុទ្រ​នៅ​អាស៊ី​អាគ្នេយ៍ ដោយ​គំរាមកំហែង​ដល់​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​សមុទ្រ​របស់​ពិភព​ដ៏​សំខាន់​នេះ។

យ៉ាងណា សម្រាប់​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​នាវា​ចម្បាំង​ទៅ​បណ្ដែត​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​រួច​ហើយ ក្នុង​នោះ​មាន​នាវា​ផ្ទុក​យន្តហោះ USS Ronald Regan ដែល​នៅ​លើ​នាវា​នោះ​មាន​យន្តហោះ​ចម្បាំង ៧០​គ្រឿង បាន​កំពុង​ស្ថិតនៅ​សមុទ្រ​ហ្វីលីពីន។ មិន​ថា​ឡើយ​សហរដ្ឋ​អាមេរិក​នោះ​ទេ ចូល​ពាក់ព័ន្ធ​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ប្រឆាំង​ការ​វាតទី​របស់​មហាយក្ស​ចិន គឺ​ចក្រភព​អង់គ្លេស បារាំង ជប៉ុន ឥណ្ឌា អូស្ត្រាលី ហូឡង់ កាណាដា អាល្លឺម៉ង់ ក៏​បាន​សម្រេច​ចូល​ពាក់ព័ន្ធ​នឹង​ជម្លោះ​នោះ​ដែរ ដោយ​ពួកគេ​ចាត់​ទុក​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្លូវ​នាវាចរ​អន្តរជាតិ​ដោយ​គ្មាន​ប្រទេស​ណាមួយ​កាន់កាប់​ផ្ដាច់មុខ​បាន​ឡើយ។

ចំពោះ​ករណី​សមុទ្រ​ចិន​ខាងត្បូង​នេះ អាស៊ាន​បាន​ត្រឹម​ទទួល​យក​ការ​សន្យា​របស់​ចិន ថា​នឹង​ដោះស្រាយ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ តែ​ចិន​នៅតែ​ត្រូវ​បាន​មើលឃើញ​ថា បំពាន​ដែនទឹក​ប្រទេស​ក្នុង​តំបន់​ដដែល ហើយ​នេះ​គឺ​របៀបវារៈ​រសើប​មួយ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បូក​អាមេរិក នៅ​ថ្ងៃ​ទី​១៤ កក្កដា នេះ។

ចំពោះ​បញ្ហា​ប្រទេស​ភូមា ក៏​ត្រូវ​បាន​មើលឃើញ​ថា​ជា​រឿង​ដ៏​ចម្រូងចម្រាស​មួយ​ដែរ ព្រោះ​ប្រទេស​ខ្លះ​នៅតែ​ប្រកាន់​គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ក្នុង​សមាគម។ ប្រទេស​ទាំងនោះ​ហើយ​ដែល​ចង់​ឱ្យ​របប​សឹក​នៅ​បន្ត​កាន់​អំណាច ព្រោះ​ការ​ដឹកនាំ​របស់​ពួកគេ​ក៏​មិន​ខុស​នឹង​ពួក​យោធា​ភូមា​ប៉ុន្មាន​ដែរ គឺ​ការ​ឡើង​កាន់​អំណាច​ដោយ​ការ​កម្ចាត់​បក្ស​ប្រឆាំង​មុន​ការបោះឆ្នោត៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស