29 C
Phnom Penh

មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​ប្រតិកម្ម​នឹង​តុលាការ​កាត់ទោស​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ជាប់​ពន្ធនាគារ​១០​ខែ

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​ប្រតិកម្ម​ចំពោះ​ការ​កាត់​ក្តី​របស់​តុលាការ​ខេត្ត​បាត់ដំបង ដែល​បាន​សម្រេច​ឲ្យ​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ជាប់​ពន្ធនាគារ ១០​ខែ ថា​ជា​ការ​កាត់ក្តី​យ៉ាង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន។

ការ​លើកឡើង​របស់​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ គឺ​បន្ទាប់ពី​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​សម្រេច​កាត់ទោស​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ ក្រោយ​ពី​បុរស​រូប​នេះ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម រិះគន់​រដ្ឋាភិបាល​កម្ពុជា​ទាក់ទង​នឹង​ការ​ទិញ​ផ្លែ​មៀន​កាលពី​ពេល​ថ្មីៗ​នេះ។

អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ខឺយ ស៊ីនឿន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា ការ​កាត់​សេចក្ដី​របស់​តុលាការ​ខេត្ត​បាត់ដំបង ពិតជា​អយុត្តិធម៌​ណាស់ គ្រាន់តែ​ប្រជាពលរដ្ឋ​សម្ដែង​មតិ​យោបល់​ពី​កង្វល់​ចំពោះ​មុខរបរ​ក៏ដូចជា​កសិផល​របស់​ពួកគាត់​ដែល​កំពុង​ជួប​វិបត្តិ​គ្មាន​ទីផ្សារ ស្រប​តាម​សិទ្ធិ​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ដែរ។

លោក​អះអាង​ថា តុលាការ​មិន​គួរ​យក​កង្វល់​របស់​កសិករ​ដែល​កំពុង​ជួប​បញ្ហា​លើ​កសិផល​គ្មាន​ទីផ្សារ​ធ្វើជា​ហេតុផល​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ​ទេ ព្រោះ​ថា​នេះ​គឺជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ និង​ជា​កង្វល់​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​ចូលរួម​ក្នុង​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។

លោក ខឺយ ស៊ីនឿន បញ្ជាក់​ថា ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព​ពេញលេញ លុះត្រាតែ​ពួកគេ​អាច​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ ដោយ​គ្មាន​ការ​គំរាមកំហែង ប៉ុន្តែ​ប្រសិនបើ​មាន​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​នោះ មានន័យ​ថា​ការ​ប្រើប្រាស់​សិទ្ធិ​នោះ គឺ​មិន​អាច​អនុវត្ត​បាន​ទេ ហើយ​ក៏​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។

អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក ខឺយ ស៊ីនឿន

សាលាដំបូង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា បាន​សម្រេច​ឲ្យ​ម្ចាស់​ចម្ការ​ផ្លែ​មៀន​ម្នាក់​ដែល​ជា​ម្ចាស់​គណនី Facebook ឈ្មោះ Accoun Nt ដែល​មាន​ឈ្មោះ​ពិត​ថា ងួន លី រស់នៅ​ភូមិ​ដីក្រហម ឃុំ​តាសែន ស្រុក​កំរៀង ខេត្ត​បាត់ដំបង ឲ្យ​ជាប់​ពន្ធនាគារ ១០​ខែ ដោយ​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ងួន លី បាន​ឡាយ​លើ​បណ្ដាញ​សង្គម Facebook កាលពី​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ​ថា មុន​ដំបូង​ខាង​អាជ្ញាធរ​មូលដ្ឋាន​ប្រាប់​ឲ្យ​ពួកគាត់​បេះ​ផ្លែ​មៀន​ពី​ចម្ការ​ទាំងអស់​មក ប៉ុន្តែ​ក្រោយមក​ថា​មិន​មាន​ការ​ទិញ​ទៅ​វិញ។

លោក​ថា បើ​មិន​ទិញ កុំ​ឲ្យ​គាត់​កាច់​ផ្លែ​មៀន​ពី​ដើម​នាំ​តែ​ខាត​លុយ ព្រោះ​ត្រូវ​ចំណាយ​លើ​ថ្លៃ​កម្មករ​ដែល​ត្រូវ​បេះ​ផ្លែ​មៀន​ច្រើន​ណាស់ លើស​ពី​នេះ ត្រូវ​ចំណាយ​លើ​ថ្លៃ​ឈ្នួល​ឡាន​ដឹក​កម្មករ​ទៅវិញ​ទៅមក​ផង​ដែរ និង​ចំណាយ​ថ្លៃ​ទិញ​កេស​សម្រាប់​ដាក់​ផ្លែ​មៀន​ថែមទៀត។

យុវជន​រស់នៅ​ខេត្ត​បាត់ដំបង ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ពី​បទ ញុះញង់ ក្រោយពី​បុរស​រូប​នេះ​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​ដោយ​ត្អូញត្អែរ​អំពី​ផ្លែ​មៀន​ដែល​កសិករ​បេះ​រួច តែ​បែរជា​រដ្ឋាភិបាល​មិន​ទិញ​ពី​ពួក​គាត់។

កាលពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មេ​បញ្ជាការដ្ឋាន​កង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃ យក​ទៅ​ចែក​ជូន​កងទ័ព នគរបាល គ្រូពេទ្យ អ្នកជំងឺ និង​ពលរដ្ឋ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ព្យាបាល​ជំងឺ Covid-19។

លោក ហ៊ុន សែន បញ្ជាក់​ថា លោក​អាច​បញ្ចាំ​ផ្ទះ​យក​លុយ​ទៅ​ទិញ​ផ្លែ​មៀន​ទាំងនោះ​ពី​កសិករ​ដែល​កំពុង​ជួប​ការ​លំបាក តែ​លោក​ពុំ​មាន​លទ្ធភាព​ជួយ​ដល់​ម្ចាស់​ដី​ដែល​មាន​ចម្ការ​ផ្លែ​មៀន​ច្រើន​បាន​ទេ។ ប៉ុន្តែ​លោក​ថា នេះ​ជា​វិធី​ដោះ​ទាល់​មួយ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ដើម្បី​កុំ​ឱ្យ​កសិករ​ខាតបង់​ធ្ងន់ធ្ងរ​ពេក។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា វិធានការ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ទិញ​ផ្លែ​មៀន​នេះ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​តែប៉ុណ្ណោះ ព្រោះ​ថា​បញ្ជា​របស់​គាត់​មិនមែន​ជា​ដំណោះស្រាយ​រក​ទីផ្សារ​កសិផល​ឲ្យ​កសិករ​នោះ​ទេ ដំណោះស្រាយ​នេះ​គ្រាន់តែ​ជា​វិធី​ឆក់​ឱកាស​កេង​ចំណេញ​នយោបាយ​ប៉ុណ្ណោះ ខណៈ​ផ្លែ​មៀន​រាប់​ម៉ឺន​តោន​នៅសល់​ស្អេកស្កះ​លក់​មិន​ចេញ បង្ក​ការ​ខាតបង់​ដល់​កសិករ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ពេលនេះ។

ទាក់ទង​នឹង​ការ​កាត់​សេចក្ដី​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ​មៀន ដែល​បង្ហោះ​សារ​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ផលិតផល​កសិកម្ម​នោះ គឺ​ធ្វើឡើង​ផ្ទុយ​នឹង​មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​បាន​ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

កាលពី​ចុង​ឆ្នាំ​២០២០ ក្នុង​សម័យ​ប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លើក​ទី​៤៥ មន្ត្រី​ជាន់ខ្ពស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន ធ្លាប់​បាន​រិះគន់​ថា ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​កម្ពុជា​លើ​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ គឺជា​ការប្រើប្រាស់​បទបញ្ញត្តិ​នៃ​ក្រមព្រហ្មទណ្ឌ​មិន​ត្រឹមត្រូវ ដើម្បី​តែ​ការពារ​រដ្ឋាភិបាល ជាជាង​ការ​ធានា​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស