25 C
Phnom Penh

មេដឹកនាំ​កូរ៉េ​ខាងជើង​ប្រាប់​អាមេរិក​ថា​ការ​អភិវឌ្ឍ​អាវុធ​ទំនើបៗ​គឺ​ដើម្បី​ប្រឆាំង​អនុភាព​និយម​របស់​ចក្រព័ត្រ

បទវិភាគ

នៅ​រយៈពេល​ចុងក្រោយ​នេះ កូរ៉េ​ខាងជើង​ជា​រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​បាន​បាញ់​កាំជ្រួច​អន្តរទ្វីប​បង្អើល​ពិភពលោក ជាពិសេស​បង្អើល​អាមេរិក និង​សម្ពន្ធមិត្ត​ជាច្រើន​គ្រាប់​មក​ហើយ។ យ៉ាង​តិច​កាំជ្រួច​ចំនួន ៦​គ្រាប់​ត្រូវ​បាន​បាញ់​តាំងពី​លោក ចូ បៃដិន ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២១។

បន្ថែម​លើស​ពី​នេះ រដ្ឋ​សន្តតិវង្ស​មួយ​នេះ​បាន​បង្កើន​ល្បឿន​អភិវឌ្ឍ​កាំជ្រួច​អន្តរទ្វីប​ថែម​ទៀត ដោយ​មិន​ខ្ចី​គោរព​តាម​បម្រាម​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

ជា​ថ្មី​ម្ដង​ទៀត ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ (KCNA) របស់​ប្រទេស​អាស៊ី​ខាងកើត​ផ្ដាច់ការ​មួយ​នេះ បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ ទី​១២ តុលា ដោយ​ស្រង់​សម្ដី​មេដឹកនាំ Kim Jong Un ដែល​អះអាង​ថា​ការ​អភិវឌ្ឍ​អាវុធ​របស់​កូរ៉េ​ខាងជើង គឺ​ចាំបាច់​នៅ​ក្នុង​ស្ថានការណ៍​ប្រឈម​ជាមួយ​នឹង​គោលនយោបាយ​សត្រូវ​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត។

តែ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters វិញ គឺ​ការ​អភិវឌ្ឍ​អាវុធ​របស់​កូរ៉េ​ខាងជើង គឺជា​ការ​បង្កើន​កម្លាំង​អនុភាព​យោធា​សំដៅ​ឱ្យ​គេ​មើល​ឃើញ​ថា ប្រទេស​ផ្ដាច់ការ​មួយ​នេះ​មាន​អំណាច​ខ្លាំង​ជាងគេ​នៅ​អាស៊ី​ខាងកើត គឺ​ផ្នែក​យោធា និង​សព្វាវុធ​ទំនើបៗ។

លោក Kim Jong Un បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ដូចនេះ​នៅ​ឯ​ពិព័រណ៍​អភិវឌ្ឍន៍​ផ្នែក​ការពារ​ជាតិ កាលពី​ថ្ងៃ​ចន្ទ ទី​១១ តុលា។ ប៉ុន្តែ​លោក គីម អះអាង​ថា រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង បង្កើន​កម្លាំង​ទ័ព គឺ​គ្រាន់តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ មិនមែន​ដើម្បី​ផ្ដើម​សង្គ្រាម​នោះ​ទេ។

ការពិត មេដឹកនាំ​វ័យ​ក្មេង​រូប​នេះ​បាន​អួត​ដូចនេះ ខណៈ​លោក​កំពុង​ពិនិត្យ​មើល​អាវុធ​ជាច្រើន​ប្រភេទ រួម​មាន​កាំជ្រួច​អន្តរទ្វីប ICBM ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក ជាពិសេស​រដ្ឋ​ហាវៃ។ ក្នុង​ការ​តាំង​បង្ហាញ​អាវុធ​ទំនើប​នេះ គឺ​មាន​កាំជ្រួច Hwasong-16 ដែល​ជា​កាំជ្រួច ICBM។ ICBM ជា​កាំជ្រួច​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា​យោធា​ពី​ឆ្នាំ​ទៅ​មិញ។

តែ​យ៉ាងណា សេចក្ដី​ថ្លែងការណ៍​របស់​លោក Kim Jong Un ដែល​ទាក់ទាញ​ច្រើន គឺ​និយាយ​ថា​កូរ៉េ​ខាងជើង​មិន​មាន​ផែនការ​ទៅ​រក​សង្គ្រាម​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​នោះ​ទេ តែ​លោក​ថា​អាវុធ​ទាំងនេះ​គឺ​ដើម្បី​ប្រឆាំង​អនុត្តរភាព​របស់​ពួក​ចក្រព័ត្រ។

លោក​ថា សត្រូវ​ចម្បង​បំផុត​របស់​ប្រទេស​កូរ៉េ​ខាងជើង គឺ​សង្គ្រាម​គំរាមកំហែង​ពី​សត្រូវ​ជិត​ឆ្ងាយ។ ចាប់តាំង​ពី​ការ​ពុះ​ច្រៀក​កូរ៉េ​ជា​ពីរ​នៅ​ឆ្នាំ​១៩៥៣ ដោយសារ​សង្គ្រាម​ស៊ីវិល ឃើញ​ថា​កងទ័ព​អាមេរិក​នៅ​លើ​ទឹកដី​កូរ៉េ​ខាងត្បូង​មាន​ជាង ៣​ម៉ឺន​នាក់។ អាមេរិក​បាន​ដាក់​ពង្រាយ​រួច​ហើយ​នូវ​កាំជ្រួច​ដើម្បី​ការពារ​កូរ៉េ​ខាងត្បូង​ផង និង​ការពារ​មូលដ្ឋាន​កងទ័ព​អាមេរិក​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស