27 C
Phnom Penh

បទវិភាគ៖ តើ​លោក ហ៊ុន សែន បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ដល់​កុមារ​ដើម្បី​អ្វី?

បទវិភាគ

លោក ហ៊ុន សែន ធ្លាប់​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ថា លោក​ទទួល​យក​វ៉ាក់សាំង​ការពារ​កូវីដ-១៩ តែ​ពី​ប្រទេស​ណា​ដែល​មាន​ការ​សម្រេច​ដោយ​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​នៅ​ពេល​ដែល​វ៉ាក់សាំង​នៃ​ប្រទេស​ចិន កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍ និង​មិនទាន់​មាន​ការ​សម្រេច​ពី​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ លោក ហ៊ុន សែន បាន​ស្ម័គ្រចិត្ត​ទទួល​យក​ជំនួយ​វ៉ាក់សាំង​ពី​ប្រទេស​ចិន មក​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ។

បន្ទាប់ពី​នោះ​មក លោក ហ៊ុន សែន បញ្ជាទិញ​តែ​វ៉ាក់សាំង​ចិន​តែប៉ុណ្ណោះ។ រីឯ​វ៉ាក់សាំង​នៃ​ប្រទេស​លោកសេរី លោក ហ៊ុន សែន ទទួល​នៅ​ពេល​ណា​ដែល​ប្រទេស​ទាំងនោះ​ផ្តល់​ជា​អំណោយ តែ​គាត់​មិនទាន់​បាន​បញ្ជាទិញ​វ៉ាក់សាំង​ទាំងនោះ​នៅឡើយ។ ដូច្នេះ តើ​គេ​អាច​ទុកចិត្ត​នូវ​អ្វី​ដែល​លោក ហ៊ុន សែន និយាយ​ឬ​សន្យា​នោះ​ដែរ​ឬ​ទេ?

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក Wang Wentian ប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ របស់​ក្រុមហ៊ុន​ឱសថ​ចិន Sinopharm ដល់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​អាទិត្យ ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២១។

នៅ​ពេល​មិនទាន់​មាន​ការ​ផ្ទុះ​ឡើង​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ លោក ហ៊ុន សែន បាន​អួតអាង​ថា កម្ពុជា​គ្មាន​អ្នក​ឆ្លង​មេរោគ​នេះ​ទេ។ ដល់​ពេល​មាន​ចំនួន​អ្នក​ឆ្លង​បន្តិចបន្តួច លោក ហ៊ុន សែន ប្រកាស​ថា​កម្ពុជា​នឹង​គ្មាន​អ្នក​ស្លាប់​ដោយ​ការ​ឆ្លង​មេរោគ​នេះ​ដែរ។ ការ​អួតអាង​ម្តង​ហើយ​ម្តង​ទៀត​របស់​លោក ហ៊ុន សែន គឺ​សុទ្ធតែ​ផ្ទុយពី​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មជ្ឈដ្ឋាន​ជាច្រើន​អះអាង​ថា លោក ហ៊ុន សែន ជា​មនុស្ស​ដែល​ពូកែ​ខាង​អួតអាង គ្មាន​សមត្ថភាព ឬ​ឆន្ទៈ​ពិត​ក្នុង​ការ​ជួយ​ពលរដ្ឋ​ដោយ​ចិត្តស្មោះ​នោះ​ទេ ប៉ុន្តែ​បាន​ត្រឹម​យក​មុខ​ប៉ុណ្ណោះ។ ជាក់ស្តែង​លោក​ធ្លាប់​អះអាង​ថា ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​មាន​ការ​រីកចម្រើន​គ្រប់​វិស័យ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក។ តែ​លទ្ធផល​ជាក់ស្តែង ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​រស់​ក្នុង​ភាព​ក្រីក្រ ជំពាក់​បំណុល​គេ​វ័ណ្ឌក ព្រាត់ប្រាស​គ្រួសារ​ទៅ​ធ្វើការ​ជា​ពលករ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស។

នាយក​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោកប៉ា ងួនទៀង ធ្លាប់​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Idea Talk របស់ The Cambodia Daily ថា “ដើម្បី​បញ្ជាក់​ថា​អ្វី​ដែល​លោក ហ៊ុន សែន និយាយ​នោះ​ពិត​ឬ​អត់ គេ​ត្រូវ​ធ្វើ​វិធី​ផ្ទុយ។ ឧបមា​ថា លោក ហ៊ុន សែន អះអាង​ថា​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដូច្នេះ​មានន័យ​ថា លោក​អនុញ្ញាត​ឲ្យ​គេ​កាប់​បំផ្លាញ​ព្រៃឈើ”។

លោក ប៉ា ងួនទៀង អះអាង​ថា លោក​តែង​ឃើញ​មន្ត្រី​របស់​លោក ហ៊ុន សែន រៀបចំ​បដា ឬ​សារ “អរគុណ​សន្តិភាព ឬ​អរគុណ​សម្តេច​តេជោ” នៅ​ពេល​ដែល​ពួកគេ​បាន​ទទួល​អំណោយ ឬ​វ៉ាក់សាំង​ពី​ប្រទេស​លោកសេរី។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច អ្នកស្រី ម៉ែន សំអន។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា វ៉ាក់សាំង​ការពារ​កូវីដ-១៩ ពី​ប្រទេស​លោកសេរី​ភាគច្រើន​គឺ​សុទ្ធសឹងតែ​ជា​អំណោយ​សប្បុរសធម៌​របស់​ប្រទេស​ទាំងនោះ លើកលែងតែ​វ៉ាក់សាំង​ចិន​ខ្លះ​ដែល​លោក ហ៊ុន សែន បាន​ចំណាយ​លុយ​ជាតិ ឬ​លុយ​សប្បុរសជន​ទិញ​ប៉ុណ្ណោះ។

ប៉ុន្តែ តើ​លោក ហ៊ុន សែន ពិតជា​មាន​សមត្ថភាព ឬ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែរ​ឬ​ទេ?

មុន​នឹង​វិភាគ​អំពី​ការ​ជួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​រឿង​កូវីដ-១៩ នេះ គេ​អាច​លើក​ឧទាហរណ៍​អំពី​ចេតនា​របស់​បុរស​ខ្លាំង​រូប​នេះ​ក្នុង​ការ​ជួយ​កសិករ ដោយ​ការ​ទិញ​ផ្លែ​តាង៉ែន និង​ផ្លែ​មៀន​របស់​កសិករ​នៅ​ប៉ៃលិន។

ការប្រកាស​របស់​លោក​ក្នុង​ការ​ជួយ​ទិញ​ភោគផល​ទាំងនេះ គឺជា​រឿង​ល្អ ព្រោះ​កសិករ​ទាល់ច្រក​ដោយ​មិន​អាច​បញ្ជូន​ទៅ​លក់​នៅ​ប្រទេស​ថៃ បាន​ក្នុង​ពេលនេះ។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​លោក ហ៊ុន សែន ជួយ​ទិញ​ផ្លែ​មៀន​នៅ​ពេលនេះ គឺជា​ចេតនា​ពិតប្រាកដ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​កសិករ​ដ៏​មាន​ប្រសិទ្ធភាព​ដែរ​ឬ​យ៉ាង​ណា?

ចុះ​ចំណែក​បញ្ហា​ផលិតផល​កសិកម្ម​ខ្មែរ​ដទៃ​ទៀត​ដែល​គ្មាន​ទីផ្សារ​ដែរ​នោះ?

បើ​គេ​ពិនិត្យ​មើល​ចំណុច​នេះ គេ​អាច​គិត​ថា អ្វី​ដែល​លោក ហ៊ុន សែន ប្រកាស​ជួយ​ទិញ​ផ្លែឈើ​របស់​ប្រជាកសិករ​ខ្មែរ​នៅ​ពេលនេះ គឺ​គ្រាន់តែ​ជា​ការ​បង្ហាញ​អំនួត​ដោយ​អារម្មណ៍​មួយ​គ្រាៗ​របស់​លោក ដែល​លោក​ប្រាប់​ពិភពលោក​ថា លោក​ជា​មេដឹកនាំ​ដែល​តែងតែ​គិតគូរ និង​ជួយ​ពលរដ្ឋ។

ស្រដៀង​គ្នា​ទៅ​នឹង​បញ្ហា​កសិកម្ម​នេះ​ដែរ លោក ហ៊ុន សែន តែងតែ​ឆ្លៀត​កេង​ចំណេញ​យក​មុខមាត់​លើ​ទុក្ខវេទនា​របស់​ពលរដ្ឋ ដូចជា​រឿង​កូវីដ​នេះ​ជាដើម។ ពេល​មាន​ការ​ឆ្លង​កូវីដ-១៩ ចាប់ផ្តើម​ដំបូងៗ លោក ហ៊ុន សែន បាន​សម្ញែង​សាច់ដុំ​ប្រើ​អំណាច​កណ្ដាប់ដៃ​ដែក​របស់​លោក ក្នុង​ការ​បិទ​តំបន់​នេះ ឬ​តំបន់​នោះ​ស្រេច​តែ​នឹង​ចិត្ត ដោយ​គ្មាន​ខ្វល់​អំពី​ផល​ប៉ះពាល់​អ្វី​លើ​ពលរដ្ឋ​នោះ​ឡើយ។

លោក​សម្ដែង​បែប​នេះ គឺ​ចង់​ឱ្យ​មហាជន​មើលឃើញ​ថា លោក​ជា​មនុស្ស​គិតគូរ និង​ប្រឹងប្រែង​សម្បើម​ណាស់​ដើម្បី​ប្រជាពលរដ្ឋ។ ដល់​ពេល​ការ​បិទ​នោះ​ប៉ះពាល់​ពលរដ្ឋ​ខ្លាំង លោក ហ៊ុន សែន ចាប់ផ្តើម​ជួយ​ពលរដ្ឋ​ដោយ​ផ្តល់​ជំនួយ​បន្តិចបន្តួច​ដែល​ជា​ការ​បង្ហាញ​សមានចិត្ត​ថា​មាន​តែ​លោក​ទេ​ដែល​មាន​ចិត្ត​អាណិតអាសូរ​ដល់​រាស្រ្ត។

ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​ចោទ​ជា​សំណួរ​អំពី​ចេតនា​ពិតប្រាកដ​របស់​លោក ហ៊ុន សែន ក្នុង​ការ​ការពារ​ពលរដ្ឋ​ពី​បញ្ហា​កូវីដ-១៩ គេ​នៅតែ​មាន​បញ្ហា​មន្ទិល​សង្ស័យ​នៅឡើយ​ពាក់ព័ន្ធ​នឹង​ចេតនា​របស់​លោក ហ៊ុន សែន អំពី​ការប្រើប្រាស់​វ៉ាក់សាំង​ចាក់​ការពារ​ពលរដ្ឋ​ខ្មែរ។

កម្ពុជា​បាន​ទទួល​ជំនួយ​ជា​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ-១៩ ពី​ចិន​កុម្មុយនីស្ត​ផង និង​ពី​បណ្តា​ប្រទេស​លោកសេរី​ផង។ ប៉ុន្តែ​នៅ​ពេល​មាន​លុយ លោក ហ៊ុន សែន បញ្ជាទិញ​តែ​វ៉ាក់សាំង​ចិន​ប៉ុណ្ណោះ។

តើ​អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​នេះ​ដោយសារ​លោក​មិន​ដឹង​អំពី​ភាព​ខុសគ្នា​នៃ​ប្រសិទ្ធភាព​រវាង​វ៉ាក់សាំង​ចិន និង​វ៉ាក់សាំង​ពី​ប្រទេស​លោកសេរី ឬ​យ៉ាង​ណា?

ជា​ការពិត​ជាក់ស្តែង លោក ហ៊ុន សែន ប្រាកដ​ជា​ដឹង​ស៊ីជម្រៅ​អំពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់​ចិន។

គេ​អាច​ធ្វើការ​សន្និដ្ឋាន​បែប​នេះ​ដោយ​ផ្អែក​លើ​ហេតុផល​ធំៗ​ពីរ​យ៉ាង៖

  • ហេតុផល​ទី​មួយ គឺ​លោក ហ៊ុន សែន រក​លេស​សម្រាប់​ខ្លួន​លោក និង​ភរិយា​របស់​លោក​មិន​ចាក់​វ៉ាក់សាំង​ចិន ដោយ​យក​លេស​អំពី​បញ្ហា​អាយុ។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​មាន​អាយុ​ប្រហែល ឬ​ច្រើន​ជាង​លោក បែរ​ត្រូវ​បាន​លើក​ទឹកចិត្ត និង​ជំរុញ​ឲ្យ​ចាក់​វ៉ាក់សាំង​ចិន​ទៅវិញ។
  • ហេតុផល​ទី​២ គឺ​លោក ហ៊ុន សែន ប្រើប្រាស់​វ៉ាក់សាំង AstraZeneca ជា​ដូស​ទី​៣ ក្នុង​ការ​ចាក់​ជំរុញ​ប្រសិទ្ធភាព​វ៉ាក់សាំង​ចិន លើ​អ្នក​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន ពីរ​ដូស​រួច​មក​ហើយ។

ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​ឃើញ​ច្បាស់​អំពី​តួលេខ​នៃ​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់​ដោយ​មេរោគ​កូវីដ​កាន់តែ​កើន​ឡើង ស្រប​ពេល​ដែល​ចំនួន​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​មាន​កំណើន​ខ្ពស់។

ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩

ទស្សនាវដី្ត​ហិរញ្ញវត្ថុ​ដ៏​ល្បីល្បាញ​មួយ​របស់​ប្រទេស​ចិន បាន​ផ្សាយ​កាលពី​ខែ​កក្កដា កន្លងទៅ​ថា អាជ្ញាធរ​ចិន​កំពុង​ពិចារណា​ប្រើប្រាស់​វ៉ាក់សាំង​បរទេស​ជា​ដូស​ទី​៣ ក្នុង​ការ​ចាក់​ជូន​ពលរដ្ឋ​ចិន​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​ពីរ​ដូស​រួច​មក​ហើយ។ វិធានការ​នេះ គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការពារ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ជូន​ពលរដ្ឋ​ចិន។

ចំណែក​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) កាលពី​ចុង​ខែ​កក្កដា កន្លងទៅ​នេះ ក៏​បាន​ចុះផ្សាយ​ដែរ​ថា អាជ្ញាធរ​ចិន​បាន​ពិចារណា​បែប​នេះ គឺ​ចំ​ពេល​ដែល​ឥណ្ឌូនេស៊ី និង​ថៃ ប្រកាស​អំពី​ការពិចារណា​នូវ​លទ្ធភាព​ដែល​អាច​ផ្លាស់ប្ដូរ​ពី​ការ​ប្រើ​វ៉ាក់សាំង​ចិន ទៅ​ប្រើ​វ៉ាក់សាំង​របស់​ប្រទេស​លោក​ខាងលិច​វិញ​ម្តង។

បើ​យោង​តាម​ការ​វិភាគ​ដូច​ខាងលើ លោក ហ៊ុន សែន ប្រាកដ​ជា​ដឹង​ថា វ៉ាក់សាំង​ចិន​មាន​ប្រសិទ្ធភាព​ទាប ហើយ​ខ្លួន​លោក​ផ្ទាល់​ក៏​មិន​ទុកចិត្ត​វ៉ាក់សាំង​ចិន​ដែរ។

ប៉ុន្តែ​បើ​ដូច្នេះ​មែន តើ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន នៅតែ​ជំរុញ​ឱ្យ​កុមារ​ខ្មែរ​ទទួល​យក​ការ​ចាក់​វ៉ាក់សាំង​ចិន ដើម្បី​ការពារ​មេរោគ​កូវីដ​នេះ​ទៀត?

គេហទំព័រ MedicalXpress ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​ផ្សាយ​ថា រហូត​មក​ដល់​ពេលនេះ អង្គការ​សុខភាព​ពិភពលោក ពុំ​ទាន់​អនុម័ត​ឱ្យ​ប្រើ​ប្រភេទ​វ៉ាក់សាំង​ណាមួយ​សម្រាប់​ចាក់​លើ​កុមារ​នៅឡើយ​ទេ។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក អង់គ្លេស សិង្ហបុរី និង​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប បាន​សម្រេច​ប្រើ​វ៉ាក់សាំង Pfizer សម្រាប់​ចាក់​លើ​កុមារ​ក្នុង​ប្រទេស​របស់​ពួកគេ​ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើង​ទៅ។

ផ្ទុយទៅវិញ សារព័ត៌មាន ABC បាន​ផ្សាយ​កាលពី​ពាក់កណ្តាល​ខែ​កក្កដា កន្លងទៅ​នេះ​ថា អាជ្ញាធរ​នៃ​ខេត្ត​ជាច្រើន​របស់​ប្រទេស​ចិន បាន​ដាក់​កំហិត​ឲ្យ​មាតាបិតា​សិស្ស​នាំ​កូន​ទៅ​ចាក់​វ៉ាក់សាំង​ចិន ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​កូវីដ-១៩។

បទបញ្ជា​នេះ បាន​កំហិត​ថា បើ​នរណា​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូវីដ-១៩ ទេ នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​សាលារៀន​ដែល​នឹង​ត្រូវ​ចាប់ផ្តើម​ក្នុង​ខែ​កញ្ញា ខាងមុខ​នេះ​ឡើយ។ ចំណុច​នេះ​អាច​បញ្ជាក់​ថា សូម្បីតែ​ប្រជាជន​ចិន​ខ្លួនឯង ក៏​មិន​ទុកចិត្ត​វ៉ាក់សាំង​ចិន​ដែរ ទើប​នាំ​ឲ្យ​អាជ្ញាធរ​ចិន​ដាក់​កំហិត​ចាប់​បង្ខំ​បែប​នេះ។

អាជ្ញាធរ​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ លើ​កុមារ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​សីហា នេះ​តទៅ។ បើ​គេ​ពិនិត្យ​មើល​សេចក្តី​ប្រកាស​នោះ អាជ្ញាធរ​បាន​ផ្តល់​ហេតុផល​អំពី​គម្រោង​បើក​សាលារៀន​ឡើងវិញ​ក្នុង​ខែ​តុលា ឬ​វិច្ឆិកា ខាងមុខ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដល់​កុមារ និង​យុវវ័យ​ចាប់​ពី​អាយុ ១២​ឆ្នាំ​រហូដ​ដល់​ក្រោម​អាយុ ១៨​ឆ្នាំ​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១។

ប៉ុន្តែ​ទោះបីជា​មាន​ការ​ផ្តល់​ហេតុផល​បែប​នេះ​ក្តី ក៏​គេ​នៅតែ​ចោទ​ជា​សំណួរ​ថា ដើម្បី​សុវត្ថិភាព​កុមារ​កម្ពុជា និង​ប្រសិទ្ធភាព​នៃ​ការ​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ហេតុ​អ្វី​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​បញ្ជាទិញ​វ៉ាក់សាំង​ពី​ប្រទេស​លោកសេរី​ដែល​មាន​ទំនុកចិត្ត​ជាង​វ៉ាក់សាំង​ចិន សម្រាប់​ចាក់​លើ​កុមារ​កម្ពុជា?

ដូច្នេះ​គេ​អាច​ធ្វើការ​សន្និដ្ឋាន​លើ​ហេតុផល​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន សម្រេច​ប្រើ​វ៉ាក់សាំង​ចិន ចាក់​លើ​កុមារ​ខ្មែរ៖

  • ទី​១៖ វា​អាច​ដូច​អ្វី​ដែល​រដ្ឋាភិបាល​នេះ​បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​នោះ គឺ​ដើម្បី​បើក​សាលារៀន​ឡើងវិញ។
  • ទី​២៖ វា​អាច​ជា​ការ​យកចិត្ត​ចិន និង​ខំ​ធ្វើ​ឱ្យ​ស្របតាម​ចិន ដើម្បី​ទទួល​បាន​ការ​ទុកចិត្ត និង​ការ​គាំពារ​ពី​ប្រទេស​ចិន​កាន់តែ​ខ្លាំង។
  • ទី​៣៖ វា​អាច​ជា​ការចូលរួម​ពិសោធន៍​ជាមួយ​ប្រទេស​ចិន ដើម្បី​ពិនិត្យ​មើល​ចំណុច​ដែល​ត្រូវ​កែលំអ​វ៉ាក់សាំង​ចិន​ក្នុង​ពេល​អនាគត៕
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស