25 C
Phnom Penh

តុលាការ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​បរិស្ថាន ៦​នាក់​ផ្សេង​ទៀត​ឱ្យ​នៅ​ក្រៅ​ឃុំ​សាកល្បង​៣​ឆ្នាំ

បទវិភាគ

សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ សម្រេច​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​សកម្មជន​បរិស្ថាន ៦​នាក់​ផ្សេង​ទៀត ដូចជា​កញ្ញា ស កន្និកា និង​លោក តុន និមល ជាដើម ឱ្យ​នៅ​ក្រៅ​ឃុំ​សាកល្បង​រយៈពេល ៣​ឆ្នាំ និង​មិន​ឱ្យ​អ្នក​ទាំង​បី​ទាក់ទង​គ្នា​ជាដាច់ខាត​តាម​គ្រប់​រូបភាព។

សាលាឧទ្ធរណ៍​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ សម្រេច​ឱ្យ​ប្រធាន​សហជីព​កម្ពុជា លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២​ឆ្នាំ អនុវត្ត​ទោស ១៥​ខែ ១១​ថ្ងៃ ដោយឡែក​សកម្មជន​បរិស្ថាន កញ្ញា ស កន្និកា សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ អនុវត្ត​ទោស ១៥​ខែ និង ៥​ថ្ងៃ និង​លោក តុន និមល សម្រេច​ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ដោយ​អនុវត្ត​ទោស ១៤​ខែ និង ២៤​ថ្ងៃ។

ប្រភព​ដដែល​អះអាង​ថា ប្រធាន​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​កញ្ញា ស កន្និកា បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១៥​ខែ​មក​ហើយ រីឯ​លោក តុន និមល បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង ១២​ខែ ខណៈ​ទោស​ដែល​នៅសល់​ត្រូវ​បាន​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​ព្យួរ​សាកល្បង​ចំនួន ៣​ឆ្នាំ និង​តម្រូវ​ឱ្យ​បង់​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​លាន​រៀល និង​បង្គាប់​ឱ្យ​អ្នក​ទាំង ៣​នាក់​សង​សំណង​ជំងឺចិត្ត​រួម​គ្នា​ដល់​ដើមបណ្ដឹង​រដ្ឋប្បវេណី គឺ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ជា​ទឹកប្រាក់​ចំនួន ៤០០​លាន​រៀល​ដែល​ស្មើ​នឹង ១០​ម៉ឺន​ដុល្លារ​អាមេរិក​ថែមទៀត។

ក្រៅពី​ដោះលែង​លោក រ៉ុង ឈុន ឱ្យ​នៅ​ក្រៅ​ឃុំ មាន​យុវជន ២​នាក់​ផ្សេង​ទៀត​ដែរ​ដែល​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ គឺ​លោក ហ៊ុន វណ្ណៈ និង​អ្នកនាង ឈឿន ដារ៉ាវី ក្រោយ​អនុវត្ត​ទោស​ចប់​សព្វគ្រប់ ខណៈ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ និង​សកម្មជន​សង្គម លោក ប៉ែន ច័ន្ទសង្គ្រាម ក៏​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​តែ​មួយ​ដូច​គ្នា​ដែរ។

សកម្មជន​សង្គម អ្នកនាង ឈឿន ដារ៉ាវី ក្រោយ​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ (រូបថត​ពី​ហ្វេសប៊ុក៖ Koet Saray)

តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១ បាន​កាត់ទោស​លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ចំណែក​កញ្ញា ស កន្និកា និង​លោក តុន និមល ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន ២០​ខែ ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ដូច​គ្នា​តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ។

ប្រធាន​សហជីព​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ ជុំវិញ​ការ​អត្ថាធិប្បាយ​របស់​លោក​អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ចំណែក​កញ្ញា ស កន្និកា និង​លោក តុន និមល ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​តវ៉ា​ដោយ​អហិង្សា​កាលពី​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្រោយ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន បាន​មួយ​ខែ​ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​អះអាង​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ​ថា ការ​ដោះលែង​សកម្មជន​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ គឺជា​រឿង​តួនាទី​របស់​តុលាការ និង​ពិរុទ្ធភាព​របស់​សាមីជន​ម្នាក់ៗ​ប៉ុណ្ណោះ គ្មាន​ការ​គាបសង្កត់​ពី​ខាង​ណា​នោះ​ទេ ហើយ​ការ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ គឺជា​នីតិវិធី​ដើម្បី​ឲ្យ​ពួកគេ​កែ​ខ្លួន​ទៅជា​ពលរដ្ឋ​ល្អ​ផង​ដែរ។

ទោះ​ជា​បែប​នេះ​ក្តី អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ ធ្លាប់​អះអាង​ថា ការ​ចាប់​សកម្មជន​បរិស្ថាន​ដាក់​គុក ហើយ​ដោះលែង​ដោយ​ការ​ព្យួរ​សេរីភាព​ជាច្រើន​ឆ្នាំ ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​បែប​នេះ គឺ​ជា​ល្បែង​នយោបាយ​ក្តោប​ក្តាប់​អំណាច​របស់​ពួក​កុម្មុយនីស្ត​ប៉ុណ្ណោះ ត្បិត​ពួកគេ​បាន​គណនា​យ៉ាង​ច្បាស់​អំពី​ពេល​ដែល​ត្រូវ​បន្ធូរបន្ថយ និង​រឹត​បន្តឹង​សេរីភាព​ពលរដ្ឋ​ខ្មែរ។

លោក គឹម សុខ បញ្ជាក់​ថា ប្រសិនបើ​ពួក​មេដឹកនាំ​នយោបាយ​ក្រៅ​រដ្ឋាភិបាល​នាំគ្នា​ខ្លាច​អំណាច​ពួក​ផ្ដាច់ការ​គ្រប់​គ្នា នោះ​មេដឹកនាំ​នយោបាយ​ផ្ដាច់ការ​នៅតែ​អាច​បន្ត​អំណាច​របស់​ពួកគេ​បាន​យ៉ាង​ងាយស្រួល តាម​ឧបាយកល​បំបិទ​សំឡេង​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ ដោយ​ប្រើ​លេស​រំលោភ​ច្បាប់​ចាប់​អ្នក​ទាំងនោះ​ដាក់​គុក ដើម្បី​បន្ត​អំណាច​របស់​ពួកគេ​ឱ្យ​បាន​យូរអង្វែង​ទៅ​មុខ​ទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​រិះគន់​ថា រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​ក្រមព្រហ្មទណ្ឌ​ស្ដីពី​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស មាត្រា​៤៩៤ និង ៤៩៥ ដែល​បាន​ប្រើ​មាត្រា​ទាំងនេះ​ចោទប្រកាន់​សកម្មជន​បរិស្ថាន​កន្លងមក ដើម្បី​បិទ​បាំង​អំពើ​ទុច្ចរិត​របស់​ខ្លួន និង​មាន​គោលបំណង​បំបិទ​សិទ្ធិ​មូលដ្ឋាន និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ការ​រំលោភ​លើ​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិពលរដ្ឋ និង​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ។

របាយការណ៍​សង្គម​ស៊ីវិល​បង្ហាញ​ថា រយៈពេល ១​ឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​យុទ្ធសាស្ត្រ​បណ្តឹង​ផ្លូវច្បាប់​ដើម្បី​បំបាក់​ស្មារតី និង​បំបិទ​សំឡេង​តវ៉ា​នានា​ចំពោះ​អ្នក​ដែល​រិះគន់​លើ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​ខ្លួន ក្នុង​នោះ​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ជិត ៣០​នាក់​ហើយ​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​នា​ពេល​កន្លងមក។

កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២០ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស អ្នកស្រី Mary Lawlor បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​រឹត​បន្តឹង​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​លើ​អង្គការ​សង្គម​ស៊ីវិល ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​តស៊ូ​រមតិ​ដើម្បី​យុត្តិធម៌​សង្គម ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស