34 C
Phnom Penh

សកម្មជន៖ សារ​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី​ទាក់ទង​របាយការណ៍​ភូត​កុហក​រឿង​ទំនាស់​ដីធ្លី​កំពុង​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​វិញ

បទវិភាគ

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លើកឡើង​ថា សារ​របស់​លោក ដួង ដារ៉ា ជំនួយការ​ផ្ទាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អំពាវនាវ​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ពាក់ព័ន្ធ បញ្ឈប់​ការ​ធ្វើ​របាយការណ៍​ខុស​ការពិត​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទៅ​លោក​នាយករដ្ឋមន្ត្រី​នោះ គឺ​កំពុង​វាយបក​ទៅ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​បណ្ដាញ​សង្គម Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា សម្ដី​របស់​ជំនួយការ​នាយករដ្ឋមន្ត្រី គឺ​សក​បញ្ច្រាស​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា តាំងពី​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ប្រទេស​ច្រើន​អាណត្តិ​មក​នេះ មន្ត្រី​ថ្នាក់ក្រោម​តែង​ធ្វើ​របាយការណ៍​បោក​នាយករដ្ឋមន្ត្រី​រហូត។ លោក ហ៊ុន កុសល បាន​បន្ថែម​ទៀត​ថា ករណី​នេះ​ប្រហែល​លោក​នាយករដ្ឋមន្ត្រី​មិន​ដែល​បាន​ដឹង​ថា​មន្ត្រី​ថ្នាក់ក្រោម​របស់​គាត់​ធ្វើ​របាយការណ៍​បោកប្រាស់​ឡើយ។

លោក​ថា រដ្ឋមន្ត្រី​ដែល​ជា​សេនាធិការ​របស់​នាយករដ្ឋមន្ត្រី និង​មន្ត្រី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ក្រោម​ជាតិ មាន​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ដែល​ជា​មន្ត្រី​មូលដ្ឋាន​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ រួម​ទាំង​ព័ត៌មាន​ពាក់ព័ន្ធ​មិន​បាន​ផ្សាយ​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ផង​នោះ គឺ​បង្ហាញ​ថា​ពួកគេ​ទាំងនោះ​បាន​បោក​នាយករដ្ឋមន្ត្រី​បន្ត​កន្ទុយ​គ្នា​តែម្ដង។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា សម្ដី​របស់​លោក ដួង ដារ៉ា បង្ហាញ​ថា ប្រព័ន្ធ​ដឹកនាំ​ជាតិ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​ជាប់​គាំង​ដំណើរ​មិន​ល្អ​រហូត​តែម្តង។ លោក​ចោទ​ជា​សំណួរ​ថា ករណី​នេះ​គឺ​បណ្ដាល​មកពី​សន្តិភាព​ខ្លាំង​ពេក? ឬ​មួយ​ចូល​ដល់​ករណី​ថ្នាក់ក្រោម​បន្ទោស​ថ្នាក់លើ ឯ​ថ្នាក់លើ​កំពុង​បន្ទោស​ថ្នាក់ក្រោម?

លោក ដួង ដារ៉ា ដែល​ជា​ជំនួយការ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន ដោយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ ឬ​ភាគី​ផ្សេង​ទៀត​បញ្ឈប់​ការ​ធ្វើ​របាយការណ៍​ខុស​ការពិត​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទៅ​លោក​នាយករដ្ឋមន្ត្រី។ លោក​លើកឡើង​ទៀត​ថា លុះត្រាតែ​បញ្ឈប់​ការ​ធ្វើ​របាយការណ៍​ខុស​ការពិត ទើប​ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​អាច​ត្រូវ​ដោះស្រាយ​បាន​ឆាប់រហ័ស។

ខ្លឹមសារ​នៃ​សារ​របស់​លោក ដួង ដារ៉ា បាន​សរសេរ​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២១ យ៉ាង​ដូច្នេះ​ថា៖ «យើង​ត្រូវ​រួមគ្នា​បញ្ឈប់​ធ្វើ​របាយការណ៍​ភូត​កុហក​សម្តេច ដើម្បី​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឆាប់​ចប់​ពិតប្រាកដ និង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់ ស្នាម​ញញឹម និង​សូម​មាន​ចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង»

ទោះ​យ៉ាងណា កាលពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០២១ សេចក្ដី​សម្រេច​អំពី​ការ​កែសម្រួល​សមាសភាព​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សម្រេច​ឱ្យ​លោក ឌី វិជ្ជា ដែល​ត្រូវជា​ស្វាមី​របស់​លោកស្រី ហ៊ុន ម៉ាណា កូនស្រី​លោក ហ៊ុន សែន ត្រូវ​បាន​អគ្គស្នងការ​នគរបាល​ជាតិ​សម្រេច​ឱ្យ​ដឹកនាំ​ក្រុម​ការងារ​ប្រមូល​ព័ត៌មាន ស្រាវជ្រាវ និង​ស៊ើប​អង្កេត​លើ​ករណី​ជម្លោះ​ដីធ្លី និង​ការ​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​តាម​បណ្ដា​រាជធានី-ខេត្ត។

ការតែងតាំង​នេះ ត្រូវ​អ្នកវិភាគ​សង្គម លោក គឹម សុខ រិះគន់​ថា មិនមែន​ទៅ​ប្រមូល​ព័ត៌មាន និង​ដោះស្រាយ​បញ្ហា​នោះ​ទេ ប៉ុន្តែ​ដើម្បី​ទៅ​បង្កើន​ការ​សម្លុត​គំរាមកំហែង​ពលរដ្ឋ​រងគ្រោះ​កុំ​ឱ្យ​ហ៊ាន​តវ៉ា​រក​យុត្តិធម៌។

លោក​ថា ស្ថាប័ន​ដែល​ដោះស្រាយ​វិវាទ​ដីធ្លី​មាន​ស្រាប់ លោក ហ៊ុន សែន មិន​ប្រើ បែរជា​តែងតាំង​ជាន់​ភារកិច្ច​គ្នា។ នេះ​មានន័យ​ថា រដ្ឋាភិបាល​ជាតិ​ខ្មែរ​បច្ចុប្បន្ន​មិនមែន​ដើម្បី​ការពារ​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ប៉ុន្តែ​ជា​រដ្ឋាភិបាល​គ្រួសារ ហ៊ុន តែងតាំង​សមាជិក​គ្រួសារ ហ៊ុន ឲ្យ​ចាត់ការ​គ្រប់​សាច់រឿង ដើម្បី​ការពារ​ប្រយោជន៍​គ្រួសារ ហ៊ុន សុទ្ធសាធ។

ទាក់ទង​នឹង​បញ្ហា​ដីធ្លី​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR បាន​លាតត្រដាង​ក្នុង​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លងទៅ​ថា ការ​រំលោភបំពាន​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា​កំពុង​កើតមាន​យ៉ាង​ខ្លាំងក្លា​បំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ខណៈ​ពលរដ្ឋ​ក្រីក្រ​រាប់​ពាន់​គ្រួសារ​ក្នុង​តំបន់​ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ដី​ទៅ​ឱ្យ​ក្រុមហ៊ុន ត្រូវ​បាត់បង់​សិទ្ធិ​ជា​ម្ចាស់​លើ​ដីធ្លី​របស់​ខ្លួន​ទាំងស្រុង បើ​ទោះបីជា​ពួកគេ​បាន​កាន់កាប់​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្តី។

ប្រភព​ដដែល​អះអាង​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ជាបន្តបន្ទាប់​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ជាពិសេស​ក្រុមហ៊ុន​ដែល​ជា​បក្ខពួក​របស់​កូនៗ​របស់​លោក ហ៊ុន សែន រាប់​ពាន់​ហិកតារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​តាម​សហគមន៍​រាប់​ម៉ឺន​នាក់​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ពលរដ្ឋ​ខ្លះ​ប្រឈម​ទៅ​នឹង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ឬ​ប្តូរ​លំនៅឋាន​ដោយ​ពុំ​មាន​សំណង និង​ដោយ​មិន​មាន​ការ​ស្ម័គ្រចិត្ត​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស