25 C
Phnom Penh

ជំនួប​រវាង​លោក ចូ បៃដិន និង​លោក ស៊ី ជីនពីង ពុំ​បាន​រក​ឃើញ​ចំណុច​ត្រូវ​គ្នា មាន​តែ​ព្រមាន​គ្នា​ករណី​តៃវ៉ាន់

បទវិភាគ

ជំនួប​កំពូល​នៃ​មេដឹកនាំ​មហាអំណាច​ធំ​ពីរ​ដែល​មាន​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​សម​ភាគី​អាមេរិក លោក ចូ បៃដិន ប្រើ​រយៈពេល​បួន​ម៉ោង​ធ្វើឡើង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត កាលពី​ថ្ងៃ​ចន្ទ ទី​១៥ ខែ​វិច្ឆិកា ពុំ​មាន​កិច្ចព្រមព្រៀង​អ្វី​មួយ​បាន​ប្រកាស​ឡើង​ជា​ផ្លូវការ​នោះ​ទេ គឺ​មាន​តែ​ឃើញ​ការ​ចុះផ្សាយ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ថា ជំនួប​កំពូល​នេះ​បាន​ត្រឹមតែ​គំរាម​គ្នា​ទៅវិញ​ទៅមក​អំពី​កោះ​តៃវ៉ាន់​តែ​ប៉ុណ្ណោះ។

សារព័ត៌មាន The Guardian បាន​ចុះផ្សាយ​ថា ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្រតិកម្ម​ទៅ​នឹង​លោក ចូ បៃដិន ប្រាប់​ឱ្យ​ចិន​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​យោធា​គំរាមកំហែង​កោះ​តៃវ៉ាន់ បាន​នាំ​ឱ្យ​ផ្ទុះ​ជម្លោះ​ពាក្យ​សម្ដី​គំរាម​គ្នា​ទៅវិញ​ទៅមក។ ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ប្រាប់​លោក ចូ បៃដិន ថា ចិន​ត្រៀម​វិធានការ​ខ្លាំងៗ​រួច​រាល់​អស់​ទៅ​ហើយ ដើម្បី​ប្រឆាំង​នឹង​កោះ​តៃវ៉ាន់ ឱ្យ​តែ​ដែន​កោះ​មួយ​នេះ​ហ៊ាន​ដើរ​ជាន់​បន្ទាន់​ក្រហម​របស់​ទីក្រុង​ប៉េកាំង ដែល​ប្រឆាំង​ដាច់ខាត​ការ​ប្រកាស​កោះ​តៃវ៉ាន់​ជា​ដែន​អធិបតេយ្យ​ឯករាជ្យ។

លោក ស៊ី បាន​ព្រមាន​លោក ចូ បៃដិន ថា សហរដ្ឋ​អាមេរិក​មិន​ត្រូវ​គាំទ្រ​កម្លាំង​របស់​តៃវ៉ាន់​ណា​មួយ​ដែល​ឆ្ពោះ​ទៅ​រក​ការ​ប្រកាស​ឯករាជ្យ​នោះ​ទេ។ លោក ស៊ី ចាត់ទុក​ថា សហរដ្ឋ​អាមេរិក​ធ្វើ​ដូចនេះ​គឺជា​ការ​ប្រលែង​លេង​នឹង​ភ្លើង​ដែល​អាច​នាំ​ឱ្យ​រលាក។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​មួយ​របស់​សារព័ត៌មាន​ចិន Global Times។

ភាសា​របស់​លោក ស៊ី ជីនពីង ដូចនេះ គឺជា​សង្គ្រាម​វោហារសាស្ត្រ​ដោយ​ផ្ទាល់​របស់​ទីក្រុង​ប៉េកាំង​តែ​ម្ដង​នៅ​ចំពោះ​មុខ​មេដឹកនាំ​អាមេរិក​រូប​នេះ។ លោក ស៊ី បាន​ប្រាប់​លោក បៃដិន ទៀត​ថា កុំ​រុញ​ឱ្យ​តៃវ៉ាន់​ដើរ​ជាន់​បន្ទាន់​ក្រហម​ឱ្យ​សោះ គឺ​គ្រោះថ្នាក់។

នៅ​ខណៈ​ដែល​មេដឹកនាំ​ទាំង​ពីរ​កំពុង​តែ​បង្ក​សង្គ្រាម​ពាក្យ​សម្ដី​វាយប្រហារ​គ្នា​នេះ សារព័ត៌មាន​របស់​តៃវ៉ាន់ Taiwan news បាន​ចុះផ្សាយ​ថា នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា កងទ័ព​រំដោះ​ប្រជាជន​ចិន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​យ៉ាងតិច ៦​គ្រឿង ឱ្យ​ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់។ នេះ​ជា​ការ​ដាក់​សម្ពាធ​ថ្មី​ទៀត​របស់​ទីក្រុង​ប៉េកាំង។

រដ្ឋាភិបាល​ទីក្រុង​តៃប៉ិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដោយ​ព្រមាន​វិញ​ថា សកម្មភាព​យោធា​របស់​ចិន​ដូចនេះ​វា​កំពុង​តែ​បង្ក​សញ្ញា​អាសន្ន​មក​លើ​ដែន​កោះ​តៃវ៉ាន់ ដែល​តៃវ៉ាន់​ក៏​ត្រៀម​ដើម្បី​ការពារ​ខ្លួន​ផង​ដែរ។ រយៈពេល​មួយ​ខែ ១៥​ថ្ងៃ​មក​នេះ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​បញ្ចេញ​របាយការណ៍​ដោយ​បាន​ប្រកាស​ថា ចិន​បាន​បង្ហោះ​យន្តហោះ​ចូល​ដែនអាកាស​តៃវ៉ាន់​យ៉ាងតិច ២០០​លើក។ ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​ព្រមាន​កុំ​ឱ្យ​កងទ័ព​ចិន​ធ្វើ​សកម្មភាព​ជ្រុល​មក​លើ​ដែន​កោះ​តៃវ៉ាន់ ដែល​នឹង​នាំ​ឱ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ជា​យថាហេតុ។

តែ​យ៉ាងណា ជំនួប​កំពូល​រវាង​លោក បៃដិន និង​លោក ស៊ី ជីនពីង ក៏​បាន​នាំ​ឱ្យ​លោក បៃដិន ប្រាប់​ទៅ​លោក ស៊ី ថា អាមេរិក​នៅតែ​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​ចិន​តែ​មួយ គឺ​ទទួលស្គាល់​ចិន​ជា​រដ្ឋ​អធិបតេយ្យ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ជំទាស់​ដាច់ខាត​ការ​ខិតខំ​ព្យាយាម​របស់​ក្រុង​ប៉េកាំង ធ្វើ​សកម្មភាព​យោធា​ដោយ​ឯកតោភាគី​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់។ លោក បៃដិន បាន​បញ្ជាក់​ទៀត​ថា មិនមែន​មាន​តែ​អាមេរិក​ទេ​ដែល​ប្រឆាំង​ផែនការ​ណា​មួយ​របស់​កងទ័ព​ចិន​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

បើ​តាម​លោក បៃដិន គឺ​មាន​សម្ពន្ធភាព​របស់​អាមេរិក​ជាច្រើន​ទៀត​ក៏​ប្រឆាំង​សកម្មភាព​របស់​កងទ័ព​ចិន​ផង​ដែរ។ ដោយ​មើលឃើញ​ជំហរ​របស់​អាមេរិក​ដូចនេះ ក្រសួង​ការបរទេស​កោះ​តៃវ៉ាន់ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​ដោយ​កោតសរសើរ​លោក ចូ បៃដិន។ ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​ហៅ​ជំហរ​របស់​លោក ចូ បៃដិន ដែល​ប្រឆាំង​ចិន​មាន​ផែនការ​បំផ្លាញ​សន្តិភាព​ច្រកសមុទ្រ​តៃវ៉ាន់​នោះ ថា​ជា​សញ្ញា​បញ្ជាក់​ថា ទំនាក់ទំនង​អាមេរិក និង​តៃវ៉ាន់ គឺ​រឹង​ដូច​ថ្ម។

អ្វី​ដែល​ក្រសួង​ការបរទេស​តៃវ៉ាន់ សរសើរ​លោក បៃដិន ដូចនេះ ព្រោះ​តែ​មេដឹកនាំ​អាមេរិក​បាន​ប្រាប់​ទៅ​លោក ស៊ី ជីនពីង ថា ច្បាប់​ទំនាក់ទំនង​អាមេរិក-តៃវ៉ាន់ ឆ្នាំ​១៩៤៩ បាន​ចែង​ច្បាស់​អំពី​អន្តរាគមន៍​របស់​អាមេរិក​ដែល​ជួយ​តៃវ៉ាន់​ផ្នែក​មធ្យោបាយ​យោធា គឺ​ការ​ផ្គត់ផ្គង់​អាវុធ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ ការ​ហ្វឹកហ្វឺន​កងទ័ព​តៃវ៉ាន់ ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព​ដែន​កោះ​ក្នុង​ការ​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន។

ក្រសួង​ការបរទេស​តៃវ៉ាន់ បាន​បង្ហាញ​ជំនឿ​មុតមាំ​ថា យោង​តាម​ការ​ប្រកាន់​ជំហរ​របស់​លោក បៃដិន នៅ​ចំពោះ​មុខ​លោក ស៊ី ជីនពីង គឺ​តៃវ៉ាន់​នៅតែ​ទទួល​បាន​ការ​ទុកចិត្ត​ពី​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ជួយ​ការពារ​ដែន​អធិបតេយ្យ និង​លទ្ធិប្រជាធិបតេយ្យ​របស់​ដែន​កោះ​មួយ​នេះ។

យ៉ាងណា ប្រធានាធិបតី ស៊ី ជីនពីង អាយុ ៦៨​ឆ្នាំ និង​ប្រធានាធិបតី​អាមេរិក​អាយុ ៧៨​ឆ្នាំ​ដែល​បាន​ជួប​គ្នា​ក្នុង​ជំនួប​កំពូល​ជា​ថ្មី​ម្ដង​ទៀត​នេះ បាន​នាំ​ឱ្យ​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា លោក ស៊ី ជីនពីង ផ្ដើម​នូវ​ពោល​ពាក្យ​អនុស្សាវរីយ៍​ថា លោក បៃដិន ជា​មិត្ត​ចាស់​របស់​ចិន ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង កាលពី​ឆ្នាំ​២០១៣។ ប៉ុន្តែ​សម្រាប់​លោក ចូ បៃដិន ដូចជា​មិន​ចាប់អារម្មណ៍​នូវ​ការ​ពោល​ពាក្យ​របស់​លោក ស៊ី ដូចនេះ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស