22 C
Phnom Penh

បទវិភាគ៖ កម្ពុជា​គួរ​ទម្លាក់​បទ​ចោទ​មន្ត្រី​បក្ស​ប្រឆាំង​និង​សកម្មជន​សង្គម ដើម្បី​សាទរ​ធ្វើ​ជា​ប្រធាន​អាស៊ាន

បទវិភាគ

ភ្លាមៗ​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ថ្ងៃ​ទី​២៨ តុលា ញញួរ​អាស៊ាន​ដែល​ត្រូវ​ប្រគល់​ឱ្យ​សម្រាប់​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ បាន​ធ្លាក់​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​មោទកភាព​ដែល​លោក​អះអាង​ថា លោក​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កម្ពុជា​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​ចំនួន​បី​លើក​មក​ហើយ។

ជាមួយ​នឹង​ការ​បង្ហាញ​មោទកភាព​ដូច​នេះ លោក ហ៊ុន សែន បាន​បង្ហាញ​ញញួរ គឺ​ដៃ​របស់​លោក​កាន់​ញញួរ​ដែល​ជា​និមិត្តរូប​អំពី​កម្ពុជា​ជា​ប្រធាន​អាស៊ាន ហើយ​ញញួរ​នេះ​មើល​ទៅ​លោក ហ៊ុន សែន ចង់​ប្រាប់​ថា​ប្រធាន​អាស៊ាន​មាន​សិទ្ធិ​អំណាច​អាច​វះកាត់​នូវ​បញ្ហា​ទាំងឡាយ​ក្នុង​តំបន់។

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ ក៏​បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា គឺ​លោក ប្រាក់ សុខុន។ នៅ​ក្នុង​បទសម្ភាសន៍​នេះ ប្រមុខ​ការទូត​កម្ពុជា​ហាក់​បង្ហាញ​មោទកភាព​ខ្លួនឯង​ផង​ដែរ​ក្នុង​ការ​ទទួល​វេន​ពី​ប្រទេស​ព្រុយណេ ដែល​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២។ ដោយ​បង្ហាញ​នូវ​ភាព​អំនួត លោក ប្រាក់ សុខុន សង្ឃឹម​ថា​នឹង​រុញ​ឱ្យ​ពួក​យោធា​ភូមា​បើក​ទ្វារ​ចំហ​ដើម្បី​ទទួល​យក​ការ​ចរចា​នយោបាយ​ជាមួយ​នឹង​ក្រុម​បក្ស​ប្រឆាំង។

កម្ពុជា​ដែល​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ឆ្នាំ​ក្រោយ​នេះ សន្យា​ថា​នឹង​គាបសង្កត់​របប​សឹក​ភូមា​បន្ត​ទៀត ដើម្បី​ឱ្យ​ពួក​យោធា​ចូល​ខ្លួន​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ធ្វើ​ឱ្យ​មាន​របប​ស្រប​ច្បាប់​ឡើងវិញ។

ទោះបីជា​លោក ប្រាក់ សុខុន និយាយ​យោង​ទៅ​ដល់​បញ្ហា​ភូមា​ដែល​លោក​ថា​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ​របស់​អាស៊ាន ប៉ះពាល់​ដល់​តម្លៃ​អាស៊ាន និង​សហគមន៍ ហើយ​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​ពលរដ្ឋ​ភូមា​ក៏ដោយ ក៏​លោក​នៅតែ​រំឭក​អំពី​គោលការណ៍​ធម្មនុញ្ញ​អាស៊ាន​ត្រង់​ជំពូក​មួយ ដែល​បញ្ជាក់​អំពី​ការ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ណា​មួយ​ជា​សមាជិក​អាស៊ាន​ដដែល។

លោក​បន្ត​ថា គេ​រាល់​គ្នា​ត្រូវ​គោរព​អធិបតេយ្យ​នៃ​ប្រទេស​ជា​សមាជិក​របស់​អាស៊ាន។ តែ​យ៉ាងណា ទាំង​លោក ហ៊ុន សែន និង​លោក ប្រាក់ សុខុន ចង់​បង្ហាញ​ថា​កម្ពុជា​ជា​ប្រធាន​អាស៊ាន ពិត​ណាស់​មាន​ឆន្ទៈ​ជួយ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​ផ្សះផ្សា​ជាតិ​នៅ​ភូមា​ឡើងវិញ ហើយ​មិន​តែប៉ុណ្ណោះ លោក ប្រាក់ សុខុន អះអាង​ថា កម្ពុជា​នឹង​តែងតាំង​ប្រេសិត​ថ្មី​ម្នាក់​ទៀត​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ភូមា។

យោង​តាម​សារ និង​ជំហរ​របស់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ពីរ​រូប​នេះ គឺ​មើល​ទៅ​អាស៊ាន​ក្រោម​ការ​ដឹកនាំ​របស់​កម្ពុជា​រយៈពេល​មួយ​ឆ្នាំ នឹង​ធ្វើ​ឱ្យ​ភូមា​វិល​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ គឺ​មុន​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។ យ៉ាងណាក៏ដោយ មាន​ការ​ចោទ​សួរ​ថា តើ​កម្ពុជា​ខ្លួនឯង​បច្ចុប្បន្ន​នេះ​លាង​ដៃ​នឹង​សាប៊ូ​ស្អាត​ហើយ​ឬ​នៅ មុន​នឹង​ចូល​ខ្លួន​ទៅ​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ភូមា?

ការពិត កម្ពុជា​ខ្លួនឯង​បច្ចុប្បន្ន​នេះ​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជិត​១៤០ ដែល​ត្រូវ​បាន​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) រក​ឃើញ​ថា​ជា​រាជាណាចក្រ​អន់ថយ​បំផុត​អំពី​នីតិរដ្ឋ ហើយ​កម្ពុជា​ជា​រាជាណាចក្រ​ដែល​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។ ចំណែក​រាល់​ស្ថាប័ន​រដ្ឋ​ទាំងអស់ រួម​ទាំង​ស្ថាប័ន​តុលាការ​ផង​នោះ ក៏​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច​ផង​ដែរ។

ករណី​នេះ តើ​កម្ពុជា​មាន​ទឹកមាត់​អ្វី ឬ​ឥទ្ធិពល​អ្វី​ទៅ​ដោះស្រាយ​វិបត្តិ​ប្រទេស​ដទៃ?

នេះ​ជា​ចំណោទ​មួយ​នៃ​បញ្ហា​ដែល​កើត​មាន​ក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ ដែល​ហៀប​នឹង​ដណ្ដើម​អំណាច​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។ ជាមួយ​គ្នា​នេះ អ្នក​នយោបាយ​បក្ស​ប្រឆាំង សកម្មជន​សង្គម អ្នក​បរិស្ថាន​រាប់​សិប​នាក់​កំពុង​ជាប់​ឃុំ​ខ្លួន​ថែម​ទៀត។

តែ​បើ​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ គឺ​ចាប់តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​នោះ សកម្មជន​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ប្រហែល ១៥០​នាក់​ហើយ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​បង្ក​អសន្តិសុខ​សង្គម ហើយ​សូម្បីតែ​មេ​បក្ស​ប្រឆាំង​កំពុងតែ​ឡើង​សវនាការ​ពី​បទ​ឃុបឃិត​នឹង​បរទេស ឬ​គេ​ហៅថា​ជា​ទោស​ក្បត់​ជាតិ​ថែម​ទៀត។ អតីត​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រាប់​សិប​នាក់ បាន​រត់​ភៀស​ខ្លួន​ចេញពី​ប្រទេស។

សំណួរ​សួរ​ថា តើ​កម្ពុជា​ត្រូវ​ដោះស្រាយ​វិបត្តិ​ក្នុង​ប្រទេស​របស់​ខ្លួន​ដោយ​របៀប​ណា មុន​ឈាន​ជើង​ទៅ​ដោះស្រាយ​បញ្ហា​ក្នុង​ស្រុក​របស់​ភូមា?

ក្នុង​សភាព​បែប​នេះ​ហើយ​ដែល​សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នេះ។ សហភាព​អឺរ៉ុប​បន្ត​ដាក់​ទណ្ឌកម្ម​នៅឡើយ គឺ​ការ​ដកហូត​សិទ្ធិ​អនុគ្រោះ​ពន្ធ EBA អស់ ២០% ពី​កម្ពុជា។

នៅ​ឆ្នាំ​ក្រោយ​នេះ បើ​កម្ពុជា​ពុំ​មាន​ដំណោះស្រាយ​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ខ្លួនឯង និង​ការ​ស្ដារ​ប្រជាធិបតេយ្យ​មួយ​រឹងមាំ​ឡើងវិញ ទំនង​សហភាព​អឺរ៉ុប​នឹង​បន្ត​ដកហូត​ពន្ធ​អនុគ្រោះ​ពី​កម្ពុជា​ថែម​ទៀត។ ដោយឡែក​សហរដ្ឋ​អាមេរិក​ឯណោះ​វិញ បាន​ដក​ប្រព័ន្ធ​ពន្ធ​អនុគ្រោះ​របស់​ខ្លួន គឺ GSP ពី​កម្ពុជា​ទៅ​ហើយ។

ឥឡូវ​នេះ​ទៀត សភា​សហរដ្ឋ​អាមេរិក​ក៏​បាន​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ឆ្ពោះ​ទៅ​រក​ការ​ដាក់​ទណ្ឌកម្ម បង្កក​ទ្រព្យសម្បត្តិ និង​បិទ​ទិដ្ឋាការ​ទៅលើ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​មូលដ្ឋាន​គ្រឹះ​នៃ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ថែម​ទៀត។

ច្បាប់​នេះ​កំពុង​ធ្លាក់​ក្នុង​ដៃ​ព្រឹទ្ធសភា ហើយ​កំពុង​រង់ចាំ​ធ្វើការ​អនុម័ត​បន្ត ដើម្បី​បញ្ជូន​ទៅកាន់​ប្រធានាធិបតី លោក ចូ បៃដិន។

ទាំងនេះ​សុទ្ធតែ​ជា​បញ្ហា​ដែល​កម្ពុជា​ខ្លួនឯង​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​មុន​កម្ពុជា​ចូល​ខ្លួន​ទៅ​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ភូមា។ ប៉ុន្តែ​បើ​កម្ពុជា​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​បាន ក៏​គេ​មិន​ជឿ​ថា​កម្ពុជា​ខ្លួនឯង​ផ្ទាល់​មាន​ឆន្ទៈ​ពិតប្រាកដ​នោះ​ទេ គឺ​អាច​មាន​ប្រទេស​ណា​មួយ​មាន​ឥទ្ធិពល​លើ​កម្ពុជា​ផង និង​លើ​របប​សឹក​នៅ​ភូមា​ផង​ជា​អ្នក​នៅ​ពីក្រោយ​កម្ពុជា និង​ពួក​យោធា​ភូមា។ ត្រង់​ចំណុច​នេះ អាច​មានន័យ​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ស្ថិតនៅ​ក្រោម​តុ​របស់​បក្ស​កាន់​អំណាច ជាពិសេស​នៅតែ​ស្ថិត​ក្រោម​តុ​របស់​លោក ហ៊ុន សែន។

សរុប​ទៅ កម្ពុជា​ដែល​ត្រេកអរ​នឹង​ខ្លួន​កាន់​ញញួរ​ធំ​របស់​អាស៊ាន​ធ្វើជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២ គឺ​កម្ពុជា​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​នូវ​ចំណុច​អវិជ្ជមាន​ដែល​ជា​គុណវិបត្តិ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​រឹត​បន្តឹង​សេរីភាព​នយោបាយ និង​ការ​ចោទប្រកាន់​ទៅលើ​អ្នក​នយោបាយ រួម​ទាំង​សកម្មជន​បក្ស​ប្រឆាំង។

បើ​កម្ពុជា​ធ្វើ​បាន គឺ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​បាន​លាង​ដៃ​នឹង​សាប៊ូ​ស្អាត​ដោយ​ខ្លួនឯង ហើយ​ក៏​អាច​ជម្រះ​វិបត្តិ​នៅ​ភូមា​បាន​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស