29 C
Phnom Penh

ដើមឈើ​ធំៗ​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​ដែល​ទាក់ទាញ​ទេសចរ ប្រឈម​ងាប់ និង​បាត់បង់​ជា​បណ្តើរៗ

បទវិភាគ

ដើមឈើ​ទាល​ធំៗ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ដុះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ទល់​មុខ​ប្រាសាទ​អង្គរវត្ត ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នោះ កំពុង​ប្រឈម​ងាប់​ជា​បណ្តើរៗ និង​មាន​ដើមឈើ​ខ្លះ​ទៀត​ត្រូវ​គេ​កាប់​ដោយ​ស្រប​ច្បាប់។

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប និង​ភ្ញៀវ​ទេសចរ ចាត់ទុក​ថា​ករណី​នោះ​គឺជា​ចេតនា​របស់​អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត​សៀមរាប កំពុង​សម្លាប់​ដើមឈើ​ទាល​ធំៗ​ឱ្យ​អស់​ពី​បរិវេណ​មុខ​អង្គរវត្ត​ទៅវិញ។

ក្រុម​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន បាន​ប្រទះ​ឃើញ​ដើមឈើ​ទាល ២​ដើម​ងាប់ និង​ដើមឈើ​ទាល​ខ្លះ​ទៀត​ដែល​មុខកាត់​ជាង ១​ម៉ែត្រ ប្រវែង​ជិត ២០​ម៉ែត្រ ត្រូវ​គេ​កាប់​រួចរាល់​អស់​ខ្លះ​ទៅ​ហើយ។ ពលរដ្ឋ​បាន​លើកឡើង​ថា អាជ្ញាធរ​បាន​ជីក​រណ្តៅ​ព័ទ្ធ​ជុំវិញ​គល់ឈើ​ទាល ដើម្បី​ឱ្យ​ទឹក​ជ្រាប​ចូល​ក្នុង​រណ្តៅ រួច​យក​ស្មៅ​កប់​ជុំវិញ​គល់ ក្នុង​បំណង​សម្លាប់​ដើមឈើ​ទាល​នេះ​ទំនង​ជា​យក​ឈើ​លក់​ធ្វើ​អាជីវកម្ម។

ពលរដ្ឋ​បាន​ចោទ​ថា ការ​សម្លាប់​ដើមឈើ​ធំៗ​នោះ គឺជា​ចេតនា ឬ​ជា​ល្បិច​ដើម្បី​បាន​កាប់​ដើមឈើ​ស្រប​ច្បាប់​របស់​អាជ្ញាធរ ដែល​អាច​មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ បើ​ទោះបីជា​ដើមឈើ​ទាំងនោះ​ដុះ​ទល់​មុខ​ប្រាសាទ​អង្គរវត្ត​សម្រាប់​លម្អ​តំបន់​អង្គរ​ក៏ដោយ​នោះ។

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អ្នក​សារព័ត៌មាន The Cambodia Daily ថា ដើមឈើ​ទាល​ជាង ១០​ដើម​ត្រូវ​អាជ្ញាធរ​ជីក​រណ្តៅ​ព័ទ្ធ​ជុំវិញ ក្នុង​នោះ​មាន​ដើមឈើ​ទាល ២​ដើម​ហើយ​បាន​ងាប់ និង​មួយ​ដើម​ទៀត​ត្រូវ​គេ​កាប់​យក​ដើម​ដោយ​គ្មាន​មូលហេតុ។ លោក​ថា ចេតនា​របស់​អាជ្ញាធរ​ចង់​បំផ្លិចបំផ្លាញ​ដើមឈើ​ទាល​ទាំងនេះ ដើម្បី​យក​ឈើ​លក់ ដោយ​មិន​ខ្វល់​ពី​សោភណភាព​បរិស្ថាន​ក្នុង​តំបន់​អង្គរ។

ដើម​គ្រញូង​ដែល​គេ​អារ​កាត់​បំផ្លាញ​នៅ​ក្នុង​ឧទ្យាន​អង្គរ កាលពី​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ (រូបថត​ឯកសារ)

ឆ្លើយតប​រឿង​នេះ អ្នក​នាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុយ កុសល ប្រាប់​ក្រុម​អ្នក​ស្រឡាញ់​បរិស្ថាន​ថា លោក​មិន​ឆ្លើយ​សំណួរ​នេះ​ទេ ព្រោះ​ដើមឈើ​ទាល​នៅ​មុខ​អង្គរវត្ត​ច្រើន​ណាស់។ លោក​ទាមទារ​ឱ្យ​ពលរដ្ឋ និង​ក្រុម​យុវជន​បង្ហាញ​ដើមឈើ​ទាល​មួយ​ណា​ឱ្យ​ច្បាស់លាស់​សិន មុន​នឹង​លោក​ឆ្លើយ​សំណួរ​នេះ។ លោក​ចាត់​ទុក​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន ខ្វះ​ការ​សំអាង​ជា​ផ្លូវការ និង​ខ្វះ​ឯកសារ​ត្រឹមត្រូវ។

បច្ចុប្បន្ន ដើមឈើ​ទាល​ធំៗ​រាប់​រយ​ដើម​ដុះ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​ទល់​មុខ​ប្រាសាទ​អង្គរវត្ត ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវ​ទេសចរ និង​ជា​រនាំង​ការពារ​ប្រាសាទ​កំពុង​ប្រឈម​បាត់បង់​ជា​បណ្តើរ។

ពលរដ្ឋ​បាន​សម្ដែង​ការ​សោកស្តាយ​ចំពោះ​ដើមឈើ​ធំៗ​ទាំងនេះ ដែល​គួរតែ​អភិរក្ស​ឱ្យ​បាន​ល្អ​ដើម្បី​សោភណភាព​បរិស្ថាន​អង្គរ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នេះ។

កាលពី​ឆ្នាំ​២០១៧ មាន​ករណី​ស្រដៀង​គ្នា​ដែរ គឺ​ដើម​គ្រញូង​ចំនួន ២​ដើម​មាន​មុខកាត់​ជាង ១​ម៉ែត្រ​ដែល​ដុះ​នៅ​ទល់មុខ​ប្រាសាទ​អង្គរវត្ត ក៏​ត្រូវ​អាជ្ញាធរ​ប្រើ​ល្បិច​សម្លាប់​វា​ដោយ​ស្ងាត់ៗ​ដើម្បី​យក​ឈើ​លក់​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស