25 C
Phnom Penh

លោក ស ខេង៖ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី​កម្ពុជា លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ជា​ការ​កសាង​អំណាច​រដ្ឋបាល​នៅ​មូលដ្ឋាន​ផង​ដែរ ប៉ុន្តែ​មាន​មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ខ្លះ​បាន​រិះគន់​ពី​ការ​លើកឡើង​នេះ​ទាំងស្រុង។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​អភិបាល​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១១ តុលា ឆ្នាំ​២០២១ នេះ​ថា ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ពង្រឹង​ការ​កសាង​អំណាច​រដ្ឋបាល​នៅ​មូលដ្ឋាន ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការ​បំពេញ​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន តាមរយៈ​គោលនយោបាយ​កំណែ​ទម្រង់​តាម​ប្រព័ន្ធ​វិមជ្ឈការ និង​សហវិមជ្ឈការ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ​ជំរុញ​ឱ្យ​ថ្នាក់​ដឹកនាំ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​របស់​ខ្លួន ត្រូវតែ​នាំគ្នា​ខិតខំ​ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ជំរុញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​ជា​បន្ទាត់​នយោបាយ​មួយ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន។

លោក ស ខេង បញ្ជាក់​ថា មេឃុំ ស្មៀន​ឃុំ មេ​ប៉ុស្តិ៍​នគរបាល និង​មេភូមិ ត្រូវតែ​កែលំអ​ការ​ដឹកនាំ​នៅ​មូលដ្ឋាន​របស់​ខ្លួន​ឡើងវិញ ព្រោះថា​មួយ​ភាគ​ធំ​នៃ​កិច្ចការ​របស់​ពួកគេ បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​សំឡេង​ឆ្នោត​គាំទ្រ និង​កិត្តិយស​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច ដូច្នេះ​មន្ត្រី​ទាំងនេះ​ត្រូវតែ​បើក​ទូលាយ​ក្នុង​ការ​ទទួល​យក​បញ្ហា​របស់​ប្រជាពលរដ្ឋ​មក​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា។

ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​មន្ត្រី​នៅ​មូលដ្ឋាន​របស់​បក្ស​កាន់​អំណាច​យកចិត្ត​ទុកដាក់​លើ​បញ្ហា​របស់​ពលរដ្ឋ ដើម្បី​បង្កើន​ជំនឿ​ចិត្ត​របស់​ពលរដ្ឋ​លើ​មន្ត្រី​មូលដ្ឋាន ស្រប​ពេល​ដែល​យុទ្ធនាការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​មក​ដល់។

អគ្គហេរញ្ញិក​របស់​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ លោក សៀវ វិសុទ្ធ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ តុលា នេះ​ថា ការ​ណែនាំ​របស់​មន្ត្រី​កំពូល​បក្ស​កាន់​អំណាច​ទៅកាន់​មន្ត្រី​មូលដ្ឋាន​របស់​ខ្លួន គឺជា​ទម្លាប់​របស់​ពួកគេ​ទៅ​ហើយ​ដែល​តែងតែ​ធ្វើ​បែប​នេះ​ដើម្បី​ទាក់ទាញ​សន្លឹកឆ្នោត​របស់​ពលរដ្ឋ ប៉ុន្តែ​ប្រសិទ្ធភាព​ដោះស្រាយ​ការងារ​នៅ​មូលដ្ឋាន គឺ​នៅតែ​មាន​បញ្ហា​ដដែល បើ​ទោះបីជា​ពួកគេ​បាន​ដឹកនាំ​ប្រទេស​អស់​រាប់​អាណត្តិ​មក​ហើយ​ក៏ដោយ។

លោក​អះអាង​ថា របៀប​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​នេះ គឺ​មិន​អាច​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាពលរដ្ឋ​ដើម្បី​អាច​ទទួល​បាន​មេឃុំ​បម្រើ​រាស្ត្រ​ដោយ​ពិតប្រាកដ​បាន​ទេ ព្រោះ​ច្រើន​អាណត្តិ​កន្លងមក បញ្ហា​នៅ​មូលដ្ឋាន​គ្រប់​ទីកន្លែង​នៅតែ​កើត​មាន​ដដែល បើ​ទោះបីជា​គ្មាន​សំឡេង​ប្រឆាំង​ដែល​បាន​ជំទាស់​ទៅ​នឹង​ការ​ដឹកនាំ​របស់​ពួកគេ​ក៏ដោយ។ ករណី​នេះ បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ការ​ដឹកនាំ​មិន​រីកចម្រើន​របស់​បក្ស​កាន់​អំណាច មិនមែន​ដោយសារ​មាន​គេ​ជំទាស់​នោះ​ទេ គឺ​ដោយសារ​ខ្លួនឯង​មិន​មាន​សមត្ថភាព​ប៉ុណ្ណោះ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​លើកឡើង​របស់​លោក ស ខេង គឺ​ពិតជា​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិនបើ​លោក​គិតគូរ​ដល់​ការ​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មែន​នោះ បក្ស​កាន់​អំណាច​គួរតែ​ផ្តល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឱ្យ​បក្ស​ប្រឆាំង​វិញ ព្រោះ​អាណត្តិ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ពួកគេ​មិនទាន់​ផុត​កំណត់​នៅឡើយ​ទេ។ ជាង​នេះ​ទៀត លោក ស ខេង ក៏​មិន​គួរ​ចូល​ដៃ​ជាមួយ​លោក ហ៊ុន សែន ប្លន់​តំណែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ដែរ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ប្រកាស​ផ្តាច់​ប្រាក់ខែ​ភ្លាមៗ​ក្រោយពី​គណបក្ស​ប្រឆាំង​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​ចេញ​សាលដីកា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ។

កាលពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​សម្រេច​ស្ដីពី​ការ​ប្រកាស​កាលបរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដូច្នេះ​ការ​បោះឆ្នោត​នៅ​មិន​ដល់ ១០​ខែ​ទៀត​នោះ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស