29 C
Phnom Penh

លោក ហ៊ុន សែន៖ ការ​ចូល​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ក្រុម​ប្រឆាំង​ជា​សញ្ញា​ប្រាប់​ថា​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ

បទវិភាគ

លោក ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ កញ្ញា អះអាង​ថា ការ​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់​ក្រុម​ប្រឆាំង​តាម​ប្រព័ន្ធ​អនឡាញ Zoom កាលពី​ថ្ងៃ​មុន គឺ​គ្រាន់តែ​ជា​ការ​ផ្តល់​សញ្ញា​ប្រាប់​ថា ទោះ​ជា​នៅ​កន្លែង​ណា​ក៏​មាន​មនុស្ស​របស់​លោក​ដែរ ដូច្នេះ​សូម​ប្រុងប្រយ័ត្ន​កុំ​ធ្វើ​សកម្មភាព​ណាមួយ​ប្រឆាំង​នឹង​ផល​ប្រយោជន៍​ជាតិ​ឲ្យ​សោះ។

លោក ហ៊ុន សែន ឆ្លើយតប​បែប​នេះ​ទៅ​នឹង​គណនី Facebook មួយ​ដែល​បាន​ចូល​ទៅ​សរសេរ​បែប​ឌឺដង​ឲ្យ​លោក ហ៊ុន សែន ដោយ​ភ្ជាប់​រូបថត​របស់​លោក​ដែល​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ Zoom របស់​ក្រុម​ប្រឆាំង​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នោះ។

គណនី Facebook មួយ​ដែល​មាន​ឈ្មោះ​ថា Bunchhay San បាន​ចូល​ទៅ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​លើ​ទំព័រ Facebook របស់​នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​ភ្ជាប់​រូបថត​របស់​លោក ហ៊ុន សែន ដែល​បាន​ចូល​ទៅ​ក្នុង​ប្រព័ន្ធ Zoom របស់​ក្រុម​ប្រឆាំង​ថា សម្តេច​ចូល​ក្នុង​ប្រព័ន្ធ Zoom ជាមួយ​ក្រុម​ក្បត់​ជាតិ​អ៊ីចឹង អត់​ខ្លាច​គេ​ចោទ​សម្តេច​ថា​ជា​ក្រុម​តែ​មួយ​ទេ​ឬ? ប្រយ័ត្ន​ជាប់​គុក!

បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា បើ​ចង់​តាម​ចាប់​ពួក​ក្បត់​ជាតិ​ត្រូវ​ចូល​ដល់​កន្លែង​ពួក​ក្បត់​ជាតិ ទើប​អាច​ចាប់​ពួកគេ​បាន ដូច្នេះ​សង្ឃឹម​ថា​ការ​បកស្រាយ​របស់​លោក​ខាងលើ​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​រង់ចាំ​ការ​យោគយល់​ពី​រូបលោក នឹង​ភ្លឺ​ភ្នែក បន្ទាប់ពី​ពួកគេ​សន្លប់​ធំ​អស់​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​សម្ងាត់​តាម​ប្រព័ន្ធ Zoom របស់​ពួកគេ​កាលពី​ថ្មីៗ​នេះ។

លោក ហ៊ុន សែន បន្ត​ទៀត​ថា លោក​បាន​ធ្វើ​ច្រើន​ណាស់​ក្នុង​ការ​ដឹកនាំ​ជាតិ​ឆ្ពោះទៅ​រក​ការ​បង្រួបបង្រួម​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ ប៉ុន្តែ​ភាគី​នយោបាយ​ក្រុម​ប្រឆាំង​មិន​យល់​អំពី​ការ​បង្រួបបង្រួម​ជាតិ​នេះ​ទេ ហើយ​នៅ​ពេលនេះ គ្មាន​កិច្ចការ​នយោបាយ​ណា​ដែល​ត្រូវ​ដោះស្រាយ​ដោយ​ការ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង​នោះ​ដែរ ហើយ​សូម​កុំ​សង្ឃឹម​ថា​នឹង​មាន​ការ​ចរចា ឬ​ការ​យោគយល់​ពី​រូបលោក​ឲ្យ​សោះ។

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​មន្ត្រី និង​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ថា ឈប់​ស្រមើស្រមៃ​បន្ត​ទៀត​ទៅ​ថា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រស់​ឡើងវិញ ហើយ​លោក​នឹង​លើកលែង​ទោស​ឲ្យ​ក្រុម​ប្រឆាំង​ទាំងនោះ ឬ​នឹង​ធ្វើការ​ចរចា​រក​ដំណោះស្រាយ​នយោបាយ​ណាមួយ​ព្រោះតែ​លោក​ខ្លាច​អន្តរជាតិ​ឲ្យ​សោះ ប៉ុន្តែ​ពួក​អ្នក​ដែល​មាន​ទោស ត្រូវ​ទៅ​ទទួល​ទោស​ជាប់​គុក ២​ភាគ​៣ សិន​ទៅ ចាំ​គិត​ដល់​រឿង​ការ​លើកលែង​ទោស ឬ​បន្ធូរបន្ថយ​ទោស។

កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ អ្នកគាំទ្រ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ទម្លាយ​វីដេអូ​ប្រវែង​ជាង ១៣​នាទី​អំពី​កិច្ចប្រជុំ​សម្ងាត់​ពង្រឹង​បណ្ដាញ​ក្នុង​ស្រុក​តាម​ប្រព័ន្ធ​អនឡាញ​ក្នុង​កម្មវិធី​ឈ្មោះ Zoom របស់​ក្រុម​ប្រឆាំង​ដឹកនាំ​ដោយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ដែល​ត្រូវ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​ទៅ​ទាំង​ដែល​សមាជិក​ក្នុង​អង្គប្រជុំ​មិន​បាន​ដឹង​ជា​មុន​ទាល់តែសោះ។

ការ​លេច​មុខ​លោក ហ៊ុន សែន ចូលរួម​ក្នុង​កម្មវិធី​ប្រជុំ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នេះ ក៏​នាំ​ឲ្យ​អ្នកវិភាគ​សង្គម និង​អ្នក​តាមដាន​នយោបាយ​បញ្ចេញ​ទស្សនៈ​យល់ឃើញ​ផ្សេងៗ​គ្នា​ពី​ស្ថានភាព និង​របត់​នយោបាយ​នៅ​កម្ពុជា ក្នុង​ន័យ​វិជ្ជមាន និង​អវិជ្ជមាន​ផង​ដែរ។

ដោយឡែក​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ថា ការ​ប្រកាស​មិន​ចរចា​ជាមួយ​ក្រុម​ប្រឆាំង​ពី​សំណាក់​លោក ហ៊ុន សែន មិនមែន​ជា​រឿង​ចម្លែក​ពេក​នោះ​ទេ ព្រោះថា​កម្លាំង​បក្ស​ប្រឆាំង​បាន​បែកបាក់​គ្នា​បែប​នេះ​មិនមែន​ជា​សម្ពាធ​សម្រាប់​បក្ស​កាន់​អំណាច ដែល​ត្រូវ​បន្ទន់​ឥរិយាបថ​រក​ការ​ចរចា​នោះ​ឡើយ។

លោក​អះអាង​ថា ការ​បែកបាក់​សាមគ្គី​របស់​ក្រុម​ប្រឆាំង​ដូច​សព្វថ្ងៃ​នេះ គឺជា​បណ្តាសា​ធំ​ណាស់​សម្រាប់​កម្ពុជា ព្រោះថា​រដ្ឋាភិបាល និង​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​ឯក​បក្ស​នៅ​ពេលនេះ គេ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​មេ​បក្ស​កាន់​អំណាច ដូចជា​ការ​កែ​ច្បាប់ បង្កើត​ច្បាប់​ថ្មីៗ​ដើម្បី​ការពារ​អំណាច​របស់​ពួកគេ​ទៅ​ថ្ងៃ​មុខ ជាដើម។

លោក ម៉ែន ណាត បញ្ជាក់​ថា វិធី​មាន​តែ​មួយ​គត់​សម្រាប់​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា គឺ​ក្រុម​ប្រឆាំង​ត្រូវតែ​រក​ការ​ផ្សះផ្សា​រវាង​ក្រុម​ប្រឆាំង​គ្នាឯង​ជា​មុន​សិន ដើម្បី​ពង្រឹង​កម្លាំង​ផ្ទៃក្នុង និង​រក្សា​ស្មារតី​រួម​ឡើងវិញ។ លោក​បញ្ជាក់​ថា បន្ទាប់ពី​ក្រុម​ប្រឆាំង​មាន​កម្លាំង​នយោបាយ​ឡើងវិញ​ហើយ គណបក្ស​កាន់​អំណាច​ច្បាស់​ជា​បន្ទន់​ឥរិយាបថ​រក​ការ​ចរចា​ផ្សះផ្សា​នយោបាយ​ជាមិនខាន។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk របស់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថា ប្រសិនបើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លប​ចូល​ទៅ​ក្នុង​កិច្ចប្រជុំ​របស់​លោក​វិញ នោះ​លោក​នឹង​សួរ​សំណួរ​ទៅកាន់​លោក ហ៊ុន សែន ថា តើ​រវាង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ចរចា​គ្នា​រក​ដំណោះស្រាយ​ជូន​ជាតិ​មាតុភូមិ​បាន ដើម្បី​កុំ​ឲ្យ​បង្ក​វិបត្តិ​នយោបាយ​ដល់​ពលរដ្ឋ​ដូច​សព្វថ្ងៃ​នេះ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

សេចក្ដីរាយការណ៍ពិសេស