29 C
Phnom Penh

អ្នកវិភាគ៖ ការបោះបង់​ចោល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​គឺ​ដូចជា​ការ​កាប់​ព្រៃ​ឫស្សី​ដែល​ការពារ​បន្ទាយលង្វែក​ដូច្នោះ​ដែរ

បទវិភាគ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ព្រមាន​ថា ការបោះបង់​ចោល​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​មិន​ខុស​ពី​ការ​កាប់​ព្រៃ​ឫស្សី​ដែល​ជា​កំផែង​សម្រាប់​ការពារ​បន្ទាយលង្វែក ឲ្យ​ទ័ព​សៀម​ចូល​វាយលុក​យក​បន្ទាយ​របស់​ខ្លួន​ដូច្នោះ​ដែរ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១ ថា ដើម្បី​ឲ្យ​ខ្មែរ​អាច​រក្សា​អធិបតេយ្យ​ជាតិ​របស់​ខ្លួន​បាន កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​លិខិតុបករណ៍​អន្តរជាតិ​ដែល​ខ្លួន​បាន​ផ្តល់​សច្ចាប័ន​កន្លងមក ដើម្បី​ចៀសវាង​ធ្វើ​ខ្លួន​ជា​ស្មៅ​ដែល​រេ​តាម​ខ្យល់​ដូច​កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ ដែល​បាន​បោះបង់​អព្យាក្រឹតភាព​របស់​ខ្លួន​លួច​សហការ​ជាមួយ​កងទ័ព​វៀតណាម​កុម្មុយនីស្ត ដែល​នាំ​បញ្ហា​ដាក់​ខ្លួន​រហូត​មក​ទល់​សព្វថ្ងៃ​នេះ។

លោក​អះអាង​ថា មេដឹកនាំ​កម្ពុជា​គួរតែ​ប្រើ​ការ​គិត​ជា​លក្ខណៈ​វិជ្ជមាន​ថា ខ្លួន​មិនមែន​ជា​ស្មៅ ហើយ​ពួក​ប្រទេស​មហាអំណាច​ក៏​មិនមែន​ជា​សត្វ​ដំរី​នោះ​ដែរ ដូច្នេះ​បើ​គិត​បែប​នេះ ប្រហែល​ជា​កម្ពុជា​អាច​ការពារ​ខ្លួន​កុំ​ឲ្យ​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​រវាង​មហាអំណាច​លើ​ពិភពលោក ឬ​ការ​កេង​យក​ផល​ចំណេញ​ពី​ជម្លោះ​របស់​ពួកគេ​ពី​កម្ពុជា​បាន​ថែមទៀត​ផង។

បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​ថា ដោយសារតែ​មេដឹកនាំ​ខ្មែរ​ដាក់​ខ្លួន​ថា​ទៅ​ជា​ស្មៅ​បែប​នេះ​ហើយ ទើប​បោះបង់​ចោល​គោលការណ៍​អព្យាក្រឹតភាព​របស់​ខ្លួន​ឲ្យ​កងទ័ព​​កុម្មុយនីស្ត​យៀកណាម ចូល​ស្នាក់​នៅ និង​ប្រើប្រាស់​ទឹកដី​ខ្មែរ​ដើម្បី​ច្បាំង​ជាមួយ​អាមេរិក​ក្នុង​សម័យ​សង្គ្រាម​វៀតណាម​ខាងជើង និង​ខាងត្បូង ដែល​ធ្វើ​ឲ្យ​ភ្លើង​សង្គ្រាម​នៅ​ពេល​នោះ​ឆេះ​រាលដាល​ដល់​កម្ពុជា​ថែម​ទៀត។

អ្នកវិភាគ​រូប​នេះ​បញ្ជាក់​ថា ខ្មែរ​គួរ​សិក្សា​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដើម្បី​ឲ្យ​ដឹង​ពី​មូលហេតុ និង​គោលបំណង​របស់​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នៅ​ពេល​ដែល​ប្រទេស​ទាំងអស់​រួម​ទាំង​កម្ពុជា​ផង បាន​សន្យា​ជា​ឱឡារិក​ទទួលស្គាល់​អធិបតេយ្យភាព ឯករាជ្យជាតិ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា។

បណ្ឌិត ឡៅ ម៉ុងហៃ គូស​បញ្ជាក់​ថា ការ​សន្យា​ទាំងនេះ គឺជា​ការ​ធានា​លក្ខណៈ​អន្តរជាតិ​ដែល​មិន​អាច​បរទេស​ណា​រំលោភ​បាន​ឡើយ ដូច្នេះ​កម្ពុជា​ត្រូវតែ​អនុវត្ត​យន្តការ​អន្តរជាតិ​មួយ​នេះ ដើម្បី​ស្ដារ​កិត្តិយស​ជាតិ និង​ឯករាជភាព​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​ឡើងវិញ។

ការ​លើកឡើង​របស់​បណ្ឌិត ឡៅ ម៉ុងហៃ បែប​នេះ គឺ​ស្រប​ពេល​ដែល​មាន​ការ​លើកឡើង​ពី​ជំហរ​របស់​កម្ពុជា​ដែល​ហាក់​មិន​មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​រក្សា​អធិបតេយ្យភាព​របស់​ខ្លួន បន្ទាប់ពី​កម្ពុជា​ទទួល​បាន​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​មហាអំណាច​ចិន ជា​បន្តបន្ទាប់​ក្នុង​អំឡុង​ពេល​នៃ​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នៅ​ពេល​នេះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា រដ្ឋាភិបាល និង​រដ្ឋសភា​ឯកបក្ស​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​មាន​ជំហរ​ណាមួយ​ងាក​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ បើ​ទោះបីជា​កម្ពុជា​ត្រូវ​បាន​បញ្ចប់​សង្គ្រាម​ទាំងស្រុង​ក្រោម​កិច្ចប្រជុំ​កំពូល​ពី​បណ្តា​ប្រទេស​លោកសេរី ដែល​បាន​បង្កើត​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ដែល​ធានា​នូវ​សន្តិសុខ និង​អធិបតេយ្យភាព​របស់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក៏ដោយ។

ពួកគេ​រិះគន់​ថា ក្រោយ​ការ​កាន់​អំណាច​អស់​រយៈពេល​ជាង ៤០​ឆ្នាំ លោក ហ៊ុន សែន ហាក់​មិន​ទាន់​មាន​ជំហរ​ច្បាស់​ដោយ​ខ្លួនឯង​នៅឡើយ ដើម្បី​ធានា​ឯករាជភាព បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​កម្ពុជា​នៅឡើយ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​តែងតែ​អួត​ពី​អធិបតេយ្យ​ជាតិ​ដោយ​ការ​ពឹង​បរទេស​កុម្មុយនីស្ត ដូចជា​វៀតណាម និង​ចិន ដែល​គាត់​ធ្លាប់​ធ្វើ​តាំងពី​ឆ្នាំ​១៩៨៥ រហូត​ដល់​បច្ចុប្បន្ន​នេះ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​មហាអំណាច​ពិភពលោក ដូច​អាមេរិក​ជាដើម​ថា បើ​កម្ពុជា​មិន​បាន​ពឹង​មហាអំណាច​កុម្មុយនីស្ត​ចិន​ទេ នោះ​កម្ពុជា​ក៏​មិន​មាន​ការ​រីក​ចម្រើន​ដូច​សព្វថ្ងៃ​នេះ​ដែរ។

លោក ហ៊ុន សែន បញ្ជាក់​ច្បាស់ៗ​ថា ជំនួយ​ចិន មិន​ត្រឹមតែ​ជួយ​ឲ្យ​កម្ពុជា​រីកចម្រើន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ផ្តល់​ឲ្យ​កម្ពុជា​មាន​ឯករាជភាព​ផ្នែក​នយោបាយ​ផង​ដែរ។ ជាក់ស្តែង ដោយសារ​ជំនួយ​ចិន ទើប​កម្ពុជា​មាន​ស្ពាន​ឆ្លង​ទន្លេ មាន​ផ្លូវ​ខ្វាត់ខ្វែង ជាពិសេស​មាន​វ៉ាក់សាំង​ប្រឆាំង​ជំងឺ Covid-19 នេះ​តែម្តង។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន អាច​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​​​ដឹកនាំ​ប្រទេស​ទៅ​រក​ភាព​អន់ថយ​របស់​គាត់​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​កន្លងមក​នេះ​ថា កុំ​ថា​ឡើយ​ធានា​ឯករាជភាព​ជូន​ពលរដ្ឋ​ខ្មែរ សូម្បី​ដឹកនាំ​ឲ្យ​មាន​សេវា​សាធារណៈ​ដើម្បី​ធានា​សុខមាលភាព​ជូន​ពលរដ្ឋ​របស់​ខ្លួន ក៏​មិន​អាច​ធ្វើ​បាន​ផង។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (Paris Peace Accords) គឺជា​កិច្ចព្រមព្រៀង​មួយ​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​គោលបំណង​ឈាន​ទៅ​រក​ការ​បង្រួបបង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស ឯករាជភាព បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ​ដែល​មាន​ការចូលរួម​ពី​ប្រទេស​ចំនួន​១៩ លើ​សកលលោក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស