22 C
Phnom Penh

អាស៊ាន​ទាត់​ចោល​សំណើ​ចិន សុំ​ឱ្យ​មេ​រដ្ឋប្រហារ​ភូមា​ចូលរួម​ប្រជុំ​កំពូល​ចិន-អាស៊ាន

បទវិភាគ

ចិន នៅតែ​ព្យាយាម​ចង់​ឱ្យ​មេដឹកនាំ​របប​សឹក​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចន្ទ ទី​២២ ខែ​វិច្ឆិកា ប៉ុន្តែ​ទាំង​ចិន និង​របប​សឹក​ភូមា បន្ត​បាក់​មុខ​ម្ដង​ទៀត ព្រោះ​តែ​ក្រុម​ប្រទេស​៤ ក្នុង​សមាគម​អាស៊ាន បាន​សម្រេច​ទាត់​ចោល​ដោយ​ប្រាប់​ចិន​ថា មិន​អាច​ឱ្យ​តំណាង​របប​សឹក​មក​ចូលរួម​បាន​ឡើយ លុះត្រាតែ​របប​នេះ​អនុវត្ត​តាម​សេចក្ដី​សម្រេច ៥​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​ជា​មុន​សិន។

សេចក្ដី​សម្រេច ៥​ចំណុច​របស់​អាស៊ាន​ដែល​តម្រូវ​ឱ្យ​ពួក​យោធា​អនុវត្ត គឺ៖

  • ទី​១ ការ​បើក​ផ្លូវ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង
  • ទី​២ ការ​បញ្ចប់​អំពើ​ហិង្សា
  • ទី​៣ ការ​បើក​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​ភាគី​ក្រុម​ប្រឆាំង
  • ទី​៤ ទទួល​យក​ជំនួយ​មនុស្សធម៌
  • និង​ទី​៥ ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ។

សារព័ត៌មាន​ភូមា Irrawaddy បាន​ចុះផ្សាយ​ថា តំណាង​ចិន ដែល​បាន​ទៅ​ជួប​មន្ត្រី​ប្រទេស​ព្រុយណេ និង​សិង្ហបុរី បាន​ព្យាយាម​បញ្ចុះបញ្ចូល​ប្រាប់​ប្រទេស​ពីរ​នេះ​ថា កិច្ចប្រជុំ​ពិសេស​អាស៊ាន-ចិន លើក​នេះ គឺ​ពិសេស​ព្រោះ​តែ​ជា​ខួប ៣០​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​ចិន និង​អាស៊ាន ហើយ​ម្យ៉ាង​ទៀត​មាន​វត្តមាន​លោក​ប្រធានាធិបតី ស៊ី ជីនពីង។

តែ​បែប​នេះ​ក្ដី នៅតែ​មិន​ទទួល​បាន​ការ​យល់ព្រម​ពី​សមាជិក​អាស៊ាន​ដែល ៤​ប្រទេស​បាន​ទាត់​ចោល​សំណើ​របស់​ចិន។ ប្រទេស​៤ នេះ គឺ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និង​ព្រុយណេ។ សម្រាប់​ព្រុយណេ គឺជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​សម្រាប់​ភូមា គឺ​ក្នុង​ឆ្នាំ​នេះ​គឺជា​អ្នក​សម្របសម្រួល​កិច្ចប្រជុំ​អាស៊ាន-ចិន។ តាម​ប្រភព​ដដែល​នេះ មហាក្សត្រ​ព្រុយណេ Hassanal Bolkiah នឹង​ធ្វើជា​អ្នក​សម្របសម្រួល​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន។

មេដឹកនាំ​រដ្ឋប្រហារ​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ត្រូវ​បាន​សមាជិក​អាស៊ាន​សម្រេច​មិន​ឱ្យ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន គឺ​តាំងពី​កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា។ មេដឹកនាំ​អាស៊ាន​សម្រេច​ដូចនេះ គឺជា​ការ​ឆ្លើយតប​ព្រោះ​តែ​របប​សឹក​មិនព្រម​ឱ្យ​ប្រេសិត​អាស៊ាន​ជួប​អ្នកស្រី អ៊ុងសាន ស៊ូជី នៅ​ពេល​ដែល​ប្រេសិត​នេះ​ចង់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា កាលពី​ដើម​ខែ​កញ្ញា។

ដោយសារ​រឿង​នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​១៥ តុលា ដោយ​សម្រេច​ដាក់​ពិន័យ​លើ​ពួក​យោធា​ភូមា គឺ​មិន​ឱ្យ​មាន​តំណាង​ជាន់ខ្ពស់​ណា​មក​ចូលរួម​ប្រជុំ​នឹង​មេដឹកនាំ​អាស៊ាន​ឡើយ។

នៅ​ពេល​ដែល​អាស៊ាន​សម្រេច​ដូចនេះ គឺ​ចិន​ពុំ​បាន​ប្រតិកម្ម​អ្វី​ទេ គឺ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​អ្វី​ដែល​ចម្លែក គឺ​ចិន​បញ្ជូន​ប្រេសិត​ម្នាក់​របស់​ខ្លួន​ជា​ថ្មី​ម្ដង​ទៀត​ទៅកាន់​ប្រទេស​ភូមា កាលពី​សប្ដាហ៍​មុន​នេះ ដោយ​ប្រេសិត​បាន​ជួប​នឹង​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។

ក្នុង​ជំនួប​នោះ លោក Sun Guoxiang បាន​ស្នើ​ឱ្យ​លោក មីន អ៊ុងឡាំង អនុវត្ត​ប្រាំ​ចំណុច​របស់​អាស៊ាន​ឱ្យ​បាន ហើយ​ត្រូវ​បន្ធូរបន្ថយ​គំនាប​ទាំងអស់​ទៅ​លើ​គណបក្ស​ប្រឆាំង។ សំណើ​របស់​ចិន តាមរយៈ​ប្រេសិត​រូប​នេះ មិន​ទាន់​ឃើញ​ពួក​យោធា​ឆ្លើយតប​អ្វី​នោះ​ទេ ប៉ុន្តែ​សំណើ​របស់​ចិន​ដែល​សុំ​ឱ្យ​លោក មីន អ៊ុងឡាំង ចូលរួម​ប្រជុំ​ជាមួយ​លោក ស៊ី ជីនពីង ត្រូវ​បាន​អាស៊ាន​ទាត់​ចោល។

តែ​យ៉ាងណា សមាគម​អាស៊ាន​បាន​ប្រាប់​ប្រេសិត​ចិន​រូប​នេះ​ថា អាស៊ាន​យល់ព្រម​ឱ្យ​តំណាង​ស៊ីវិល​ម្នាក់​ដែល​មិន​ពាក់ព័ន្ធ​នយោបាយ អាច​ចូលរួម​ប្រជុំ​បាន ប៉ុន្តែ​ពួក​យោធា​មិន​បាន​ចាត់​តំណាង​ស៊ីវិល​ណា​ម្នាក់​មក​ប្រជុំ​នោះ​ទេ គឺ​តាំងពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​តាំងពី​ចុង​ខែ​តុលា។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី Teuku Faizasyah បាន​បញ្ជាក់​ថា ជំហរ​អាស៊ាន គឺ​មិន​ទន់ភ្លន់​នឹង​ពួក​យោធា​ភូមា​ទៀត​នោះ​ទេ ។ នេះ​គឺជា​សញ្ញា​មួយ​ដែល​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា អាស៊ាន​សម្រេច​ដូចនេះ​ដែល​ទាត់​ចោល​សំណើ​របស់​ចិន គឺ​បង្ហាញ​អំពី​អាស៊ាន​ប្រកាន់​យក​គោលការណ៍​វិធានការ​រឹង ជាជាង​សម្របសម្រួល​ទន់ភ្លន់​ដែល​នាំ​ឱ្យ​ពួក​យោធា​ភូមា មើល​រំលង​ឥទ្ធិពល​អង្គការ​ក្នុង​តំបន់​របស់​ខ្លួន។ ក្នុង​ន័យ​នេះ ភូមា​ក៏​បាក់​មុខ​ថែមទៀត ហើយ​ចិន​ក៏​បាក់​មុខ​ផង​ដែរ។

ជា​ការ​កត់សម្គាល់​នៅ​ឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ចិន​ពុំ​បាន​ជំទាស់​ទាល់តែសោះ​នូវ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​នេះ ដែល​បាន​ថ្កោលទោស​ពួក​យោធា​បង្ក​អសន្តិសុខ និង​វាយប្រហារ​ទៅលើ​ជនស៊ីវិល ដែល​បណ្ដាល​ឱ្យ​ស្លាប់​កើន​ឡើង​ជា​រៀងរាល់​ថ្ងៃ។

យោង​តាម​សមាគម​ជំនួយ​អ្នកទោស​នយោបាយ គឺ​ចាប់តាំង​ពី​ថ្ងៃ​រដ្ឋប្រហារ​ទី​១ កុម្ភៈ មក អ្នក​ស្លាប់​ដោយសារ​អំពើ​ហិង្សា​ក្រោម​ស្នាដៃ​របស់​ពួក​យោធា​ជាង ១៣០០​នាក់ និង​ចាប់​ខ្លួន​ជាង ១​ម៉ឺន​នាក់ ប៉ុន្តែ​ក្នុង​ចំណោម​អ្នក​ទាំងនេះ ពួក​យោធា​ដោះលែង​ជិត ៦​ពាន់​នាក់។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឱ្យ​ពួក​យោធា​ភូមា​អនុវត្ត​នូវ​គោលការណ៍​ប្រាំ​ចំណុច​របស់​សមាគម​អាស៊ាន ដោយ​ព្រមាន​ថា បើ​ពុំនោះទេ នឹង​យក​បញ្ហា​ភូមា​នេះ​មក​ដោះស្រាយ​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស