27 C
Phnom Penh

ប្រធាន​និង​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ

បទវិភាគ

ពលរដ្ឋ និង​មន្ត្រី​រាជការ​ភាគច្រើន​បាន​ចោទ​លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ថា​បាន​ពង្រឹង​បក្ខពួក​ដើម្បី​ពង្រឹង​បណ្ដាញ​ពុករលួយ​ចាប់តាំង​ពី​ឡើង​កាន់​តំណែង​ថ្មី​មក ដោយ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច និង​ពពួក​ឧកញ៉ា​មាន​ទ្រព្យ​នៅ​លើ​ទីតាំង​ដី​គម្រប​ព្រៃឈើ និង​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ​ជាដើម។

ប្រភព​ពី​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ឲ្យ​សារព័ត៌មាន The Cambodia Daily ដឹង​ថា ជាបន្តបន្ទាប់​មកនេះ លោក ចេង ស្រុង បាន​បន្ត​ចេញ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​មន្ត្រី​មាន​អំណាច និង​ពពួក​ឧកញ៉ាៗ​មាន​ទ្រព្យ រួម​មាន លោក លី ហាក់ និង​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ទំហំ​ផ្ទៃដី​រាប់​រយ​ហិកតារ ជា​ថ្នូរ​ទទួល​សំណូក​ពុករលួយ។ ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ និង​អាស្រ័យផល​នៅ​លើ​ដី​ជាក់ស្តែង​នៅ​តាម​សហគមន៍​ភាគច្រើន​នៃ​ខេត្ត​ព្រះសីហនុ វិញ បែរជា​មិនព្រម​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ពួកគាត់​ប្រើប្រាស់​ឡើយ។

ប្រភព​បញ្ជាក់​ទៀត​ថា ជាក់ស្តែង លោក ចេង ស្រុង បាន​ចេញ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​មាន​ទំហំ​ផ្ទៃដី​ជាង ៣២​ហិកតារ​ទៅ​ឲ្យ​ឧកញ៉ា​មាន​ទ្រព្យ​ម្នាក់​ឈ្មោះ លី ហាក់ ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​ដី​ព្រៃឈើ និង​តំបន់​រក្សា​ប្រភព​ទឹកស្អាត​ក្បាលឆាយ មាន​ទីតាំង​ក្នុង​សង្កាត់​លេខ១ ក្រុង-ខេត្ត​ព្រះសីហនុ។ មិន​ត្រឹម​តែប៉ុណ្ណោះ លោក ចេង ស្រុង ក៏​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​យ៉ាង​តក់ក្រហល់​មាន​ទំហំ​ផ្ទៃដី​រហូត​ជិត ១២០​ហិកតារ​មាន​ទីតាំង​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ជូន​លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសនីយ៍ ដែល​នាំ​ឲ្យ​បំផ្លាញ​ដល់​ធនធាន​ព្រៃឈើ​រលាយ​ហិនហោច។

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក ចេង ស្រុង

ប្រភព​ដដែល​បាន​រិះគន់​ថា សព្វថ្ងៃ​នេះ មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ស្ទើរ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​រកស៊ី​ផ្ដាច់មុខ​របស់​លោក ចេង ស្រុង និង​លោក សេង សុខណាក់ ព្រមទាំង​បក្ខពួក សម្រាប់​រក​ប្រាក់​ចំណូល​ចូល​ហោប៉ៅ​ឯកជន។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក ចេង ស្រុង បាន​ចាត់តាំង​លោក សេង សុខណាក់ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ឲ្យ​ទទួល​បន្ទុក​ពិនិត្យ​ឯកសារ​ដីធ្លី និង​ប្រើ​គ្រប់​វិធីសាស្ត្រ​ពី​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ក្រុមហ៊ុន មន្ត្រី​មាន​អំណាច និង​ពពួក​ឈ្មួញ​មាន​ទ្រព្យ ជា​ថ្នូរ​ទទួល​បាន​សំណូក​ពុករលួយ។

ក្រុម​ពលរដ្ឋ​បាន​ស្នើ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ជួយ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿង​អាស្រូវ​ពុករលួយ​របស់​លោក ចេង ស្រុង និង​លោក សេង សុខណាក់ ប្រធាន-អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ដែល​បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ។

មន្ត្រី​រាជការ​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ បាន​រិះគន់​ថា អំពើ​ពុករលួយ​ដែល​លោក ចេង ស្រុង បាន​ប្រព្រឹត្ត គឺ​ចាប់តាំង​ពី​រូប​លោក​បាន​មក​ដឹកនាំ​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ប៉ុន្មាន​ឆ្នាំ​មកនេះ គឺ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ខ្លាំង​ជាង​អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ រាប់​រយ​ដង​ឯណោះ។

មន្ត្រី​រាជការ និង​ពលរដ្ឋ​ភាគច្រើន​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ទទូច​ស្នើ​ដល់​លោក ឱម យ៉ិនទៀង អនុវត្ត​វិធានការ​លើ​លោក ចេង ស្រុង និង​លោក សេង សុខណាក់ ព្រមទាំង​បក្ខពួក ឲ្យ​ដូច​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ធ្លាប់​បាន​អនុវត្ត​លើ​អតីត​ប្រធាន​មន្ទីរ​ដែនដី​ខេត្ត​ព្រះសីហនុ នេះ​ដែរ។

ទោះ​យ៉ាងណា សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​មាន​ប្រភព​ទាក់ទង​លោក ចេង ស្រុង និង​លោក សេង សុខណាក់ ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ខាងលើ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២១៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស