27 C
Phnom Penh

នាយករដ្ឋមន្ត្រី​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦-១២​ឆ្នាំ

បទវិភាគ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦​ឆ្នាំ​ដល់ ១២​ឆ្នាំ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ​នេះ ដើម្បី​ឱ្យ​កុមារ​អាច​ចូល​រៀន​បាន​ឆាប់​នៅ​ពេល​ដែល​គ្រឹះស្ថាន​សិក្សា​នានា​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ បាន​ប្រកាស​តាម​ខ្សែអាត់​សំឡេង​ប្រវែង​ជិត ៧​នាទី​ឱ្យ​គណៈកម្មការ​វ៉ាក់សាំង និង​មន្ត្រី​សុខាភិបាល​ទូទាំង​រាជធានី-ខេត្ត​ត្រៀម​ខ្លួន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​កម្ពុជា ក្រោម​អាយុ ១៣​ឆ្នាំ ដែល​មាន​ប្រមាណ​ជិត ២​លាន​នាក់ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។

លោក ហ៊ុន សែន អះអាង​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុវត្ត​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ឱ្យ​កុមារ​ក្រោម​អាយុ ១៣​ឆ្នាំ​បាន​ទេ កម្ពុជា​មិន​អាច​ឈាន​ទៅ​បើក​គ្រឹះស្ថាន​បឋមសិក្សា​រដ្ឋ និង​ឯកជន​បាន​ទេ ដូច្នេះ​វា​នឹង​បង្ក​ការ​លំបាក​ដល់​កុមារ​ដែល​មិន​អាច​ទទួល​បាន​ការ​សិក្សា​ពេញលេញ។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ផ្សេងៗ​ក៏​បាន​ចាក់​វ៉ាក់សាំង​ឱ្យ​កុមារ​ក្រោម​អាយុ ១២​ឆ្នាំ​រួចមក​ហើយ​ដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គូស​បញ្ជាក់​ថា ចំពោះ​វ៉ាក់សាំង​សម្រាប់​ចាក់​ឱ្យ​កុមារ គឺ​មិនមែន​ជា​បញ្ហា​សម្រាប់​កម្ពុជា​នោះ​ទេ ព្រោះថា​រដ្ឋាភិបាល​មាន​វ៉ាក់សាំង​ក្នុង​ដៃ​រួចហើយ។ បន្ថែម​ពី​នេះ ថ្នាំបង្ការ​ដែល​កម្ពុជា​មាន​ស្រាប់​នេះ ក៏​មាន​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើ​កុមារ​ផង​ដែរ ខណៈ​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៣​ឆ្នាំ​ដល់ ៦​ឆ្នាំ នឹង​ត្រូវ​ធ្វើ​ផែនការ​ក្នុង​ជំហាន​បន្ទាប់។

ការ​ប្រកាស​យុទ្ធនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ឱ្យ​មនុស្ស​ពេញវ័យ និង​កុមារ​ដែល​មាន​អាយុ​ក្រោម ១៨​ឆ្នាំ ដែល​គ្រោង​នឹង​បញ្ចប់​ការ​ចាក់​ជុំ​ទី​១ នៅ​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ ថា លោក​ស្វាគមន៍​ក្នុង​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ឱ្យ​កុមារ​ដើម្បី​បង្កើត​ភាព​ស៊ាំ ក៏ដូចជា​ពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​គ្រប់​វ័យ​ទាំងអស់។

យ៉ាងណាក៏ដោយ លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាក់​ថ្នាំបង្ការ Covid-19 ដូស​ជំរុញ​ឱ្យ​បាន​គ្រប់​ផ្នែក ជាពិសេស​មន្ត្រី​រាជការ​ជួរ​មុខ ដូចជា​ក្រុម​គ្រូពេទ្យ​ជាដើម។ ជាង​នេះ​ទៀត ក៏​ត្រូវ​បង្កើន​ល្បឿន​ចាក់​ឱ្យ​ពលរដ្ឋ​ដែល​នៅ​តាម​តំបន់​ប្រឈម​នឹង​ការ​ឆ្លង​តាម​បណ្តា​ខេត្ត​ឱ្យ​បាន​ឆាប់​ផង​ដែរ។

ជុំវិញ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ Covid-19 នេះ ការប្រកាស​បើក​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ឱ្យ​កុមារ​ចាប់ពី​អាយុ ៦​ឆ្នាំ​ដល់ ១២​ឆ្នាំ គឺជា​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង Covid-19 លើក​ទី​៤ ហើយ ខណៈ​យុទ្ធនាការ​លើកដំបូង​ចាក់​ឱ្យ​មនុស្ស​ពេញវ័យ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ លើក​ទី​២ គឺជា​យុទ្ធនាការ​ចាក់​ថ្នាំបង្ការ​ឱ្យ​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២១ ដោយឡែក​យុទ្ធនាការ​លើក​ទី​៣ គឺជា​យុទ្ធនាការ​ចាក់​ឱ្យ​មនុស្ស​ពេញវ័យ​ដូស​ទី​៣ ឬ​ដូស​ជំរុញ ដែល​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១ កន្លងទៅ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួង​សុខាភិបាល​បាន​អះអាង​កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា ខ្លួន​បាន​បង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចំនួន​ជាង ១១​លាន ៤​សែន​នាក់​ហើយ រីឯ​អ្នក​ដែល​បាន​ចាក់​ដូស​ទី​២ មាន​ចំនួន​ជាង ៩​លាន ៧​សែន​នាក់ និង​ដូស​ទី​៣ ចាក់​បាន​ជាង ៧​សែន ៩​ម៉ឺន​នាក់ ដោយឡែក​កុមារ​ចាក់​បាន ៨៧,២៣​ភាគរយ​ហើយ​នៅ​ពេលនេះ។

ជុំវិញ​ការ​ទប់ស្កាត់​ការ​ឆ្លង​វីរុស Covid-19 នេះ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អះអាង​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ​ផង​ដែរ​ថា ក្រសួង​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស Covid-19 ថ្មី​ចំនួន ៦៥៣​នាក់ និង​អ្នក​ជាសះស្បើយ​ថ្មី​ចំនួន ៤៦៣​នាក់ ខណៈ​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន ៩​នាក់។

ក្រសួង​បញ្ជាក់​ថា មក​ទល់នឹង​ពេលនេះ អ្នក​ឆ្លង​វីរុស Covid-19 សរុប​បាន​កើន​ឡើង​ដល់​ជាង ១​សែន ១​ពាន់​នាក់​ហើយ និង​អ្នក​ដែល​ជាសះស្បើយ​សរុប​មាន​ចំនួន​ជាង ៩​ម៉ឺន ៥​ពាន់​នាក់ ដោយឡែក​អ្នក​ស្លាប់​សរុប​បាន​កើន​ឡើង​ជាង ២​ពាន់​នាក់​ហើយ​នៅ​ពេលនេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស