22 C
Phnom Penh

អតិថិជន​ទិញ​ផ្ទះល្វែង​ពី​បុរី​ពិភពថ្មី​កំបូល​ខកចិត្ត​នឹង​គុណភាព​សំណង់​ផ្ទះ​ល្វែង និង​សេវា​មួយ​ចំនួន​របស់​ក្រុមហ៊ុន​នេះ

បទវិភាគ

ប្រជាពលរដ្ឋ​ភាគច្រើន​ដែល​រស់នៅ​បុរី​ពិភពថ្មី ក្នុង​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​បង្ហាញ​ការ​ខក​ចិត្ត​លាយឡំ​នឹង​ការ​ព្រួយបារម្ភ ក្រោយ​ពេល​បាន​ចូល​ទៅ​រស់នៅ​បុរី​ពិភពថ្មី​សាខា​កំបូល ចាប់ពី​គម្រោង​ទី​៣ ដល់​គម្រោង​ទី​៥ ដោយសារតែ​មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក​រដ្ឋ​ប្រើប្រាស់ និង​បញ្ហា​អសន្តិសុខ​កើត​ឡើង​ញឹកញាប់។

ពលរដ្ឋ​រស់នៅ​ក្នុង​បុរី​នោះ​បាន​លើក​ឡើង​ថា ទឹក​អណ្តូង​ដែល​ក្រុមហ៊ុន​បុរី​ពិភពថ្មី​កំបូល​នេះ​បើក​ឲ្យ​ប្រើប្រាស់ គឺ​មិន​គ្រប់គ្រាន់​ឡើយ ហើយ​ក៏​មាន​ថ្ងៃ​ខ្លះ​មិន​មាន​ទឹក​ប្រើប្រាស់​ក៏​មាន​ដែរ។ ក្រៅ​ពី​នោះ ពលរដ្ឋ​ដែល​ទិញ​លំនៅឋាន​នៅ​បុរី​ពិភពថ្មី​កំបូល បាន​រិះគន់​ចំពោះ​គុណភាព​សំណង់​ផ្ទះ​ល្វែង​ក្នុង​បុរី​ពិភពថ្មី​កំបូល ចាប់ពី​គម្រោង​ទី​១ ទី​២ និង​ទី​៥ ដោយ​ពួកគាត់​បាន​ពិនិត្យ​ឃើញ​ថា សំណង់​ផ្ទះ​ល្វែង​ទាំងនោះ​ហាក់​មិន​មាន​គុណភាព​ទេ ចំណែក​ឯ​សម្ភារៈ​ប្រើប្រាស់​ដែល​បំពាក់​នៅ​ក្នុង​ផ្ទះ​ល្វែង ក៏​មិន​មាន​គុណភាព​ដែរ ដូចជា​ពិដាន​ជ្រាប​ទឹក ស្ទះ​ទុយោ​ទឹក ជាដើម។

ក្រៅ​ពី​គុណភាព​សំណង់ ពលរដ្ឋ​ក៏​នៅ​មាន​ការ​ព្រួយបារម្ភ​មួយ​ទៀត គឺ​កើត​មាន​អំពើ​ចោរកម្ម​គាស់​ផ្ទះ លួច​ម៉ូតូ គាស់​កញ្ចក់​រថយន្ត ដែល​ម្ចាស់​ចត​ទុក​មុខ​ផ្ទះ និង​កាច់​កញ្ចក់​រថយន្ត​ជាដើម បើ​ទោះបីជា​ប្រជាពលរដ្ឋ​បាន​បង់​ថ្លៃ​សេវា​សន្តិសុខ​ជា​ប្រចាំ​ខែ​ទៅ​ឲ្យ​កង​សន្តិសុខ​របស់​ក្រុមហ៊ុន​បុរី​ពិភពថ្មី​ក៏ដោយ។

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរី​ពិភពថ្មី​កំបូល បាន​ទទូច​ដល់​លោក ហុង ពីវ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​នេះ បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​ដោះស្រាយ​ចំពោះ​បញ្ហា​ដែល​អតិថិជន​របស់​ខ្លួន​បាន​ជួប​ប្រទះ ដូចជា​ការ​តភ្ជាប់​បណ្ដាញ​ទឹក គុណភាព​សំណង់ និង​បញ្ហា​សន្តិសុខ ជាដើម។

សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​មាន​ប្រភព​ទាក់ទង​អ្នកឧកញ៉ា ហុង ពីវ ប្រធាន​ក្រុមហ៊ុន​បុរី​ពិភពថ្មី ដើម្បី​បំភ្លឺ​ជុំវិញ​កង្វល់ ក៏ដូចជា​ការ​ចោទប្រកាន់​របស់​អតិថិជន​បុរី​ពិភពថ្មី​សាខា​កំបូល​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០២១៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស