27 C
Phnom Penh

សកម្មជន​ថា​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ត្រូវ​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​ហ្វេសប៊ុក​មក​ម្ល៉េះ

បទវិភាគ

សកម្មជន​បក្ស​ប្រឆាំង បាន​រិះគន់​ថា ផ្ទៃក្នុង​របស់​គណបក្ស​ប្រឆាំង​ត្រូវ​បាន​លោក ហ៊ុន សែន ក្តោប​ក្តាប់​តាំងពី​មុន​សម័យ​បណ្ដាញ​សង្គម Facebook មក​ម្ល៉េះ ប៉ុន្តែ​បញ្ហា​នេះ​គឺ​នៅ​ត្រង់​ថា ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចេះតែ​ដឹង​រឿង​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​រហូត​មក​បែប​នេះ? តើ​ក្នុង​នោះ លោក ហ៊ុន សែន បាន​ដាក់​បណ្ដាញ​ស៊ើបការណ៍​ចូល​មក ឬ​សមាជិក​បក្ស​ប្រឆាំង​ក្បត់​ឧត្តមគតិ​ធ្វើ​ជា​បណ្ដាញ​ស៊ើបការណ៍​បម្រើ​ឱ្យ​លោក ហ៊ុន សែន?

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​បែប​នេះ​បន្ទាប់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ទម្លាយ​ពី​បញ្ហា​ផ្ទៃក្នុង​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដែល​បាន​ផ្តល់​លេខ​កូដ​សម្ងាត់​ដល់​លោក ហ៊ុន សែន ឲ្យ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ Zoom កាលពី​ពេល​ថ្មីៗ​នេះ។

លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​គណបក្ស​កាន់​អំណាច​ដែល​តែង​តាមដាន​គ្រប់​សកម្មភាព​របស់​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ខ្លួន ទោះ​ទង្វើ​នោះ​បំពាន​ច្បាប់ និង​រំលោភ​សិទ្ធិ​បុគ្គល​ធ្ងន់ធ្ងរ​បែប​ណា​ក៏ដោយ ប៉ុន្តែ​បញ្ហា​សំខាន់​នោះ​គឺ​នៅ​ត្រង់​ថា តើ​អ្នកណា​ដែល​ចាំ​ផ្តល់​ព័ត៌មាន​ផ្ទៃក្នុង​បក្ស​ប្រឆាំង​ឲ្យ​ទៅ​លោក ហ៊ុន សែន?

លោក​បញ្ជាក់​ថា តាម​ការ​លើកឡើង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី គឺ​បាន​សារភាព​ថា មនុស្ស​នៅ​ជុំវិញ​ខ្លួន​គាត់​មាន​រនុកក្នុង​របស់​គណបក្ស​កាន់​អំណាច ដែល​ចាំ​តាមដាន និង​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ពី​ផ្ទៃក្នុង​របស់​ក្រុម​ប្រឆាំង​ដល់​លោក ហ៊ុន សែន ជានិច្ច ចាប់តាំង​ពី​សកម្មជន​ធម្មតា​រហូត​ដល់​មេដឹកនាំ​ជាន់ខ្ពស់​ដែល​នៅ​ក្បែរ​នឹង​ខ្លួន​គាត់។

លោក ហ៊ុន កុសល លើកឡើង​ថា គួរ​ឱ្យ​ឆ្ងល់​ដែរ​ទេ​ដែល​រូបភាព និង​ខ្សែ​វីដេអូ​របស់​អនុប្រធាន​បក្ស​ប្រឆាំង លោក អេង ឆៃអ៊ាង ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី តែង​ចូល​ទៅ​លេង​ល្បែង​ក្នុង​កាស៊ីណូ​ដែល​មាន​រូបថត​បែក​ធ្លាយ​ខ្លះៗ​លើ​បណ្ដាញ​សង្គម​កន្លងមក មិន​ត្រូវ​បាន​បក្ស​កាន់​អំណាច​បញ្ចេញ​ទាល់តែសោះ ខណៈ​សមាជិក​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី នា​ពេល​កន្លងមក​ក៏​មាន​ការ​សង្ស័យ​ពី​សមាសភាព​របស់​លោក អេង ឆៃអ៊ាង លើ​បញ្ហា​បែក​ធ្លាយ​ព័ត៌មាន​ផ្ទៃក្នុង​បក្ស​នេះ​ដែរ។

កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០២១ អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​អះអាង​ក្នុង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គាំទ្រ​លោក​នៅ​ទីក្រុង Seattle រដ្ឋ Washington សហរដ្ឋ​អាមេរិក ថា កិច្ចប្រជុំ​តាម​ប្រព័ន្ធ Zoom ដែល​មាន​សមាជិក​ចូលរួម​ប្រជុំ​ប្រមាណ​ជា ១០​នាក់ មាន​ម្នាក់​បាន​ផ្តល់​លេខ​កូដ​សម្ងាត់ ឬ link ទៅ​ឱ្យ​លោក ហ៊ុន សែន ដើម្បី​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​នោះ។

អតីត​មេដឹកនាំ​ប្រឆាំង​រូប​នេះ​អះអាង​ថា ក្រោយ​ការ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ប្រព័ន្ធ​អនឡាញ​នោះ លោក ហ៊ុន សែន ព្យាយាម​លើកឡើង​ពី​សកម្មភាព​មួយ​ចំនួន​ដែល​គាត់​ធ្លាប់​បាន​ធ្វើ​កន្លងមក​ជាមួយ​លោក សម រង្ស៊ី ដើម្បី​បង្ហាញ​ថា លោក​មាន​បំណង​ល្អ​ចំពោះ​អតីត​មេ​បក្ស​ប្រឆាំង​កន្លងមក ប៉ុន្តែ​លោក សម រង្ស៊ី បញ្ជាក់​ការ​លើកឡើង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​នោះ គឺជា​រឿង​មិន​សំខាន់។

ជុំវិញ​បញ្ហា​នេះ កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២០ លោក ហ៊ុន សែន ធ្លាប់​បាន​គំរាម​ទម្លាយ​សំឡេង​មន្ត្រី​បក្ស​ប្រឆាំង លោក ហូ វ៉ាន់ ដែល​មាន​គម្រោង​កេណ្ឌ​សមាជិក​នៅ​ក្នុង​ស្រុក​ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក ហ៊ុន សែន អះអាង​ថា ផែនការ​ធ្វើ​បាតុកម្ម​របស់​ក្រុម​ប្រឆាំង​នេះ​មាន​មនុស្ស​ផ្តល់​ឱ្យ​លោក ក្រោយពី​ក្រុម​ប្រឆាំង​បញ្ចប់​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ Zoom របស់​ពួកគេ។

មេ​បក្ស​កាន់​អំណាច​រូប​នេះ​សង្កត់​ធ្ងន់​ថា ការ​តាមដាន​តាម​រាល់​កិច្ចការ​សម្ងាត់​របស់​ក្រុម​ប្រឆាំង គឺ​មិន​ខុស​នោះ​ទេ ព្រោះ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ការពារ​សន្តិសុខ​ជាតិ​ប៉ុណ្ណោះ។

បែប​នេះ​ក្តី ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​តាមដាន​រឿង​កិច្ចការ​ផ្ទាល់ខ្លួន​របស់​អ្នក​ដទៃ គឺជា​ការ​រំលោភបំពាន​លើ​សិទ្ធិ​បុគ្គល​ដែល​មាន​ចែង​ក្នុង​ច្បាប់ ប៉ុន្តែ​អ្វី​ដែល​លោក ហ៊ុន សែន ធ្វើ​គឺ​មិន​ខ្វល់​ពី​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ព្រោះ​អ្វី​ដែល​គាត់​បារម្ភ​នោះ គឺ​ការ​បាត់បង់​អំណាច​ខ្លួនឯង​ប៉ុណ្ណោះ។

មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ និង​នយោបាយ បាន​ចែង​ថា មនុស្ស​គ្រប់​រូប​ត្រូវ​មាន​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ ហើយ​សិទ្ធិ​នេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការស្វែងរក​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​យោបល់​សព្វ​បែបយ៉ាង​ដោយ​គ្មាន​កំណត់​ព្រំដែន​អ្វី​ទាំងអស់ ទោះ​ទាំង​តាម​ផ្ទាល់មាត់​ក្តី ទាំង​តាម​ការ​សរសេរ ឬ​បោះពុម្ព​ក្តី ក្នុង​ទម្រង់​នៃ​សិល្បៈ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្តី៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស